ភ្នំពេញៈ ស្នងការដ្ឋាន​នគរបាល​រាជ​​ធានី​ភ្នំពេញ​នឹង​ប្រើប្រាស់​កងកម្លាំង​ប្រមាណ​ជា​ ៥​​ ពាន់​នាក់​ ដើម្បី​ការពារ​សន្តិ​​សុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ខណៈ​មន្ទីរ​សុខាភិបាល​ក្រុង​ក៏បាន​ត្រៀម​សេវា​សុខាភិបាល​ និង​ឡាន​សង្គ្រោះបន្ទាន់​ប្រមាណ​ជា​ ៧០​ គ្រឿង ​ក្នុងអំឡុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នៅ​ចុង​សប្តាហ៍​នេះ​ផងដែរ​។​


​តាមរយៈ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិ​​ភាព​ក្នុងឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដែល​ដឹកនាំ​ដោយ​លោក​ជួន ណា​រិន្ទ ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​បានដាក់​ចេញ​ផែនការ​សំខាន់ៗ​មួយចំនួន​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​ក្នុង​ពិធីបុណ្យ​នេះ​។​

​បើតាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២១ ខែវិច្ឆិកា លោក ជួន ណា​រិន្ទ បាន​ណែនាំ​ដល់​មេបញ្ជាការ​តាម​គោលដៅ​ត្រូវ​ចាប់ផ្តើម​ចុះ​ទៅដល់​គោលដៅ​ជាក់​​ស្តែង​ដែល​ត្រូវការពារ​ដើម្បី​បែងចែក​កម្លាំង​ការពារ​ឱ្យមាន​ការទទួលខុសត្រូវ និង​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​លើ​ការ​ប្រើ​កម្លាំង មធ្យោបាយ ភូមិសាស្ត្រ សភាពការណ៍ និង​គោលដៅ​ឈរជើង​ក្នុងការ​ឆ្លើយតប​ទៅតាម​សភាព​ជាក់ស្តែង​នៃ​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​។​


​លោក​បាន​បន្តថា ក្រៅពីនេះ មេបញ្ជាការ​ដឹកនាំ​តាម​គោលដៅ​ត្រូវ​ប្រើប្រាស់​កម្លាំង​ល្បាត ត្រួតពិនិត្យ ជាប្រចាំ​នៅ​តំបន់​ប្រារព្ធ​ពិធី​និង​ដាក់​កម្លាំង​ប្រចាំការ​នៅតាម​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ទាំង​ ១៤ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ជំនួយ​ចេញ​អន្តរាគមន៍​រាល់​សភាព​ការណ៍​ដែល​ត្រូវការ​ចាំបាច់​។​

​លោក ​ជួន ណា​រិន្ទ បាន​លើកឡើងថា​៖ «​សូមឱ្យ​កម្លាំង​ជំនាញ​គ្រប់គ្រង​មុខ​​សញ្ញា​ប្រមាណ ​៥ ​ពាន់​នាក់​ចូលរួម​ទប់​​ស្កាត់​អំពើ​លួច​ដើម្បី​ថែរក្សា​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត​ឱ្យ​សប្បាយរីករាយ និង​ដាក់​វេន​ប្រចាំការ​ទៅតាម​ទីបញ្ជាការ​ដឹកនាំ​គោលដៅ​នានា​រង់ចាំ​ទទួល​បណ្តឹង​និង​ចេញ​ដោះ​ស្រាយ​នៅពេល​ប្រជាពលរដ្ឋ​ប្តឹង​មក​សមត្ថកិច្ច​ដែលមាន​បញ្ហា​ផ្សេងៗ​»​។​


​បើតាម​លោក ជួន ណា​រិន្ទ កងកម្លាំង​ពាក់ព័ន្ធ​ក៏ត្រូវ​រៀបចំ​ចំណតរថយន្ត​សម្រាប់​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​នៅក្នុង​តំបន់​ខាងក្នុង​ព្រមទាំង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ទៅលើ​តំបន់​គោលដៅ​សំខាន់ៗ​ដែល​បាន​បិទ​មិនត្រូវ​អនុញ្ញាតឱ្យ​ម​ធ្យោ​បាយ​ណាមួយ​ចូលក្នុង​តំបន់​ប្រារព្ធ​ពិធី​នោះឡើយ​។​

