ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំស្តីពី“ការយល់ដឹងពីការប្រើប្រាស់សញ្ញានានា ក្នុងវិស័យកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា” ដើម្បីគាំទ្រដល់វិស័យឯកជន ក្នុងការលើកកម្ពស់ស្តង់ដាផលិតផលបង្កើនភាពប្រកួតប្រជែង និងពង្រីកទីផ្សារ។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី ដោយមានការចូលរួមទាំងផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ ពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធសមាគមធុរកិច្ច សហគ្រាសធុនតូច និងមធ្យម និងម្ចាស់សិប្បកម្មប្រមាណជា ៧០០នាក់។
សិក្ខាសាលានេះត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ នឹងបញ្ជ្រាបចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀតពីការប្រើប្រាស់សញ្ញានានាលើវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា ជូនចំពោះបណ្តាក្រុមហ៊ុន សហគ្រាសដែលផលិតផលិតផលនៅក្នុងប្រទេសកម្ពុជា។
លើសពីនោះ វាក៏ជាវេទិកាមួយ សម្រាប់ម្ចាស់សហគ្រាសស្វែងយល់ពីអត្ថប្រយោជន៍នៃការអនុលោមតាមស្តង់ដា និងការស្នើសុំសញ្ញានានាបិទលើផលិតផលរបស់ខ្លួន។ នេះបើយោងតាមក្រសួងឧស្សាហកម្មនៅថ្ងៃទី២២ ខែវិច្ឆិកា។
លោករដ្ឋមន្ត្រីបានលើកឡើងក្នុងកម្មវិធីបើកសិក្សាសាលានោះថា៖ «ក្រសួងមានសមត្ថកិច្ច រួមចំណែកធានាសុវត្ថិភាពនៃផលិតផល ដោយត្រូវត្រួតពិនិត្យ និងផ្តល់ជូននូវសញ្ញានានា ដើម្បីបញ្ជាក់ពីផលិតផលមានស្តង់ដា ឬមានគុណភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ពិសេសសហគ្រាសស្ថិតក្នុងវិស័យកម្មន្តសាល និងផលិតកម្ម»។
ក្រសួងបានបញ្ជាក់ថា សញ្ញានានាដែលក្រសួងផ្តល់ជូនវិស័យឯកជនមានដូចជា៖ សញ្ញាពាក់ព័ន្ធនឹងស្តង់ដា សញ្ញាពាក់ព័ន្ធនឹងមាត្រាសាស្ត្រ សញ្ញាពាក់ព័ន្ធនឹងគោលការណ៍«ស៥» សញ្ញាពាក់ព័ន្ធនឹងឧស្សហកម្មបៃតង និងសញ្ញាពាក់ព័ន្ធនឹងការចុះបញ្ជីផលិតផល«ចបផ»ជាដើម។ សញ្ញាទាំងនេះមានសារៈសំខាន់ ប៉ុន្តែការយល់អំពីសញ្ញាទាំងនេះនៅមានកម្រិតនៅឡើយ ក្នុងចំណោមម្ចាស់សហគ្រាស។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងជាអ្នកសម្របសម្រួលសិក្ខាសាលានេះ ក៏បានលើកឡើងផងដែរថា សម្រាប់សហគ្រាសដែលមានលទ្ធភាពទទួលបានសញ្ញាទាំងនេះផលិតផលរបស់ពួកគាត់ នឹងងាយចរាចរណ៍លើទីផ្សារក្នុងស្រុកពិសេសក្នុងផ្សារទំនើប ឬទីផ្សារអនឡាញ ដែលក្រសួងស្ថាប័នបានរៀបចំ។ លើសពីនោះ ផលិតផលទាំងនោះក៏អាចមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងទីផ្សារក្នុងពិភពលោកបានទៀតផង។
ក្នុងកិច្ចខិតខំប្រឹងប្រែងគាំទ្រវិស័យឯកជន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើការសម្រួល បញ្ចុះតម្លៃ និងច្របាច់បញ្ចូលសេវាសាធារណៈមួយចំនួន។ ក្នុងនោះរួមមានការបន្ទាបតម្លៃសេវាក្នុងកម្រិតសមស្របចំនួន ៥៦ សេវា ការបំប្រួមរយៈពេលផ្តល់សេវាឆាប់ជាងមុនចំនួន ១៩៩ សេវា ការបង្កើនរយៈពេលសុពលភាពនៃសេវាចំនួន ៤៩ សេវា និងការលុបចោលសេវាចំនួន ១៦ សេវា ផងដែរ។ ក្រសួងក៏កំពុងតែធ្វើសាមញ្ញកម្មនីតិវិធី និងបន្តដាក់សេវាកម្មភាគច្រើនរបស់ខ្លួនតាមប្រព័ន្ធអ៊ីនធឺណិត៕