ភ្នំពេញៈ របាយការណ៍​របស់​អង្គការ​ទេសន្ដរប្រវេសន៍​អន្ដរជាតិ (IOM) បាន​រកឃើញ​ជន​ចំណាកស្រុក​នៅ​កម្ពុជា ប្រឈមមុខ​នឹង​ឧបសគ្គ​ជាច្រើន​ក្នុងការ​ទទួលបាន​សេវា​ថែទាំ​សុខភាព ដើម្បី​បង្ការ​ជំងឺឆ្លង ខណៈដែល​របាយការណ៍​នេះ​ក៏បានផ្ដល់​អនុសាសន៍​ក្នុងការ​បង្កើត​គោលនយោបាយ​រួម​ប​ញ្ជូ​ល​ជន​ចំណាកស្រុក​ផងដែរ​។​


​ការរកឃើញ​បែបនេះ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​នៅក្នុង​​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ដែលជា​ខេត្តមាន​ព្រំដែន​ជាប់ប្រទេស​ថៃ ប្រទេសវៀតណាម និង​ប្រទេសឡាវ ជា​ប្រទេស​ដែលមាន​ប្រជាជនខ្មែរធ្វើ​ចំណាកស្រុក​ទៅ​រស់នៅ និង​ប្រកបការងារ​។

​នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​អង្គការ IOM ដែលមាន​ចំណង​ជើងថា «​ជំងឺឆ្លង និង​ការទទួលបាន​សុខភាព​ក្នុងចំណោម​ជន​ចំណាកស្រុក​នៅ​កម្ពុជា​» ដែល​បានចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន និង​អ្នកសារព័ត៌មាន​ទទួលបាន​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣​ ​បានឱ្យដឹងថា ជន​ចំណាកស្រុក​សរុប​ចំនួន ៤៦២​ នាក់ ​មកពី​ខេត្ត​ចំនួន​ ៥ ​នៅ​កម្ពុជា បានធ្វើ​ការស្ទង់មតិ​ទៅលើ​ចំណេះដឹង និង​ឥរិយាបថ ពី​ការផ្ដល់សេវា​ទាក់ទង​នឹង​មេរោគ​អេដស៍​/​ជំងឺអេដស៍ ជំងឺរបេង ជំងឺ​រលាក​ថ្លើម​ប្រភេទ B ជំងឺ​រលាក​ថ្លើម​ប្រភេទ C ជំងឺគ្រុនឈាម គ្រុនចាញ់ និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​។​


​ប្រភព​ដដែល​បន្តថា លទ្ធផល​ស្ទង់​មតិ​នេះ រកឃើញថា ជន​ចំណាកស្រុក កំពុង​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​ទាំង​ការយល់ដឹង ភាសា កង្វះខាត​គោលន​យោបាយ យុទ្ធសាស្ត្រ​ជាតិ ដែល​រួមបញ្ចូល​ជន​ចំណាកស្រុក​។ ទន្ទឹមនឹងនេះដែរ ក៏បាន​រកឃើញថា ការអប់រំ ផ្សព្វផ្សាយ​ទាក់ទង​នឹង​ជំងឺ​ទាំងអស់នោះ​ក៏បាន​ថយចុះ​ដែរ ហើយ​អត្រា​នៃ​ការធ្វើ​តេស្ត​ស្វែងរក​ជំងឺ​ទាំងនេះ ក៏​មិនមាន​ជន​ចំណាកស្រុក​ណា​ម្នាក់​ធ្លាប់បាន​ធ្វើតេស្ត​រក​ផង​ទេ​។​

​របាយការណ៍​បញ្ជាក់ថា​៖ «​ជន​ចំណាកស្រុក ប្រឈមមុខ​នឹង​ឧបសគ្គ​ជាច្រើន​ក្នុងការ​ទទួលបាន​សេវា​ថែទាំ​សុខភាព​សំខាន់ៗ ដោយសារ​កត្តា​មួយចំនួន​រួមមាន ស្ថានភាព​ចំណាកស្រុក​មិន​ទៀងទាត់ ឧបសគ្គ​ភាសា កង្វះ​គោលនយោបាយ​សុខភាព​រួមបញ្ចូល​ជន​ចំណាកស្រុក និង​លទ្ធភាព​មិនអាច​សម្រេច​បាន​នូវ​គោលដៅ​សុខភាព​សកល​ដូចជា ការ​ការពារ​និង​បង្ការ​ជំងឺឆ្លង​ផ្សេងៗ​»​។  


