ភ្នំពេញៈ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានណែនាំឱ្យមន្រ្តីជាប់កិច្ចសន្យា របស់រដ្ឋបាលរាជធានីភ្នំពេញ ខិតខំបំពេញការងារឱ្យបានត្រឹមត្រូវ និងថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញឱ្យបានកាន់តែមានប្រសិទ្ធភាព ដើម្បីចៀសវាងកុំឱ្យមានការរិះគន់ពីប្រជាពលរដ្ឋ។
លោកបានថ្លែងដូចនេះ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសលោកប្រគល់ និងឧបត្ថម្ភឯកសណ្ឋានថ្មី ដល់មន្រ្តីជាប់កិច្ចសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ ចំនួន ៣០០ នាក់ ដើម្បីប្រើប្រាស់ក្នុងការចូលរួមបំពេញការងារ ដោយសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ក្នុងការថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។
លោកបានលើកឡើងថា៖«ការផ្លាស់ប្តូរឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យានេះ មានការគាំទ្រពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិ និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីឱ្យបងប្អូនមន្រ្តីជាប់កិច្ចសន្យា បំពេញការងារប្រកបដោយការទទួលខុសត្រូវចំពោះការងាររបស់ខ្លួន និងចូលរួមសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញផងដែរ»។
ទាក់ទិននឹងការផ្តល់ឯកសណ្ឋាននេះដែរ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែវិច្ឆិកា បានប្រាប់ថា មន្ត្រីជាប់កិច្ចសន្យា ដែលទទួលបានឯកសណ្ឋានទាំងអស់នេះ នឹងត្រូវពង្រាយឱ្យជួយសម្រួលចរាចរណ៍នៅតាមទីតាំងដែលមានការកកស្ទះខ្លាំង ប៉ុន្តែពួកគាត់មិនមានតួនាទី ក្នុងការចាប់ឃាត់ ផាកពិន័យអ្នកបើកបរល្មើសចរាចរណ៍ឡើយ។
លោក សំ វិច្ឆិកា បានថ្លែងថា៖ «ទីតាំងដែលមានការប្រឈមការកកស្ទះខ្លំាង គឺត្រូវមានវត្តមានរបស់គាត់ត្រូវដោះស្រាយ ជាមួយនគរបាលផ្លូវគោករាជធានីភ្នំពេញ»។
លោកលើកឡើងថា នៅពេលដែលមន្ត្រីកិច្ចសន្យាទាំងអស់នោះ អនុវត្តមិនត្រឹមត្រូវក្នុងប្រការណាមួយ ឬមិនគោរពតាមការណែនាំ របស់ថ្នាក់ដឹកនាំ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងហៅពួកគាត់ដែលល្មើសនោះ មកអប់រំ ណែនាំ ប៉ុន្តែបើពួកគាត់ប្រព្រឹត្តល្មើសធ្ងន់ធ្ងរ នឹងត្រូវបណ្តេញចេញពីមន្ត្រីជាប់កិច្ចសន្យា។
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ី មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ ប៉ុន្តែលោកធ្លាប់បានប្រាប់ថា រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ច គួរបង្កើនចំនួនមន្ត្រីជាប់កិច្ចសន្យា ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីដាក់ពង្រាយនៅតាមទីតាំង និងគោលដៅដែលមានការកកស្ទះចរាចរណ៍ខ្លាំង ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ អាចធ្វើដំណើរបានដោយស្រួល។
លោកថ្លែងថា៖ «ការខុសគ្នាលើឯកសណ្ឋាន គឺជារឿងមួយ ប៉ុន្តែសំខាន់លើការអនុវត្ត ជាពិសេសមន្ត្រីកិច្ចសន្យាគួរតែផ្តោតសំខាន់លើការសម្រួលចរាចរណ៍នៅតាមទីតាំងដែលកកស្ទះខ្លាំង ហើយបន្ថែមមន្ត្រីជាប់កិច្ចសន្យា ឱ្យបានសមស្រប និងឱ្យបានច្រើន ដើម្បីសម្រួលចរាចរណ៍នៅតំបន់កកស្ទះមួយចំនួន ជាពិសេសនៅពេលល្ងាច ដែលយើងឃើញមានការកកស្ទះខ្លាំង»។
សូមរំឭកដែរថា រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីខែកញ្ញាកន្លងទៅ បានកែសម្រួលឯកសណ្ឋានថ្មីដល់មន្រ្តីជាប់កិច្ចសន្យា ដែលជាមន្រ្តីជំនួយការ ចូលរួមសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍៕