ភ្នំពេញៈ ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​បានទទួល​ពានរង្វាន់​អង្គភាព​ឆ្នើម​ផ្នែក​គ្របដណ្តប់​ធានារ៉ាប់រង​ស្តីពី​ការពង្រីក​ការ​គ្របដណ្តប់​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ដល់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​។​


​ការទទួលបាន​ពានរង្វាន់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ដោយ​លោក ម៉េង ហុង អគ្គនាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ស្តីទី​នៃ​ក្រសួង​ការងារ បាន​ទៅទទួល​ពានរង្វាន់​នេះ ដោយផ្ទាល់​ដែល​ពានរង្វាន់​អង្គភាព​ឆ្នើម​នេះ ទទួលបាន​ពី​ប្រធាន​ផ្លាស់​វេន​នៃ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) ឆ្នាំ​២០២២-២០២៣​។​

​ក្រៅពី​ការទទួលបាន​ពានរង្វាន់​លោក ម៉េង ហុង ក៏បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់​អន្តរជាតិ​ស្តីពី «​ការទទួលយក​ភាព​ចម្រុះ ដើម្បី​កសាង​អនាគត​រួមគ្នា​» ព្រមទាំង​បាន​ចូលរួម ក្នុង​កិច្ចប្រជុំ​ប្រឹក្សា​ភិ​បាល​នៃ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) លើក​ទី ​៤០ ដោយមាន​តំណាង​ស្ថាប័ន​សន្តិសុខ​សង្គម​នៃ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) ចំនួន ២០​ស្ថាប័ន មកពី​បណ្តា​ប្រទេស​ទាំង ១០ ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ផងដែរ​។​


​តាមរយៈ​ការប្រកាស​ឱ្យដឹង​របស់​ក្រសួង​ការងារ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា លោក ម៉េង ហុង បាន​លើកឡើងថា នៅក្នុង​កិច្ចប្រជុំក្រុម​ប្រឹក្សា​ភិ​បាល​នៃ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) លើក​ទី​៤០ នេះ សមាជិក​ទាំងអស់​បាន​ពិនិត្យ និង​ពិភាក្សា​ពី​វឌ្ឍនភាព​នៃ​ផែនការ​សកម្មភាព​ឆ្នាំ​២០២២-២០២៣ របស់​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) និង​ផែន​សកម្មភាព​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៣-២០២៤ របស់​សមាគម​ផងដែរ​។​

​លោក ហេង សុផាន់​ណា​រិ​ទ្ធិ អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​បេឡា​ជាតិ​សន្តិសុខ​សង្គម បានថ្លែងនា​ពិធី​ផ្សព្វផ្សាយ​ការដាក់ឱ្យ​អនុវត្ត​រប​ប​សន្តិសុខ​សង្គម ​ផ្នែក​ថែទាំ​សុខភាព​ តាម​របប​ភាគទាន​ ដោយ​ស្ម័​គ​ចិត្ត សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ថា ប​.​ស​.​ស បានចាប់ផ្តើម​យុទ្ធនាការ​ ៣០​ ថ្ងៃ​ ដើម្បី​ផ្សព្វ​ផ្សាយ​​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត។​


​លោក​បាន​ថ្លែងថា គិត​ត្រឹម​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុមការងារ​បាន​ចុះបញ្ជិកា​សមាជិក​ប​.​ស​.​ស ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សរុប​ចំនួន​ ៧៥ ៧៧០​ នាក់ ក្នុងនោះ​បុគ្គល​ស្វ័យ​និ​យោជន៍ សរុប ​៧៥ ៧១៦​ នាក់ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស ចំនួន​ ៥៤​ នាក់​។​

​លោក​បាន​បញ្ជាក់ថា​៖«​គិត​ត្រឹម​ថ្ងៃទី២១ ខែវិច្ឆិកា​ដែរ សមាជិក​ប​.​ស​.​ស ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត បាន​ទៅប្រើ​ប្រាស់​សេវា​មាន​ចំនួន​ ៧ ៧០១​ ដង ដែល​ចំណាយ​​តាវ​លិ​ក​ទូទាត់​ជាមួយ​ខាង​សុខាភិបាល​ មាន​ចំនួន ​៣៣០ ​លាន​រៀល​»​។​

