កែប: ស្ថិតនៅតាមបណ្តោយឆ្នេរដ៏ស្អាតនៃប្រទេសកម្ពុជា ខេត្តកែបកំពុងត្រៀមរៀបចំពិធីបុណ្យសមុទ្រ ដែលគេទន្ទឹងរង់ចាំជាខ្លាំង ពីព្រោះវាជាព្រឹត្តិការណ៍កម្សាន្ដទាក់ទាញភ្ញៀវទេសចរ និងផ្ដល់ក្ដីសង្ឃឹមដល់ម្ចាស់អាជីវកម្មនៅក្នុងខេត្ដមួយនេះ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបឱ្យដឹងថា ពិធីបុណ្យសមុទ្រជុំទី៣ ដែលធ្វើឡើងនៅថ្ងៃទី១ ទី២ និងទី៣ ខែធ្នូ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រដ្ឋបាលខេត្ដកែប បានសហការជាមួយក្រសួង និងស្ថាប័នថ្នាក់ជាតិសំខាន់ៗ ជាពិសេស ក្រសួងទេសចរណ៍។ រដ្ឋបាលខេត្ដរៀបចំទីតាំងសហការការពារសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្ដរជាតិ ក៏ដូចជា សុវត្ថិភាពនាយករដ្ឋមន្ដ្រី។
លោក ពិសិដ្ឋ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «បុណ្យសមុទ្ររយៈពេល ៣ ថ្ងៃ (ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ធ្នូ) នឹងមានភ្ញៀវមិនតិចជាង ១០ ម៉ឺននាក់ នោះទេ។ វាមានកត្ដាជាច្រើន ដែលនាំឱ្យបងប្អូនប្រជាពលរដ្ឋមកលេង គឺកត្ដាសន្ដិភាព បង្ការទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ ១៩ ការណែនាំដល់បងប្អូនអាជីវករ និងសេវាកររក្សាបាននូវសេចក្ដីថ្លៃថ្នូរ របៀបរៀបរយ រាក់ទាក់ និងសុច្ចរិតភាព»។ រដ្ឋបាលខេត្ដបានណែនាំដល់អាជីវករនិងពលរដ្ឋវេចខ្ចប់កាកសំណល់ឱ្យបានល្អចៀសវាងការចោលសំរាម ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំដ៏ទូលំទូលាយមួយដល់មន្ទីរទេសចរណ៍ខេត្តជាប់មាត់សមុទ្រនៃខេត្តព្រះសីហនុ កោះកុង កំពត និងកែប ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាបាននូវបទពិសោធន៍ប្រកបដោយសុវត្ថិភាពការស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្បូរបែបសម្រាប់ភ្ញៀវទេសចរ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ឱ្យដឹងថា បុណ្យសមុទ្រ ដែលឆ្នាំនេះខេត្ដកែបជាម្ចាស់ផ្ទះគឺជាកម្មវិធីត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យទេសចរណ៍ និងផ្ដល់ការកម្សាន្តដល់ភ្ញៀវទេសចរទាំងជាតិនិងអន្ដរជាតិ។
ក្រសួងបានឱ្យមន្ទីរជាសេនាធិការបន្ដធ្វើការណែនាំដល់ប្រតិបត្ដិករមូលដ្ឋានរក្សាតម្លៃសេវាកម្មទាំងអស់ឱ្យនៅធម្មតាអំឡុងពេលបុណ្យសមុទ្រដើម្បីស្វាគមន៍ភ្ញៀវ ក៏ដូចជាពលរដ្ឋចូលរួម។
