រតនគិរីៈ សម្រាប់​លោក សឿង ឡត ការយល់ដឹង​អំពី​អក្ខរកម្ម​ហិរញ្ញវត្ថុ គឺជា​ចំណេះដឹង​ដ៏​សំខាន់​មួយ​សម្រាប់​បងប្អូន​ជនជាតិភាគតិច​នៅ​កម្ពុជា ដោយសារតែ​ពួកគេ​ទទួលបាន​ការអប់រំ​កម្រិត​ទាប ​ដោយសារ​ពួកគេ​រស់នៅ​តាម​តំបន់​ជនបទ​ក្បែរ​ព្រៃភ្នំ និង​តំបន់​ដាច់ស្រយាល​នានា ជាពិសេស​សាលារៀន​រដ្ឋ​ក៏​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគេ​ផងដែរ​។​


​ក្នុងនាម​ជនជាតិដើម​ភាគតិច​គ្រឹ​ង​ម្នាក់ លោក សឿង ឡត ដែលមាន​វ័យ​ជិត ​៣០​ ​​ឆ្នាំ និង​មានកូន ​២​ នាក់​ក្នុង​បន្ទុកគ្រួសារ កំពុង​រស់នៅ​ភូមិ​ទុន ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្តរតនគិរី បានឱ្យដឹងថា ជនជាតិដើម​ភាគតិច​ភាគច្រើន​គឺ​មិនសូវ​យល់ច្បាស់​ពី​បញ្ហា​ហិរញ្ញវត្ថុ​នោះទេ ដោយសារតែ​ពួកគេ​ជាធម្មតា​ខ្ចីប្រាក់​ពី​មិត្តភក្ដិ និង​សាច់​ញាតិ​នៅក្នុង​ភូមិ​សម្រាប់​ចំណាយ​ឬ​ទិញ​សម្ភារ​ប្រើប្រាស់​មួយចំនួន​ដើម្បី​បម្រើ​ក្នុង​ការងារ​ធ្វើ​ចម្ការ​របស់​ពួកគេ​។​

​ហើយ​ពួកគេ​នឹង​សង​ត្រឡប់​វិញ​ជា​ថ្នូរ​នឹង​សត្វ ឬ​កសិផល នៅពេលដែល​ពួកគេ​ប្រមូល​ផល​។ ទោះបីជា​យ៉ាង​ណាក៏ដោយ ចាប់តាំងពី​ការមកដល់​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ជាពិសេស​ឥណ​ទាន​ជនបទ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក ពួកគេ​បាន​ប្តូរ​មក​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ ដោយសារ​ពួកគេ​គិតថា​វា​មាន​ភាពងាយស្រួល​ក្នុង​ការខ្ចី ដោយ​មិន​ខ្វល់​ពី​ហានិភ័យ​អ្វី​ទាំងអស់​។​


​លោក​បាន​បន្តថា រហូតមកដល់​ពេលនេះ លោក​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៤ ដង​ហើយ ដើម្បី​ទិញ​ឧបករណ៍ គ្រឿងយន្ត និង​រថយន្ត​ធុន​តូច​សម្រាប់​ការធ្វើ​ចម្ការកៅស៊ូ​។

លោក​បន្តថា ចាប់តាំងពី​ពេលនោះ​មក លោក​មិន​ដែលមាន​បញ្ហា​លើ​ការសង​ប្រាក់កម្ចី​នោះទេ ព្រោះ​លោក​អាច​គ្រប់គ្រង​ប្រាក់​បាន​យ៉ាង​ល្អ លើ​ការ លក់​ជ័រកៅស៊ូ​ជា​រៀងរាល់ឆ្នាំ​។​


​លោក ឡត ថ្លែងថា​៖ «​ខ្ញុំ​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ២០ លាន​រៀល​ក្នុង​មួយ​លើក ហើយ​គិត​ត្រឹម​ពេលនេះ គឺជា​លើក​ទី ៤ របស់ខ្ញុំ​ហើយ​សម្រាប់​យកមកប្រើ​ធ្វើ​ចម្ការកៅស៊ូ​។ ចាប់តាំងពី​ខ្ញុំ​ខ្ចី​មក ខ្ញុំ​មិនដែល​មាន​បញ្ហា​អ្វី​ទេ ខ្ញុំ​តែងតែ​ធ្វើ​ការសង​វិញ​ទាន់ពេលវេលា​»​។​

​ឈរ​នៅ​ពី​ទីកន្លែង​សហគមន៍​បង្រៀន​កម្មវិធី​អក្ខរកម្ម​ហិរញ្ញវត្ថុ​នៅ​ក្នុងភូមិ​ជាមួយគ្នា​ដែរនោះ លោក ញ៉ូ​វ វ៉ន អាយុ ៦០ ​ឆ្នាំ មានកូន ៨ នាក់ បានឱ្យដឹងថា គាត់​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ ហិរញ្ញ​វត្ថុ​ជាច្រើន​ដង​ចាប់តាំងពី​ឆ្នាំ ​២០១២ ដោយ​ខ្ចី​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ ដោយ​លោក​ខ្ចី​ម្ដង​ចំនួន ១ លាន​រៀល​ ដើម្បី​សាងសង់​ផ្ទះ និង​ផ្គត់ផ្គង់​គ្រួសារ​។ 

លោក​បន្តថា​៖ «​ខ្ញុំ​បាន​ខ្ចីប្រាក់​ចាប់​តាំង ពី​ឆ្នាំ ២០១២ ចំនួន​ប្រហែល ១ លាន​រៀល​ ដើម្បី​សាងសង់​ផ្ទះ​។ បើ​ខ្ញុំ​មិនមាន​កម្ចី​ទេ ខ្ញុំ​ក៏​មិនមាន​ផ្ទះ​សមរម្យ​សម្រាប់​កូនៗ​ខ្ញុំ​ដែរ​»​។​

​លោក​ថ្លែងថា​៖ «​មន្ត្រី​ទាំងនោះ​និយាយប្រាប់​ខ្ញុំ​មុនពេល​ខ្ញុំ​ទទួលយក​កម្ចី​ថា បើ​ខ្ញុំ​អត់​មាន​លុយ​សង​គេ​ទេ ពួកគេ​រឹបអូស​សត្វ​គោ និង​ក្របី​។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា​ខ្ញុំ​នឹង​លក់​គោ​និង​ក្របី​របស់ខ្ញុំ​ដើម្បី​យកមក​សង​ត្រឡប់​វិញ​។ ខ្ញុំ​មិនដែល​បង់ប្រាក់​យឺត​ពេល​ទេ ដោយសារ​ខ្ញុំ​យល់​អំពី​កាតព្វកិច្ច​របស់ខ្ញុំ បាន​ពី​ការរៀន​របស់ខ្ញុំ​ជាមួយនឹង​វគ្គ​បណ្តុះបណ្តាល​ក្នុងចំណោម​អ្នកភូមិ​ផ្សេងទៀត​អំពី​របៀប​គ្រប់គ្រង​ការ​ចំណាយ​របស់​យើង​»​។​

​អន្តរាគមន៍​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន

​លោក សូ វ៉ាន់​ធី​ន អភិបាលស្រុក​តា​វែង បានឱ្យដឹងថា នៅក្នុង​ស្រុក​លោក មាន​ឃុំ​ចំនួន ២ មាន​ ២០​ ភូមិ មាន​ប្រជាពលរដ្ឋ​ជាង ៨ ​ពាន់​នាក់ ឬ ៣០០ ​គ្រួសារ  ​ភាគច្រើន​ជា​ជនជាតិដើម​ភាគ​តិច ក្នុងនោះ​ជនជាតិដើម​ភាគតិច​គ្រឹ​ង​មាន​ចំនួន ៨០ ​ភាគរយ ដែល​ ៥០​ ភាគ​រយ​ជា​ស្ត្រី និង​ប្រក​បរបរ​ធ្វើ​កសិកម្ម​។​

​លោក​បន្តថា នៅ​ស្រុក​របស់លោក​មិនមាន​ការិយាល័យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នោះទេ ប៉ុន្តែ​មាន​មន្ត្រី​ឥណ​ទាន​ជាច្រើន​នាក់​មកពី​ទី​រួម​ខេត្ត​មក​ស្វែងរក​អតិថិជន​ដោយផ្ទាល់​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក​បានឃើញ​ការកើនឡើង​ចំនួន​អ្នកភូមិ​ដែល​ខ្ចីប្រាក់​ពី​ពួកគេ ខណៈ ដែល​ពួកគេ​គិតថា​ពួកគេ​អាច​ទទួល បាន​យ៉ាង​ងាយស្រួល​ជាង​ការខ្ចី​ពី​មិត្តភក្តិ ឬ​សាច់ញាតិ​។​

