ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ក្នង​រយៈ​​ពេល ៣​​ ខែ​កន្លងមកនេះ លោក​បានធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ទាក់ទាញ​គម្រោង​កម្ចី​ជា​រឿង​ ១ ​ផ្នែក ប៉ុន្តែ​ក្រៅពីនោះ​លោក​ក៏បាន​ទាក់ទាញ​ការវិនិយោគ​បរទេស និង​លើកស្ទួយ​ការវិនិយោគ​ក្នុងស្រុក​ផងដែរ​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវ​​ជាតិ​លេខ​ ៥ (​ព្រែក​ក្តាម​-​បាត់​ដំ​​បង​)​ និង​បើក​ការដ្ឋាន​កំណាត់​ផ្លូវជាតិ​លេខ​ ៥ (​សិរីសោភ័ណ​-​ប៉ោយប៉ែត​) ​នៅ​ស្រុក​សាមគ្គី​មាន​​ជ័យ ខេត្តកំពង់ឆ្នាំង ព្រឹក​ថ្ងៃទី​ ២២ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។ ការលើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី គឺជា​ការឆ្លើយតប​ទៅនឹង​ការរិះគន់​មួយចំនួន ដែល​លោក​ថា មើលមិនឃើញ​ពី​គុណសម្បត្តិ​របស់​រាជ​រដ្ឋាភិបាល ហើយ​ជេរ​ស្តីថា ក្នុង​រយៈពេល​ ៣​ ខែ​មកនេះ រាជ​រដ្ឋា​ភិ​បាល​គ្មាន​ធ្វើ​អ្វី​ក្រៅពី​ដើរ​ខ្ចីលុយ​គេ​។​

​លោក​បញ្ជាក់ថា កា​រវិ​និ​យោគ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន គឺ​ប្រើប្រាស់​ធនធាន​ឯកជន​តាម​​រយៈ BOT ផ្សេងៗ ជាក់ស្តែង​ការ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ព្រលាន​យន្តហោះ​នៅ​ខេត្តសៀមរាប​មាន​ទំហំ​ទឹកប្រាក់​ជាង​ ១​ ពាន់​លាន​ដុល្លារ​ជា​ថវិកា BOT​។


លោក​ថ្លែងថា​៖ «​ការ​ទាញ​អ្នកវិនិយោគ​មក​កម្ពុជា តាមរយៈ​ក្រុមហ៊ុន​វិ​និ​យោគ​ផ្សេងៗ គឺ​ដើម្បី​បង្កើត​ដង្ហើម​សេដ្ឋកិច្ច​»​។

​កាលពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា លោក​ហ៊ុន ម៉ា​ណែ​ត បាន​ជួប​ជាមួយនឹង​អ្នកវិនិយោគ​ជប៉ុន​ជាច្រើនរូប ដែលមាន​គម្រោង​នៅក្នុង​ការ​​ពង្រីក​ការវិនិយោគ​លើ​វិស័យ​ជាច្រើន​ដូចជា ការបណ្តុះបណ្តាល និង​ផ្នែក​ព័ត៌មានវិទ្យា​ផ្សេងៗ​។


ក្នុង​រយៈពេល ៣ ​ខែ​នេះដែរ លោក​ក៏បាន​ធ្វើការ​ទំនាក់ទំនង ដើម្បី​បើក​ច្រក​ប្រទេស​សំដៅ​ទំនាក់ទំនង​​រវាង​ប្រជាជន និង​ប្រជាជន​ក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត​។ 

​លោក​ថា​៖ «​ក្នុង​រយៈពេល ៣​ ខែ​នេះ រដ្ឋាភិបាល​មិនបាន​ដក ហើយក៏​មិនបាន​ចេះតែ​ដើរ​ខ្ចីលុយ​គេ​នោះទេ ប៉ុន្តែ​យើង​ទាញ​នៅក្នុង​ផលិតផល​គ្រប់​រូបភាព​ទាំងអស់​ដើម្បី​បម្រើ​ប្រ​ជា​ពលរដ្ឋ ហើយ​ជាពិសេស​វិស័យ​ឯកជន គឺជា​ដង្ហើមធំ​ណាស់​»​។