លោក សុភ័ក ឱ្យដឹងថា៖ «មុនពិធីបុណ្យសមុទ្រចូលមកដល់យើងមានការពង្រឹងគុណភាពផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចផងដែរ»។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្ដកែប បានឱ្យដឹងថា បច្ចុប្បន្ននៅខេត្តកែបមានបន្ទប់សណ្ឋាគារផ្ទះសំណាក់ប្រមាណ ១ ៦០០ បន្ទប់ ដែលចំនួននេះ មិនគ្រប់គ្រាន់សម្រាប់ការស្នាក់នៅរបស់ភ្ញៀវមកចូលរួមក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនោះទេ។ ក្រៅពីក្រសួង ស្ថាប័ន រដ្ឋបាលខេត្ដ ក្រុមយុវជន ស.ស.យ.ក ក៏បានសហការដើម្បីឱ្យពិធីបុណ្យសមុទ្រនេះដំណើរការទៅដោយរលូន។
មន្តស្នេហ៍ខេត្ដកែប
ខេត្ដកែប ដែលប្រៀបបានជាត្បូងមួយគ្រាប់របស់ប្រទេសកម្ពុជា មានភាពល្បីល្បាញដោយសារសម្រស់ធម្មជាតិ និងការទាក់ទាញវប្បធម៌។ ភាពទាក់ទាញដ៏សំខាន់មួយក្នុងខេត្តកែប គឺឆ្នេរដ៏ស្រស់ស្អាត ដែលឆ្នេរកែប បានផ្តល់ឱ្យអ្នកទស្សនានូវការសម្រាកដ៏ស្ងប់ស្ងាត់ជាមួយរលកបោកបក់តិចៗ និងឆ្នេរខ្សាច់រំលេចរូបសំណាកផ្សោត។ ខេត្តនេះក៏ល្បីល្បាញសម្រាប់ឧទ្យានជាតិកែប ជាឋានរមណីសម្រាប់អ្នកចូលចិត្តធម្មជាតិ មានដើមឈើដ៏ខៀវស្រងាត់ដែលល្អឥតខ្ចោះសម្រាប់ការឡើងភ្នំ និងមើលសត្វស្លាប រួមទាំងទិដ្ឋភាពដ៏ធំទូលាយនៃទេសភាពជុំវិញ។
ផ្សារក្តាមក្នុងខេត្តកែប ជាកន្លែងដែលអ្នកចូលចិត្តធ្វើម្ហូបមិនគួររំលងជាពិសេសក្តាមកែបដ៏ឆ្ងាញ់ ដែលស័ក្ដិសមជាមួយម្រេចកំពតដ៏ល្បីល្បាញ។ នៅឆ្នាំ ២០១៧ ពិធីបុណ្យសមុទ្រជុំទី២ សម្រាប់ខេត្តកែបមានការចូលរួមពីប្រជាពលរដ្ឋកន្លះលាននាក់។ នេះជាជោគជ័យដ៏សំខាន់មួយសម្រាប់ព្រឹត្តិការណ៍នេះ ដោយបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ និងរួមចំណែកក្នុងវិស័យទេសចរណ៍ និងវប្បធម៌ក្នុងតំបន់។ ពិធីបុណ្យសមុទ្រនៅខេត្តកែបឆ្នាំនេះ មើលឃើញនូវការអភិវឌ្ឍឆ្នេរសមុទ្រថ្មីមួយទៀតដែលជាគម្រោង «ឆ្នេរ ប្រវែង ២,៧ គីឡូម៉ែត្រលំដាប់ពិភពលោក»។
ផ្ទៃសមុទ្រ ជាទីកន្លែងសម្រាប់កីឡាមួយចំនួន ដូចជា ជិះទូកកាយ៉ាក់ និងជិះទូកលេង ទូកក្ដោង ម៉ូតូទឹក និងសកម្មភាពនៅមាត់សមុទ្រ រួមមាន បាល់ទះ បាល់ទាត់ និងយូហ្គា រួមជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ដែលបង្ហាញពីតន្ត្រីខ្មែរ របាំ ចម្អិនអាហារ និងសិល្បៈ។ កិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថានដូចជាការសម្អាតឆ្នេរ និងការដើរអប់រំបង្ហាញពីការអភិរក្ស ធ្វើឱ្យពិធីបុណ្យនេះក្លាយជាការអបអរសាទរដ៏រស់រវើកនៃបេតិកភណ្ឌឆ្នេរសមុទ្រដែលវិវត្តន៍របស់ខេត្តកែប។