​លោក​ថ្លែងថា​៖ «​តាម​ការសង្កេត​របស់​ខ្ញុំ មុនពេល​យើង​ទទួលបាន​ការបណ្តុះបណ្តាល ពួកគេ​ចាប់អារម្មណ៍​ខ្លាំង​ក្នុងការ​ខ្ចីប្រាក់ ព្រោះ​វា​ងាយស្រួល ដូច្នេះហើយ​ពួកគេ​មិន​បារម្ភ​នឹង​ការសង​ប្រាក់​ត្រឡប់​វិញ​នៅពេលដែល​ពួកគេ​រកចំណូលបាន​ច្រើន​ពី​ព្រៃឈើ​។ ក្រោយមក យើង​បានទទួល​ពាក្យបណ្ដឹង​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ជូនដំណឹង​ឱ្យ​យើង​ជួយ​អន្តរាគមន៍​។ ចាប់តាំងពី​ពួកគេ​បានទទួល​ការអប់រំ ពួកគេ​មានការ​យល់ដឹង​ច្រើន​អំពី​ទំនួល​ខុសត្រូវ ហើយ​ពួកគេ​មួយចំនួន​បានសម្រេច​ចិត្ត​មិន​ខ្ចីប្រាក់​នោះទេ​។ រហូតមកដល់​ពេលនេះ យើង​មិនទាន់មាន​ទិន្នន័យ​អំពី​ចំនួន​គ្រួសារ​ដែល​ខ្ចីប្រាក់​នោះទេ ប៉ុន្តែ​នៅ​ពេលដែល​ពួកគេ​មាន​បញ្ហា ពួកគេ​មករក​យើង​ឱ្យជួយ​ពួកគេ​»​។​

​លោក​លើកឡើងថា​៖ «​ទាក់ទង​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ខ្ញុំ​ឃើញ​មាន​ស្ថាប័ន​មួយចំនួន​មក ផ្តល់​ការបណ្តុះ​បណ្តាល​អប់រំ​ពួកគេ​អំពី​ប្រាក់កម្ចី ដើម្បី​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព និង​ចៀសវាង​ការ​ជំពាក់​បំណុល វ័ណ្ឌក​»​។​

​លោក វ៉ាន់​ធី​ន បញ្ជាក់ថា​៖ «​ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន យើង​គាំទ្រ និង​លើកទឹកចិត្ត​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​អប់រំ​ក្រមសីលធម៌​ដល់​ពួកយើង ខណៈដែល​ចំនួន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កំពុង​កើនឡើង ដើម្បី​ចៀសវាង កុំឱ្យ​ពួកគេ​ក្លាយជា​អ្នក​ជំពាក់​បំណុល​វ័ណ្ឌក​»​។​

​បញ្ហា​កើតឡើង​ចំពេល​កម្ចី​សម្រាប់​ជនជាតិដើម​ភាគតិច​កើនឡើង​

កាលពី​ខែសីហា ឆ្នាំ​ ២០២៣ សមា​គម​ធនាគារ​នៅ​កម្ពុជា (ABC) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) កំពុង​ធ្វើ​សហការគ្នាជាមួយ​សមាជិក​ជុំវិញ​ការចោទប្រកាន់​ពីបទ​ធ្វើអត្តឃាត និង​ប៉ុនប៉ង​ធ្វើអត្តឃាត​ដោយសារតែ​ការ​តាម​ទារ​សំណង​ដោយ​បង្ខំ​ដោយ​មន្ត្រី​ឥណទាន​នៅ​ខេត្តរតនគិរី​។ 

​ដោយមាន​ការគាំទ្រ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ស្ថាប័ន​ទាំង​ ២ បន្ត​តស៊ូ​មតិ​យ៉ាង​មុត​មាំ​និង​ផ្តល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​លទ្ធភាព​ទទួលបាន​សេវា​ហិ​​រញ្ញ​វត្ថុ រួម​ជាមួយនឹង​ការធានា​ឱ្យ​សមាជិក​ទាំងអស់ ប្រកាន់ខ្ជាប់​នូវ​ការទទួលខុសត្រូវ​លើ​ការផ្តល់ប្រាក់​​កម្ចី និង​ក្រមសីលធម៌​របស់​យើង​។​

​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុបាន​បង្កើន​ចំណេះដឹង​សហគមន៍​

លោក Gordon Paterson មន្ត្រី​ទំនាក់ទំនង​សហគមន៍ ដែល​បាន​ស្នាក់​នៅក្នុង​ខេត្តរតនគិរី ធ្វើការ​ជាមួយ​ជនជាតិភាគតិច​តាំងពី​ឆ្នាំ ១៩៩៥ ទាក់ទង​នឹង​ការការពារ​សិទ្ធិ​សម្រាប់​ជនជាតិដើម​ភាគតិច​។​