​លោក ហេង សុផាន់​ណា​រិ​ទ្ធិ ថ្លែងទៀតថា គិត​រហូតមក​ដល់ពេលនេះ ប​.​ស​.​ស​ កម្ពុជា ទទួលបាន​ពានរង្វាន់​អង្គភាព​ឆ្នើម​ស្តីពី​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ចំនួន ៧ ​រួចមក​ហើយពី​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) ហើយ​ពាន់រង្វាន់​អង្គភាព​ឆ្នើម​ដែល​ទទួលបាន​នាពេលនេះ គឺជា​ពានរង្វាន់​ទី​៨ ដែល​ប្រធាន​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) បាន​ផ្តល់ជូន​។​

​នា​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី ការរៀបចំ​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា​ ឆ្នាំ​២០២៤-២០២៨​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា លោក ហេង សួរ បាន​ជំរុញ​ឱ្យ​មន្ត្រី​ ប​.​ស​.​ស បង្កើន​ការផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​អំពី​គោលនយោ​បាយ​​គាំទ្រ​របស់​រាជរដ្ឋាភិបាល ដើម្បី​ពង្រីក​វិសាលភាព​ការអនុវត្ត​ជូន​សមាជិក ប​.​ស​.​ស ឱ្យ​កាន់តែច្រើន ជាពិសេស​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ដល់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស ។​

​លោក​បាន​ថ្លែង​​ថា​៖«​ការពង្រីក​វិសាលភាព បើសិនជា​គ្មាន​ការផ្សព្វផ្សាយ គ្មាន​បង្រៀន​ទេ​ ជួនកាល​បងប្អូន​យើង​យល់ថា អាហ្នឹង​វា​ជា​បន្ទុក​។ តែ​ខ្ញុំ​គិតថា វា​មិនមែនជា​បន្ទុក​ទេ ជាពិសេស​ខ្ញុំ​ចង់​អំពាវនាវ​ដល់​តំណាង​បងប្អូន​កម្មករនិយោជិត បន្ត​ផ្សព្វផ្សាយ​ដល់​កម្មករនិយោជិត​ដែលមាន​កូនតូច ហើយ​បង់​ភាគទាន​បេស​ឡា​ជាតិ ១៥ ៦០០​រៀល ក្នុង​១ខែ​នេះ ប្រហែលជា​គាត់​ចំណេញ​ច្រើនជាង​ខាត​»​។​

​បេឡា​ជាតិ​សន្តិសុខ​សង្គម កម្ពុជា​ធ្លាប់​ធ្វើជា​ប្រធាន​ផ្លាស់​វេន​នៃ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) លើក​ទី​៣៧, អង្គភាព​ធានា​រ៉ាប់​រង​គ្រោះថ្នាក់​ការងារ​សម្រាប់​កម្មករ​និយោជិត (BPJS Ketenagakerjaan) នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើជា​ប្រធាន​ផ្លាស់​វេន​លើក​ទី​៣៨, អង្គភាព​សន្តិសុខ​សង្គម​ឡាវ (LSSO) ធ្វើជា​ប្រធាន​ផ្លាស់​វេន​លើក​ទី​៣៩ ហើយ​លើក​ទី​៤០ ដែល​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ គឺ​មូលនិធិ​សន្និច្ច័យ​សម្រាប់​កម្មករ​និយោជិត (EPF) នៃ​ប្រទេស​ម៉ាឡេស៊ី ធ្វើជា​ប្រធាន​ផ្លាស់​វេន នៃ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) បន្ទាប់ពី​អង្គភាព​សន្តិសុខ​សង្គម​នៃ​ប្រទេស​ឡាវ​ផងដែរ​៕