​ប្រភព​ដដែល​ថា ហេតុនេះ​ធ្វើឱ្យមាន​អត្រា​ឈឺ និង​ការស្លាប់​ខ្ពស់​ក្នុងចំណោម​ជន​ចំណាកស្រុក ជាពិសេស​ក្នុងស្ថានភាព​ចំណាកស្រុក​ខុសច្បាប់ ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម គឺជា​ការព្រួយបារម្ភ​ផ្នែក​សុខភាព​ដែល​ភាគី​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​។​

​អង្គការ IOM បានលើកឡើង​ជា​អនុសាសន៍​ដែរ​ថា ដើម្បី​អាច​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ឧបសគ្គ​ទាំងអស់​បាន ក្រសួងសុខាភិបាល ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ ត្រូវបង្កើត​ទំនាក់ទំនង​ល្អជា​មួយអង្គ​ការ​ដៃគូ​ពាក់ព័ន្ធ ទៅលើ​ការគាំទ្រ អប់រំ និង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ជំងឺ​ទាំងអស់​ទៅកាន់​សហគមន៍​មូលដ្ឋាន ជាពិសេស​ក្រុម​ជន​គោលដៅ​។ លើសពីនេះ​ទៀត ត្រូវ​កសាង​គោលនយោបាយ យុទ្ធសាស្ត្រ​សម្រាប់​ការពារ​ជន​ចំណាកស្រុក និង​ពង្រឹង​ការអនុវត្ត​ផែនការ​ដែលមាន​ស្រាប់​តាំងពី​ថ្នាក់ជាតិ រហូតដល់​ថ្នាក់ក្រោម​ជាតិ​។​

​ប្រធាន​នាយកដ្ឋាន​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល លោក លី សូ​វ៉ាន់ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា មិនអាច​សុំអត្ថាធិប្បាយបាន​ទេ ដោយ​ហេតុ​ជាប់​ប្រជុំ​។​

​កាលពី​ខែកញ្ញា​កន្លងទៅ ក្រសួងសុខាភិបាល បានរៀបចំ​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​សុខភាព​ជន​ទេសន្តរប្រវេសន៍ និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សុខភាព​ជន​ទេសន្តរប្រវេសន៍ ២០២២-២០៣០ ដោយមាន​ការគាំទ្រ​ពី​អង្គការ IOM​។ 
​តាមរយៈ​គោលនយោបាយ​ជាតិ និង​ផែនការ​យុទ្ធសាស្ត្រ​នេះ ក្រសួង​បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​សុ​ខ​ភាព​ជន​ទេសន្តរប្រវេសន៍​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​មួយចំនួន ក្នុងនោះ​បានការ​បង្កើត​ក្រុមការងារ​បច្ចេកទេស​សុ​ខ​ភាព​ជន​ទេសន្តរប្រវេសន៍ នៅ​ថ្នាក់ក្រោម​ជាតិ​សម្រាប់​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។​

​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នេះដែរ ក្រសួងសុខាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អាទិភាព​៩​ចំណុច រួមមាន​៖ ១. ការពង្រឹង​សមត្ថភាព​ស្ថាប័ន​ ២. ការពង្រឹង​សមត្ថភាព​ប្រព័ន្ធ​សុខាភិបាល និង​សេវា​សង្គមកិច្ច​ ៣. ការពង្រឹង​ប្រព័ន្ធ​ផ្តល់​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​នវានុវត្តន៍​ ៤. បង្កើន​ការអប់រំ​សុខភាព និង​ការផ្សព្វផ្សាយ​។​

៥. ការបង្កើន​គុណភាព នៃ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ អម​វេជ្ជសាស្ត្រ​ ៦. ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ពង្រឹង​ការផ្គត់ផ្គង់​ឱសថ បរិក្ខារ និង​ការបំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​ ៧. ការពង្រឹង​កិច្ចសហការ​ពហុ​វិស័យ និង​អន្តរ​វិស័យ ការចូលរួម​របស់​ស​ហគ​មន៍ និង​ការលើកកម្ពស់​ការទទួល​ខុសត្រូវ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ៨. កសាង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល រួមទាំង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​សកលលោក និង​ ៩. ការអភិវឌ្ឍ​សុខាភិបាល ឌីជីថល​៕