​នៅក្នុង​បទ​អន្តរាគមន៍ កាល​ពីថ្ងៃ​ទី ២១ ខែវិច្ឆិកា នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ស្តីពី​សមិទ្ធផល ៣​ ខែ​ដំបូង​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​ ៧ លោក ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជា​អ្នកនាំពាក្យ​រដ្ឋា​ភិ​បាល បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២២ វិច្ឆិកា មាន​រយៈពេល ៣ ​ខែ​គត់ នៃ​ការចាប់ផ្តើម​បំពេញការងារ​របស់​រា​ជ​រដ្ឋាភិបាល​អា​​ណ​ត្តិ​ទី​ ៧ ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត​។

លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា រយៈពេល​ ៣ ​ខែ​នៃ​អាណត្តិ​ ៥​ ឆ្នាំ ពិតជា​ខ្លី​ណាស់ ប៉ុន្តែ បើ​និយាយ​ពី​សមិទ្ធផល​ដែល​សម្រេចបាន​គឺ​ធំធេង​ហួស​ពី​ការ​ស្មាន ពីព្រោះ​ក្រោយពី​រាជ​​រដ្ឋាភិបាល​កើត​ភ្លាម ធ្វើការ​ភ្លាម ធ្វើ​ដោយ​សកម្ម ដោយ​ឆន្ទៈ​មោះ​មុត និង​ប្រកបដោយ​ចក្ខុវិស័យ​។ ក្នុង​រយៈពេល ​៣ ​ខែ​មកនេះ រាជ​​រដ្ឋាភិបាល​សម្រេចបាន​សមិទ្ធផល​ធំៗ​ចំនួន​៦ រួមមាន ទី​១​ គឺ ការ​​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព​សង្គម នយោបាយ សេដ្ឋកិច្ច និង​ដំណើរការ​ជា​ប្រក្រតី នៃ​រដ្ឋបាល​សាធារណៈ រួមទាំង​ការអភិវឌ្ឍ​។  

​លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន​ម៉ា​ណែ​ត បាន​ធានា​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​សាង​ឡើង​ដោយ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ គឺ​អត់​មាន​ធ្វើឱ្យ​មានការ​ប្រែប្រួល​ត្រង់ចំណុច​ណា​ទៅជា​អវិជ្ជមាន​ទេ​»​។ 

​សមិទ្ធផល​ធំ​ទី​២ របស់​អ្នកដឹកនាំ​ជំនាន់​ថ្មី​ ៣ ខែ​នេះ​គឺជា​យុទ្ធសាស្ត្រ​បញ្ច​កោណ ដែល​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លើកដំបូង​កាលពី​ថ្ងៃទី​ ២៤​ សីហា លោក​ហ៊ុន ម៉ា​ណែ​ត បានប្រកាស​គោលនយោបាយ ​«​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១» ដោយមាន​មុំ​ ៥ គឺ​ការអភិវឌ្ឍ​មូលធន​មនុស្ស ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​បង្កើន​ភាព​ប្រកួត​​ប្រជែង​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ការងារ ការអភិវឌ្ឍ​ប្រកប​ដោយ​ភាព​ធន់ ចីរភាព និង​បរិ​យាប​ន្ន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​។ 

​ក្នុង​យុទ្ធ​សា​​ស្ត្រ​បញ្ច​កោណ រាជរដ្ឋាភិបាល បាន​ដាក់ចេញ​កម្មវិធី​គោលនយោបាយ​អាទិភាព​ចំនួន​ ៦ ​ដែល​ត្រូវអនុវត្ត​ជាបន្ទាន់​ក្នុង​ឆ្នាំ​ ២០២៣ ដើម្បី​ផ្តល់​ការថែទាំ​សុខភាព​ឆ្ពោះទៅ​ការ​គ្របដណ្តប់​ជាស​កល  ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​បច្ចេកទេស​ជូន​យុវជន​មកពី​គ្រួ​សារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ពង្រឹង​កម្មវិធី​ជាតិ​ជំនួយ​សង្គម​សម្រាប់​គ្រួសារ​ក្រីក្រ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លើកស្ទួយ​ផលិតកម្ម​កសិកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​តម្លៃ ព្រមទាំង​ពង្រាយ​មន្ត្រី​ជំនាញ​បច្ចេកទេស​កសិកម្ម​នៅតាម​ឃុំ​សង្កាត់​។ 