​លោក​លើកឡើងថា​៖ «​ហេតុអ្វី​បានជា​ខ្ញុំ​ចាប់អារម្មណ៍​លើ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅទីនេះ ដែល​ទាក់ទង​នឹង​បំណុល និង​ហានិភ័យ ដូចជា​ជនជាតិដើម​ភាគតិច​ដែលមាន​ការអប់រំ​កម្រិត​ទាប​ជាង​ប្រជាជន​ធម្មតា​។ ទាក់ទង​នឹង​ប្រាក់កម្ចី ព្រោះ​វប្បធម៌​របស់​ពួកគេ​មិនចាំបាច់​សង​នោះទេ ជា​មូលហេតុ​ចាប់តាំងពី​ឆ្នាំ ២០១៦ មក ខ្ញុំ​និង​សហការី​របស់ខ្ញុំ មើលឃើញ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មក​ទីនេះ ហើយ​ខ្ញុំ​មើលឃើញថា វា​ជា​ហានិភ័យ​សម្រាប់​ពួកគេ បន្ទាប់មក​យើង​ណែនាំ និង​អប់រំ​ពួកគេ​អំពី​ការគ្រប់គ្រង​ប្រាក់​»​។​

​លោក​បញ្ជាក់ថា ដោយមាន​ការគាំទ្រ​ពី​ស្ថានទូត​កាណាដា​ប្រចាំរាជធានី​ភ្នំពេញ ធនាគារ ​ABA និង​ក្រុមហ៊ុន​រ៉ែ ​Angkor Gold បាន​បង្កើត​កម្មវិធី​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ស្របតាម​ធនាគារជាតិ​នៃ​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដើម្បី​ផ្តល់​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី​ដល់​ជនជាតិដើម​ភាគតិច​ដែល​ងាយ​រងគ្រោះ​នៅតាម​តំបន់​ជនបទ ក្នុង​ខេត្តរតនគិរី​។​

​លោក​បន្តថា សហគមន៍​ជនជាតិ ដើម​ភាគតិច​ប្រមាណ ៩០ ភាគរយ​កំពុង​ទទួលយក​ប្រាក់កម្ចី ខណៈ​ខ្លះទៀត​យក​កម្ចី​ពី​គ្រឹះស្ថាន​ផ្ដល់​កម្ចី​ក្រៅផ្លូវការ​ដែលមាន​អត្រា​ការប្រាក់​ខ្ពស់ ភាគច្រើន​ជា​ប្រាក់កម្ចី​គាំទ្រ​ដល់​ការធ្វើ​កសិកម្ម​។​

​លោក​ថា កាលពី​ឆ្នាំ ២០២២ និង ២០២៣ ដោយមាន​កិច្ចសហការ​ពី​ស្ថានទូត​កាណាដា និង ធនាគារ ABA បន្តការងារ​លើ​គម្រោង​នានា​។ រហូតមកដល់​ពេលនេះ លោក​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ចំនួន ៣១ ថ្នាក់​នៅក្នុង​សហគមន៍​ចំនួន ២៦ និង​ក្នុង​មួយ​ថ្នាក់ៗ​មាន​អ្នកចូលរួម​ប្រហែល ២៥ ទៅ ៤០ គ្រួសារ ហើយ​លោក​បាន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ចំនួន ៣៦ នាក់ ហើយ​លោក​នឹងមាន​រហូតដល់ ៥១ ថ្នាក់​ត្រឹម​ដំណាច់​ឆ្នាំនេះ​ផងដែរ​។​

​ការចូលរួម​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​

លោក ឈាង វុទ្ធី ប្រធាន​ផ្នែក​បណ្ដុះបណ្ដាល​ឥណទាន​នៅ​ធនាគារ​ ABA បាន​ទទួលស្គាល់ថា មាន​បញ្ហា​មួយចំនួន​បាន​កើតឡើង​ចំពោះ​ជនជាតិដើម​ភាគតិច ដោយសារ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយចំនួន​មិនបាន​ផ្តល់ព័ត៌មាន​ច្បាស់លាស់​អំពី​ប្រាក់​កម្ចី​ដល់​ពួកគេ ដោយសារ​ក្រុម​ជនជាតិដើម​ភាគតិច​ភាគច្រើន​មិនមាន​ចំណេះដឹង​គ្រប់គ្រាន់​អំពី​បញ្ហា​នេះ​ទេ​។​