ពិធីបាញ់កាំជ្រួចបណ្ដែតប្រទីប កាលពីឆ្នាំ ២០១៩។ហុង មិនា

​ទាក់ទង​នឹង​ពិធី​នេះដែរ លោក ងី​ មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ប្រាប់​នៅ​ថ្ងៃទី​ ២២ ខែវិច្ឆិកា​ដែរ​ថា មន្ទីរ​សុខាភិបាល​បាន​ត្រៀមកម្លាំង​សង្គ្រោះ​រួចរាល់​ហើយ​ក្នុងអំឡុង​ពិធីបុណ្យ​អុំទូក​ខាងមុខ​។​

​លោក​បាន​ឱ្យដឹងទៀតថា ក្នុងនោះ​មន្ទីរ​សុខាភិបាល​មាន​រៀបចំ​តង់​សម្រាប់​ព្យាបាល​ទៅតាម​តំបន់​គោលដៅ​សំខាន់ៗ​ដោយមាន​ក្រុមគ្រូពេទ្យ​និង​ឡាន​សង្គ្រោះបន្ទាន់​ផងដែរ​។​

​លោក​ ងី មាន​ហេង បាន​បញ្ជាក់ថា​៖ «​ក្នុងនោះ​ទាំង​ឡាន​សង្គ្រោះ​របស់​មន្ទីរ​សុខាភិបាល និង​របស់​ក្រសួង​សុខា​​ភិ​បាល​មាន​ប្រហែល​៧០​គ្រឿង​សម្រាប់​ដាក់​ក្នុងការ​ឆ្លើយតប​សង្គ្រោះ​អ្នកជំងឺ​។​យើង​ក៏មាន​ក្រុមគ្រូពេទ្យ ដើម្បី​ចុះ​អប់រំ​ដល់​អាជីវករ​ដែលជា​អ្នកលក់ដូរ​ចំណីអាហារ​នៅតាម​ពិធីបុណ្យ​ឱ្យ​ពួកគាត់​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ល្អ គ្រប​ទុក​​ដាក់​ម្ហូបអាហារ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បីឱ្យ​អ្នក​បរិភោគ​មាន​សុវត្ថិភាព​»​។​

​ក្រៅពី​ក្រុមគ្រូពេទ្យ​ចុះ​អប់រំ​ដល់​អ្នកលក់​ចំណីអាហារ ក៏មាន​ការអប់រំ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ការបង្ការ​ជំងឺអេដស៍ និង​ជំងឺឆ្លង​ផ្សេងៗ​ទៀតផង​ដែរ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក ងី មាន​ហេង​។​

​ជាមួយគ្នា​នោះដែរ​នៅ​ថ្ងៃទី ​២២ ខែវិច្ឆិកា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការងារ​ត្រៀម​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​​ភ្នំពេញ​ក្រោម​អធិបតី លោក ឃួ​ង​ ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ រួម​នឹង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​រាជ​ធានី​ភ្នំពេញ​ផងដែរ​។​

​ចំណែក រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង​ សួរ ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ពី​ការអនុវត្ត​ការឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ផងដែរ ដោយ​ក្រសួង​បាន​ណែនាំ​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស អនុញ្ញាតឱ្យ​កម្មករនិយោជិត​ឈប់សម្រាក​រយៈពេល​ ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ​២៦ ដល់ ​២៨ ខែវិច្ឆិកា ដោយ​មិន​កាត់​ប្រាក់​ឈ្នួល​ឡើយ​។​

​សូមបញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នៅ​ឆ្នាំនេះ ប្រព្រឹត្តទៅ​រយៈ​ពេល​ ៣ ​ថ្ងៃ នៅតាម​ដង​ទន្លេសាប​មុខ​ព្រះបរមរាជវាំង បន្ទាប់ពី​ពិធីបុណ្យ​នេះ​បាន​ខកខាន​អស់​ពេល​ ៣​ ឆ្នាំ​ ដោយ​​សារ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩៕