ភ្នំពេញៈ ស្ថាប័ន​ចំនួន​ ៣ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា បង្កើត​កិច្ចសហប្រតិបត្តិការ និង​លើកកម្ពស់​ការគាំទ្រ​ពីគ្នា​ទៅវិញទៅមក ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​សមត្ថភាព ការសិក្សាអប់រំ ការបណ្ដុះបណ្ដាល ការស្រាវជ្រាវ និង​គម្រោង​កម្មវិធី​ផ្សេងៗ​ ដោយ​ផ្អែកលើ​គោលការណ៍​ពិគ្រោះ​យោបល់ ឯកភាព សមភាព យុត្តិធម៌ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​គូភាគី ទៅវិញទៅមក​។​


​ស្ថាប័ន​ទាំងនេះ រួមមាន សាលា​ភូមិន្ទ​រដ្ឋបាល​នៃ​ក្រសួង​មុខងារសាធារណៈ ក្រសួង​ព័ត៌មាន និង​សាលា​ជាតិ​គយ​ដែល​ពិធី​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយមាន​ការចូលរួម​ពី លោក ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារ សាធារណៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក  គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សាលា​ជាតិ​គយ​។​

​លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​នា​ពិធី​នោះ​ថា ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ សបញ្ជាក់​អំពី​ការផ្តល់​ជំនឿ​ទុកចិត្ត​មកលើ​សាលា​ភូមិន្ទ​រដ្ឋបាល ដែលជា​ស្ថាប័ន​មាន​វ័យ​ចំណាស់​មានបទពិសោធន៍​ក្នុងការ​បណ្តុះបណ្តាល​មន្ត្រី​រាជការ​ដើម្បី​បម្រើ​ការងារ​តាម​ស្ថាប័ន និង​អង្គភាព​នានា​។​


​លោកថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ នឹង​ផ្តល់​ជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ការរៀបចំ​ផែនការ​លម្អិត​ក្នុង​ទម្រង់​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​តែមាន​ភាពជិតស្និទ្ធ និង​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​សហ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ទំនុកចិត្ត​»​។​

​លោក​បាន​បន្តថា ការងារ​នេះ​គឺជា​ការចូលរួម​ក្នុង​ស្មារតី​បន្ត​កែទម្រង់​ស្ថាប័ន និង​អភិបាលកិច្ច​ឱ្យសម្រេចបាន​នូវ​រដ្ឋបាល​សាធារណៈ​មួយ ដែលមាន​សមត្ថភាព​ខ្ពស់ ខ្លាំង វៃឆ្លាត និង​ស្អាតស្អំ ហើយ​បំពេញការងារ​ក្នុង​ជីវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ ដែលជា​ចក្ខុវិស័យ​ដ៏​ច្បាស់លាស់ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​។​


​ឆ្លៀតឱកាស​នោះដែរ លោក ហ៊ុន ម៉ា​នី ក៏បាន​ថ្លែងអំណរគុណ​ទៅដល់​ក្រសួង​ព័ត៌មាន និង​សាលា​ជាតិ​គយ ក្នុងការ​ជឿជាក់​មកលើ​សាលា​ភូមិន្ទ​រដ្ឋបាល តាម​ពាក្យ​ថា «​ជំនឿ​ទុកចិត្ត​» ឬ «​ជំនឿ​ទុកចិត្ត​ដែល​បានមកពី​ប្រជាពលរដ្ឋ​» ត្រូវការ​ការអនុវត្ត​ជាប្រចាំ ហើយ​ត្រូវការ​ពេលវេលា​។

​លោក គុណ ញឹម ក៏បាន​លើកឡើង​ដែរ​ថា នេះ​គឺជា​វឌ្ឍនភាព និង​ការបោះ​ជំហាន​មួយ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​របស់​មន្ត្រី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​ក្នុងនោះ​សាលា​ជាតិ​គយ ក៏មាន​បេសកកម្ម​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ពង្រឹងសមត្ថភាព​មន្ត្រី និង​កិច្ចសហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​តាមរយៈ​អនុស្សរណៈ​នេះ សាលា​ជាតិ​គយ​នឹង​បាន​ក្លាយជា​ដៃគូ និង​ភាគី​មួយ​ក្នុងចំណោម​ស្ថាប័ន​ជាច្រើន ដែលជា​ដៃគូ​របស់​សាលា​ភូមិន្ទ​រដ្ឋបាល ​ដែលជា​សាលា​មួយ​ដែលមាន​វ័យ​ចំណាស់ ពោរពេញ​ទៅដោយ​បទពិសោធន៍ និង​ការកសាង​ធនធានមនុស្ស​នៅក្នុង​វិស័យ​សាធារណៈ​ផងដែរ​»​។​

​ទន្ទឹមនឹង​នោះដែរលោក នេត្រ ភក្ត្រា​ បាន​ថ្លែងថា ក្រសួង​ព័ត៌មាន​ប្រកាន់យក​នូវ​គោលការណ៍​ធំ​ចំនួន ២ ដើម្បី​លើកកម្ពស់​ការអនុវត្ត​យន្តការ និង​ប្រព័ន្ធ​ការងារ គឺ​ការកសាង និង​អភិវឌ្ឍ​ធនធានមនុស្ស ប្រកបដោយ​វិជ្ជាជីវៈ និង​គុណវុឌ្ឍិ និង​ការគិតគូរ​ពី​សុខុមាលភាព​មន្ត្រីរាជកា​រ រួមជាមួយ​នឹង​បញ្ហា​ពាក់ព័ន្ធ​មួយចំនួន ដែលជា​មូលដ្ឋាន​គាំទ្រ​ដល់​ការអភិវឌ្ឍ​មូលធន​មនុស្ស​។

​លោកថ្លែងថា ៖ «​ក្រសួង​ព័ត៌មាន​បាន​ប្រកាន់​គោលការណ៍​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិ​យា​ប័ន្ន និង​ប្រសិទ្ធ ភាព ក្នុងការ​ជ្រើសរើស​មន្ត្រី និង​គោលការណ៍​មាន​សមត្ថភាព​ត្រូវបាន​លើកទឹកចិត្ត​។ ខ្ញុំ​សង្ឃឹម​ដែរ​ថា ការចុះហត្ថលេខា​នេះ​នឹងមាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​សកម្ម ដើម្បី​រួមចំណែក​ដល់​ដំណើរការ​បង្កើន​សមត្ថ​ភាព​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន តាមរយៈ​ការចូលរួម​កសាង​ចំណេះដឹង​ជំនាញ​បន្ថែម​ផងដែរ​»៕