​ភ្នំពេញៈ ​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែត​ បានបង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះភាគីជប៉ុនក្នុងការរក្សា​ស្ថិរ​ភាព​បរិ​យាស​កាស​វិនិយោគ ព្រម​ទាំង​ច្បាប់​ស្តីពី​វិនិ​យោគ​ថ្មី ក៏ដូច​ជា​ការដាក់​ចេញ​នូវ​គោល​យោ​បាយ​ធានា​ការប្រកួ​តប្រជែង​ស្មើ​ភាព​ផងដែរ​ ខណៈ​ភាគី​ជប៉ុន​ក៏​បង្ហាញ​ចំណា​ប់​អា​រម្មណ៍​វិនិ​យោគ​លើ​វិស័យ​មួយ​ចំនួន​ដែរ​។​


​ការអះ​អាង​របស់​ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា​ដូច​នេះ​ធ្វើ​ឡើង​តាម​រយៈ​ជំនួប​ទ្វេ​ភាគី​រវាង​លោក​ ហ៊ុន ម៉ា​ណែ​ត​ និង​លោក​ តាកាហា​ស៊ី ហ្វូ​មី​អាគី​(TAKAHASHI FUMIAKI) ប្រធាន​សមា​គម​ជប៉ុន​-​កម្ពុជា និង​ជា​អតីត​ឯក​អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាល​ពី​ទី ​២១ ​ខែវិច្ឆិកា ​ឆ្នាំ​ ២០២៣​ នៅ​វិមាន​សន្តិ​ភាព​។ 

​យោ​ងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ខុទ្ទកា​ល័យ​នាយករ​ដ្ឋមន្ត្រី​នៅ​យប់​ថ្ងៃទី​ ២១ វិច្ឆិកា បាន​បញ្ជាក់​ថា៖ «​សម្តេច​ធិបតី​បាន​បញ្ជាក់​ពី​ការ​គាំទ្រនិង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក្នុង​ការរក្សា​​ស្ថិរ​ភាព​និង​ភាព​ប្រាក​ដនិយម​នៃ​បរិយា​កាស​វិនិ​យោគ​នៅ​កម្ពុជា​»​។​


​ជា​មួយ​គ្នា​នោះ ​លោក​ តាកាហាស៊ី​ ហ្វូ​មី​អាគី ក៏បាន​លើក​ឡើង​ដែរ​ថា សមា​គម​ជប៉ុន​-​កម្ពុជា កំ​ពុង​កៀរគ​រ និង​ជំរុញ​វិនិ​យោគិ​ន​ សហ​គ្រាស​ធុន​តូច និង​មធ្យម​(SMEs) ជប៉ុន ​ដែលមា​ន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេក​វិទ្យា​ទំនើប​មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​។ លោក​បន្ត​ថា សមា​គម​គ្រោង​បើក​ការិយា​ល័យ​នៅ​ភ្នំពេញ ​ដើម្បី​ជាម​ជ្ឈមណ្ឌល​កណ្តាលក្នុងការ​សម្រប​សម្រួល​ និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការ​ទាក់​ទង​គ្នា​រវាងSMEs ជប៉ុន និង​ដៃគូ​វិនិ​យោគ​ផង​ដែរ​។​

​ជាមួយគ្នានោះ លោក​តាកា​ហាស៊ី​ ក៏បានជម្រាបលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​ម៉ាណែ​ត ពី​ចំណាប់​អារម្មណ៍​របស់​គណៈ​ប្រតិភូ​វិនិ​យោគ​ជប៉ុន​លើ​ការ​វិនិ​យោគ​វិស័យ​មួយ​ចំនួន​ផង​ដែរ​ដូច​ជា​ អចលន​ទ្រព្យ​ កសិកម្ម ​កសាង​ផ្លូវ​បេតុង​ដោយ​បច្ចេក​វិទ្យា​ខ្ពស់ ​កសាង​ស្រះ​ទឹក​ដោយ​ប្រើ​ថង់​កៅ​ស៊ូ បើក​សា​លា​បណ្តុះ​បណ្តាល​ជួស​ជុល​យាន​យន្ត​ សាលា​បណ្តុះ​បណ្តាល​ជំនាញ​គិលានុប​ដ្ឋាក  សាលា​បច្ចេក​វិទ្យា​ព័ត៌​មាន និង​កិច្ច​សហ​ការ​ដោះ​មីន ជា​ដើម​។


ចំណែកលោក​ ហ៊ុន ម៉ា​ណែ​ត បាន​បង្ហាញ​ការស្វា​គមន៍​លើ​វិស័យ ​SMEs របស់​ជប៉ុន ដែល​វិស័យ​នេះ​ជា​គោល​ដៅ​ចម្បង​របស់​រដ្ឋាភិ​បាល​។ ទន្ទឹមនឹងនេះលោក​ក៏​ស្វាគមន៍​​គម្រោង​បើក​ការិយា​ល័យ​របស់ ​JCA នៅ​កម្ពុជា ក៏
ដូ​ចជា​ការ​សម្លឹង​ឃើញ​លើ​ការ​វិនិយោគ​របស់​គណៈ​ប្រតិ​ភូ​ជប៉ុន​នៅកម្ពុជាផងដែរ​។​

​ដោយ​ឡែក​កាល​ពី​ថ្ងៃទី​២០ ​ខែវិច្ឆិកា លោក​តាកា​ហា​ស៊ី ហ្វូ​មី​អាគី ក៏បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រាក់ សុខុន ​សមា​ជិក​គណៈ​កម្មា​ធិកា​រ​អចិន្ត្រៃយ៍​នៃ​គណៈក​ម្មាធិការ​កណ្តាល​គណបក្សប្រជាជនកម្ពុជាផង​ដែរ​ ដោយ
ភាគី​ទាំង​២ បាន​ប្តេជ្ញា​បន្ត​ពង្រឹង​ទំនាក់​ទំនង ​និង​កិច្ច​សហ​ប្រតិ​បត្តិការ​នឹង​គ្នា​ដើម្បី​ជំរុញ​ការ​វិនិយោគ និង​ធុរ​កិច្ច​

គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​លើក​ឡើងថា​ ស្ថានភាព​នយោ​បាយ​នៅ​កម្ពុ​ជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែ​ល​បង្ក​បរិយា​កាស​ល្អ​ដល់​ការ​វិនិយោគ​នានា​។ 

​លោក​បានបញ្ជាក់​ថា​៖«​វិនិយោគ​របស់​ជប៉ុន​មិន​ត្រឹម​តែ​បាន​ចូលរួ​មចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​បាន​ជំរុញ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ​តាម​រយៈ​ការបណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស​ផ្សេងៗ ដល់​និយោ​ជិត ​និង​វិស្វករ​កម្ពុជា ផងដែរ​»​។​

​លោក ​ស៊ឺន​ សម អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជាបាន​​ឱ្យដឹង​​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ​ថា ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា​និង​ជប៉ុនរយៈពេ​ល៧០​ឆ្នាំ​មក​នេះ ជា​​ទំនាក់​ទំនង​ដ៏​ល្អ ​ដែល​សឹងតែ​​មិន​មាន​បញ្ហា​អ្វី​ឡើយ ហើយ​ការ​វិនិ​យោគ​របស់​ជប៉ុន​នៅ​កម្ពុជា​វិញ​ក៏​ច្រើន​វិស័យ​ទៅ​ទៀត​។ 

​លោក​បាន​បន្ត​ថា ជប៉ុន​ត្រូវ​បាន​បណ្តា​សមាជិក​អាស៊ាន​រាប់​អាន​ជាខ្លាំ​ង​ដោយសា​រលក្ខ​ខណ្ឌ​អំណោយ​ផល​ផ្នែក​ការទូត​ជប៉ុន ​គោល​នយោ​បាយ​បែប​ថ្នាក់​ថ្នម​របស់​ជប៉ុន ​ជា​ពិសេស​សីល​ធម៌​ប្រជា​ជន​ជប៉ុន​។​

​លោក​បញ្ជាក់​ថា​៖ «​ដើម្បី​បង្កើន​ប្រយោ​ជន៍​ពី​ទំនាក់​ទំនង​ជា​មួយ​ជប៉ុន ​ជាពិសេស​ទាក់ទាញ​​ការវិនិ​យោគ រដ្ឋាភិ​បាល​កម្ពុជា​គួរ​បន្ថែម​កា​រអនុវត្ត​ផ្លូវ​ច្បាប់​ឱ្យបាន​កាន់​ខ្លាំង ​តួយ៉ា​ង​ការធ្វើ​សំណុំ​បែបបទ​នានា​ឱ្យមាន​ភាព​ស្មុគស្មា​ញ​តិច ​ព្រោះ​មុន​នឹង​គេ​មក​វិនិ​យោគ គេ​សិក្សា​ពី​បរិបទ​ប្រទេស​យើង​ច្រើន​ហើយ​»​។​

​ត្រង់​ចំណុច​នេះ លោ​ក ស៊ឺន សម ក៏បាន​ស្នើឱ្យ​​រដ្ឋាភិបា​ល​កម្ពុជា​ពិចារណា​កែ​សម្រួល​នីតិវិធី​និង​សំណុំ​បែប​បទ​មួយ​ចំនួន​ឱ្យ​មាន​ភាព​ងាយ​ស្រួល ចៀស​វាង​តម្រូវឱ្យ​អ្នកវិនិយោ​គ​ចំណាយ​ច្រើន​ទម្រាំ​ដាក់​ដំណើរ​ការ​ក្រុម​ហ៊ុន ជាពិសេស​ជុំវិញ​បញ្ហា​អំពើពុ​ករលួ​យ ការ​ចំណាយ​លុយ​ក្រោម​តុ​ជាដើមដែ​ល​អាច​ប៉ះ​ពាល់​ដល់​ជំនឿ​ទុក​ចិត្តក៏​ដូច​ជា​ចំណាប់​អារម្ម​ណ៍​របស់​វិនិយោគិន៕