​បន្ថែម​លើ​នេះ​សមិទ្ធផល​ធំ​ទី​៣ របស់​រាជរដ្ឋាភិបាល​គឺ​ការ​​បង្កើត​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដែល​ពេលនេះ​ក្រសួងយុត្តិធម៌​កំពុង​រៀបចំ​បែបបទ​នីតិវិធី​ក្រម​ប្រតិ​ប​ត្តិ និង​ក្រមសីលធម៌​ដើម្បី​ផ្សព្វ​ផ្សាយ និង​អនុវត្ត​។ សមិទ្ធផល​ទី៤ គឺ​ក្នុង​រយៈពេល ៣ ​ខែ លោកនាយក​រដ្ឋមន្ត្រី​បាន​ចុះ​ជួប​សំណេះ​សំ​ណា​ល​ជាមួយ​កម្មករ​-​កម្មការិនី តាម​រោងចក្រ សហគ្រាស ក្នុង​រាជធានី ខេត្ត​ចំនួន ​១០ លើក សរុប​អ្នកចូលរួម​ជិត ២០ ​ម៉ឺន​នាក់​។​

​ក្នុងជំនួប​ទាំងនោះ​លោក​នា​យក​រដ្ឋមន្ត្រី បាន​ដោះស្រាយ​បញ្ហា​ច្រើនយ៉ាង​ជូន​កម្មករ​-​កម្ម​ការិនី មាន​ជាអាទិ៍ ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ឆ្នាំ​ ២០២៤ ឡើងដល់ ២០៤​ ដុល្លារ​ក្នុង​ ១ ខែ ជំរុញ​ដំណើរការ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខ​ភាព និង​សម្របសម្រួល​ឱ្យមាន​កម្មវិធី​បណ្ដុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំងប្រទេស​ចំនួន​ប្រមាណ ១ ​លាន ​៥ ​សែន​នាក់ ជាដើម​។

រីឯ​សមិទ្ធផល​ទី​៥ គឺ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចំនួន ៣​ លើក បានសម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​សំខាន់ៗ​ចំនួន​ជាង ​១០ ក្នុងនោះ​មានការ​ពិនិត្យ​និង​សម្រេច​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​។

សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​រដ្ឋលេខា​ធិ​​ការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និង​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ជាដើម​។ បន្ថែម​លើ​នេះ​សមិទ្ធផល​ទី ​៦ គឺ​វេទិកា​រាជ​​រដ្ឋាភិបាល​ជាមួយ​ផ្នែក​ឯកជន​។

​លោក​ យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា (RAC)​ ថ្លែងថា រាជរដ្ឋាភិបាល​អាណត្តិ​​ថ្មី​នៅ​មិនទាន់​សម្រេចបាន​លទ្ធ​ផល​ជា​ដុំកំភួន​នៅឡើយ​ទេ ព្រោះ​មាន​នយោបាយ​បន្ត​ពី​នីតិកាល​មុន​ច្រើន ទោះបីជា​រយៈពេល ៣ ​ខែ​មកនេះ រាជរដ្ឋាភិបាល បាន​ធានា​សន្តិភាព ស្ថិរភាព​ន​យោ​បាយ ស្ថិរភាព​សង្គម សណ្តាប់​ធ្នាប់ និង​ការអភិវឌ្ឍ ក៏ដោយ​ប៉ុន្តែ​គោលនយោបាយ​ផ្សេងទៀត ដូចជា​ការផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន ១​ លាន​ ៥​ សែន​នាក់ និង​ការដាក់​ពង្រាយ​មន្ត្រី​ជំនា​ញក​សិ​កម្ម​តាម​ឃុំ​សង្កាត់​ជាដើម សុទ្ធ​តែ​ទើប​ចាប់​ផ្តើមធ្វើ​។ 

​លោក​ថ្លែងថា​៖ «​កាលណា​ទើប​ចាប់​ផ្តើមធ្វើ ដូច្នេះ​លទ្ធផល​មិនទាន់​មើលឃើញ​ទេ អ៊ីចឹង​យើង​ត្រូវ​រង់ចាំ​បន្តទៀត រីឯ​បញ្ហា​ផ្សេងទៀត គឺ​បាន​ធានា​ស្ថិរភាព សុខ​សុវត្ថិភាព​សង្គម គឺជា​សមិទ្ធផល​មួយចំណែក​កិច្ចការ​អន្តរជាតិ​ធំៗ​មួយចំនួន​ដែល​រាជរដ្ឋាភិបាល​បាន​ចូលរួម​មាន មហាសន្និបាត​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​»៕