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ ទើបដាក់ឱ្យប្រើប្រាស់ មានគោលបំណងប្រែក្លាយខេត្តកែប ទៅជាតំបន់ទេសចរណ៍ធម្មជាតិ និងជាគោលដៅប្រណីត។ ក្នុងពិធីសម្ពោធនោះ អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន បានឱ្យដឹងថា ផែនការនេះផ្ដោតលើសម្បត្តិធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខេត្តកែបដោយប្រកាន់ខ្ជាប់នូវការអនុវត្តទេសចរណ៍ប្រកបដោយនិរន្តរភាព សុវត្ថិភាព និងការប្រកួតប្រជែង។
យុទ្ធសាស្ត្រសំខាន់ៗនៃផែនការមេ រួមមាន ការបង្កើតកន្លែងទាក់ទាញថ្មីៗដូចជាទីលានវាយកូនហ្គោលការទស្សនាបាតសមុទ្រ និងកាស៊ីណូ ធ្វើឱ្យប្រសើរឡើងនូវកន្លែងដែលមានស្រាប់ ដូចជា សណ្ឋាគារ និងឆ្នេរ និងការផ្សព្វផ្សាយខេត្តកែបសម្រាប់ការធ្វើដំណើរប្រណីត ព្រឹត្តិការណ៍អាជីវកម្ម និងអាពាហ៍ពិពាហ៍។
បញ្ហាប្រឈមមុខជំនួញក្នុងពិធីបុណ្យសមុទ្រខេត្តកែប
ក្បែរផ្សារក្ដាម ស្ដ្រីអាជីវករម្នាក់កំពុងតែរៀបចំគ្រឿងសមុទ្ររស់រវើកនៅក្នុងទូកញ្ចក់ដើម្បីត្រៀមស្វាគមន៍ការមកកម្សាន្ដនៅខេត្ដដ៏តូចបំផុតរបស់ប្រទេសកម្ពុជាមួយនេះ។ ខុសសព្វមួយដងនៅពេលសួរនាំអំពីចំនួនភ្ញៀវ អ្នកស្រី ស្រីពៅ វីតា ម្ចាស់ភោជនីយដ្ឋាន ស្រីពៅ វីតា និយាយទាំងទឹកមុខស្រពោនថា អ្នកស្រីហាក់គ្មានរំពឹងថា ភោជនីយដ្ឋានរបស់អ្នកស្រីទទួលភ្ញៀវច្រើននៅក្នុងព្រឹត្ដិការណ៍បុណ្យសមុទ្រនោះទេ។
អ្នកស្រីថា៖ «ចាប់តាំងពីមុនបោះឆ្នោត ភ្ញៀវនៅតំបន់នេះហាក់ប្រែជាស្ងប់ស្ងាត់។ ទោះបុណ្យសមុទ្រកន្លងទៅមានភ្ញៀវច្រើនតែការលក់ដូរមិនច្រើនណាស់ណានោះទេ»។
ម្ចាស់ហាងលក់គ្រឿងសមុទ្ររូបនេះ បន្ដថា ក្នុងនាមជាអ្នកលក់ដូរ អ្នកស្រីនៅតែរំពឹងខ្ពស់ចំពោះវត្ដមានភ្ញៀវមកលេងបុណ្យសមុទ្រនៅខែក្រោយនេះ។ ប៉ុន្ដែអ្នកស្រីថា អ្នកស្រីមិនបានត្រៀមគ្រឿងសមុទ្ររាប់រយគីឡូដូចបណ្ដាបុណ្យកន្លងទៅនោះទេ ដោយអ្នកស្រីថា ឆ្នាំនេះអ្នកស្រីកាត់ស្ដុកគ្រឿងសមុទ្រជាងពាក់កណ្ដាលចេញ។
អ្នកស្រី វីតា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ដោយសង្កេតមើលតាំងពីបុណ្យភ្ជុំ នៅកែបនេះមិនមានភ្ញៀវច្រើនផង។ ដូច្នេះ ខ្ញុំសូមសំណូមពរឱ្យប្រជាជនមកលេងបុណ្យសមុទ្រឱ្យបានច្រើន»។
ម្ចាស់ផ្ទះសំណាក់ Kep Villa Hill Guesthouse អ្នកស្រី កែវ វីឡា បាននិយាយត្អូញត្អែរថា រហូតដល់ថ្ងៃនេះ ផ្ទះសំណាក់របស់អ្នកស្រីមិនទទួលបានការកក់អ្វីទាល់តែសោះដោយខុសស្រឡះពីព្រឹត្ដិការណ៍មុនៗ ដែលអ្នកស្រីត្រូវបិទការទទួលកក់ពីរបីខែមុន។