​លោក​បញ្ជាក់ថា​៖ «​សម្រាប់​ពួក​យើង ក្នុងនាម​ជា​ធនាគារ​ឈានមុខ​គេ​មួយ យើង​តែងតែ​អនុវត្តតាម​ក្រមសីលធម៌​របស់​ឧស្សាហកម្ម​មួយ​នេះ​។ នោះ​ហើយ​ជា​មូល​ហេតុដែល​យើង​នៅទីនេះ​ដើម្បី​បង្រៀន​ពួកគេ​អំពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ច្បាប់ និង​បទ​ប្បញ្ញត្តិ​។ យើង​ព្យាយាម​បង្កើត​ចំណេះដឹង​សម្រាប់​ពួកគេ និង​របៀប​ទទួលបាន​កម្ចី និង​ការប្រើប្រាស់​ប្រាក់កម្ចី​»​។​

​លោក​បាន​បន្តថា​៖ «​យើង​តែងតែ​ធ្វើការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ម្តង​ក្នុង​មួយខែ ដើម្បី​ប្រាប់​ពួកគេ​អំពី​ការប្រើប្រាស់​ប្រាក់កម្ចី​ឱ្យបាន​ល្អ​»​។ លោក​បាន​បន្ថែមថា​ធនាគារ​របស់លោក​មិនបាន​ផ្តល់​កម្ចី​ខ្នាតតូច​នោះទេ ប៉ុន្តែ​ធនាគារ​ព្យាយាម​អប់រំ​ប្រជាជន​តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល​នេះ​។​

​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ បង្កើន​ចំណេះ​ដល់​សហគមន៍​

យោងតាម​លោក ឡត ចាប់តាំងពី​កម្មវិធី​អក្ខរកម្ម​ហិរញ្ញវត្ថុ​ដែល​ណែនាំ​ដោយ​ធនាគារ​ ABA តាមរយៈ​អង្គ​​ការមិន​រកប្រាក់​ចំណេញ​ក្នុងស្រុក​ដែល​បាន​ដាក់ឱ្យ​ដំណើរការ ដើម្បី​អប់រំ​ជនជាតិដើម​ភាគតិច​នៅក្នុង​ភូមិ​របស់លោក ពួកគេ​ភាគច្រើន​ទទួល បានការ​យល់ដឹង​ច្រើន​ស្ដីពី​ផែនការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​នៅក្នុង​គ្រួសារ​របស់​ពួកគេ​។​

​លោក​បន្ថែមថា​៖ «​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ទទួលបាន​ចំណេះដឹង​ខ្លះៗ​ពី​វគ្គ​បណ្តុះបណ្តាល (​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​)​ នេះ​។ ជាមួយនឹង​ការបណ្តុះបណ្តាល​នេះ ខ្ញុំ​អាច​ប្រើ​ប្រាស់​ប្រាក់កម្ចី​ប្រកបដោយ​ប្រសិទ្ធ​ភាព និង​ប្រើប្រាស់​បាន​ត្រឹមត្រូវ​។ ខ្ញុំ​អាច​គ្រប់គ្រង​បំណុល​របស់ខ្ញុំ​បាន​។ ខ្ញុំ​អាច​យល់​កាន់តែច្បាស់​អំពី​ការ​គ្រប់គ្រង​ចំណូល និង​ចំណាយ​»​។​

​លោក​បន្ថែមថា រាល់​រដូវ​ប្រមូល​ផល លោក​អាច​រកប្រាក់​ចំណូល​បាន ២០​ លាន​រៀល​ពី​ចម្ការកៅស៊ូ​របស់លោក ដែល​អាចឱ្យ​លោក​សង​ប្រាក់កម្ចី​របស់លោក​បាន​។

លោក​បញ្ជាក់ថា​៖ «​ជាមួយនឹង​ប្រាក់កម្ចី​នេះ វា​អាច​ក៏​ជា​ឱកាស​ក្នុង​ការផ្តល់​លទ្ធ​ភាព​ជួយ​លើកកម្ពស់​កម្រិតជីវភាព​គ្រួសារ​ខ្ញុំ និង​ការធ្វើ​ស្រែចម្ការ ព្រោះ​វា​ផ្តល់ឱកាស​ក្នុង​ការទិញ​ឧបករណ៍​ចាំបាច់​មួយចំនួន​»​។​

​បើ​យោងតាម​របាយការណ៍រ​បស់ NBC គិត​ត្រឹម​ខែមិថុនា ឆ្នាំ ២០២៣ ប្រទេស​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ​ចំនួន ៥៩ ធនាគារ​ឯកទេស​ចំនួន ៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន ៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ចំនួន​ ៨២ និង​គ្រឹះ​ស្ថាន​ឥណទាន​ជនបទ​ចំនួន​ ១១៨៕