ជាផ្ទះសំណាក់សម្បូរភ្ញៀវបរទេស ដែលមានតម្លៃចាប់ពី ២៥ ទៅ ៦០ ដុល្លារ អ្នកស្រី វីឡា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «កាលពីឆ្នាំមុនៗអំឡុងកូវីដ មានភ្ញៀវតិកតក់ច្រើនជាងឥឡូវ។ សូម្បីតែបុណ្យភ្ជុំកន្លងទៅ ផ្ទះសំណាក់ខ្លះ អត់មានភ្ញៀវផងមានតែមួយ ឬពីរបន្ទប់ប៉ុណ្ណោះ រកតែលុយបើកប្រាក់ឱ្យបុគ្គលិកគ្មានផង។ រីសតនៅមាត់សមុទ្រ និងរីសតលំដាប់ថ្លៃៗ គេមានភ្ញៀវច្រើនជាងយើង»។ អ្នកស្រីសំណូមពរដល់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ជួយផ្សព្វផ្សាយឱ្យភ្ញៀវទេសចរមកលេងខេត្ដកែប ដោយអ្នកស្រីអះអាងថា អាជីវកម្មនៅខេត្ដកែបនេះប្រឈមមុខនឹងការដាច់បាយ។
អ្នកនាង ម៉េង ឡាឌី អ្នកគ្រប់គ្រងរីសតមាលា (Melea Re-ort) ក្បែរមាត់សមុទ្រកែប បានទទួលស្គាល់ថា ប្រមាណ ៣ ខែចុងក្រោយនេះ ចំនួនភ្ញៀវមកស្នាក់នៅរីសតមានការធ្លាក់ចុះខ្លាំង តែមិនដល់ថ្នាក់អត់សោះនោះទេ។ អ្នកនាង បានឱ្យដឹងថា ជារៀងរាល់ឆ្នាំចាប់ពីខែវិច្ឆិកា ចំនួនភ្ញៀវមានការកើនឡើងដែលរីសតត្រូវប្រើតារាងតម្លៃផ្សេងទៅតាមរដូវកាល។ ប៉ុន្ដែដោយសារភ្ញៀវនៅមានចំនួនតិច សេវាកម្មបន្ទប់នៅរក្សាចន្លោះពី ៤០ ទៅ ៧០ ដុល្លារ។
អ្នកនាងឡាឌី បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «នៅទីនេះធ្លាក់ភ្ញៀវច្រើនគ្រប់ទីកន្លែង។ ខ្ញុំមិនសូវរំពឹងថា នឹងមានភ្ញៀវច្រើនអំឡុងពេលបុណ្យសមុទ្រនោះទេ ដោយសារតែកត្ដាចម្បងគឺបុណ្យអុំទូក និងបុណ្យសមុទ្រត្រូវបានរៀបចំឡើងកៀកគ្នាពេក និងហាក់មិនសូវមានគេដឹងច្រើន អំពីបុណ្យសមុទ្រនេះ»។
លោក សុភ័ក ថ្លែងទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលផ្ដល់ឱកាសងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវពិតជារឿងសំខាន់ដែលក្រសួងទេសចរណ៍ធ្វើការសម្របសម្រួល ជាពិសេស ទាក់ទងនឹងផ្លូវថ្នល់ ជាចំណែកមួយបង្អាក់ដំណើររបស់ភ្ញៀវ។ លោកលើកឡើងថា ការរៀបចំពិធីបុណ្យសមុទ្រគោលបំណងចម្បងគឺការទាក់ទាញភ្ញៀវឱ្យមកចូលរួមច្រើន ជាផ្នែកមួយនៃការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ទាំងអំឡុងពេលពិធីបុណ្យ និងក្រោយពិធីបុណ្យ។
លោក សុភ័ក ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «មូលដ្ឋានអាជីវកម្ម ប្រតិបត្ដិករទេសចរណ៍និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវជួយពង្រឹងបដិសណ្ឋារកិច្ច ផលិតផល និងតម្លៃ ដោយកែលម្អអ្វីដែលធ្លាប់មានបញ្ហា។ ខេត្ដកែបត្រូវបានដាក់ជាគោលដៅទេសចរណ៍ប្រណីត គឺជាភាពទាក់ទាញមួយចម្បង»។
ឆ្លើយនឹងសំណួរថាបុណ្យសមុទ្រត្រូវបានរៀបចំឡើងកៀកនឹងពិធីបុណ្យអុំទូក លោក សុភ័ក យល់ឃើញថា វាអាស្រ័យលើលទ្ធភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ដោយពួកគេអាចទៅលេងកម្សាន្ដបែបវិលល្ងាច ឬស្នាក់នៅតាមថវិកាពីព្រោះវាជាកម្មវិធីសប្បាយ៕