កំពង់ឆ្នាំងៈ ​រដ្ឋាភិបាល​កម្ពុជា និង​ស្ថានទូត​ជប៉ុន​បានរួម​គ្នា​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​​ ៥ (​ព្រែក​ក្តាម​-​បាត់ដំបង​)​ ប្រវែង​សរុប​ ២៤៦,១៥​ គីឡូម៉ែត្រ និង​ប្រកាស​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ ​៥ (​សិរី​សោភ័ណ​-​ប៉ោយប៉ែត​) ប្រវែង ៣៥,១៤ ​គីឡូម៉ែត្រ​ផងដែរ ក្រោម​ឥណទាន​សម្បទាន​ពី​​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​។​


​ពិធី​នេះ បាន​ប្រព្រឹត្តឡើង​នា​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​ ២២ ខែ​​វិច្ឆិកា ឆ្នាំ ​២០២៣ ក្រោម​អធិបតី លោកនាយក​រដ្ឋមន្ត្ រី​ហ៊ុន ម៉ា​​ណែ​ត និង​លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី (H.E Mr. UENO Atsushi)​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា រួម​នឹង​មន្ត្រី ប្រជា​ពលរដ្ឋ​ជាច្រើនរូប​ទៀត​។​

​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រី​​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​នា​ពិធី​នោះ​ថា កំណាត់​​ផ្លូវជាតិ​លេខ​ ៥​ ដែល​កំពុង​សម្ពោធ​ឱ្យប្រើ​ប្រាស់​នេះ ជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​ក្នុងចំណោម​សមិទ្ធផល​ជាតិ​សំខាន់ៗ​ជាច្រើន​នៅ​ទូទាំងប្រទេស ដែលជា​មរតក​មិនអាច​កាត់ថ្លៃ​បាន​ពី​រាជរដ្ឋាភិបាល​អាណត្តិ​មុន ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​។ លោក​ថា គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ ​៥ ពី​ដើមឡើយ មាន​ប្រវែង​សរុប ​៣៣០,៨៩ ​គីឡូម៉ែត្រ ចាប់ផ្ដើម​ពី​ស្ពាន​ព្រែក​ក្តាម ខេត្តកណ្តាល ដល់​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​​ជ័យ​។ 


​ក្នុងនោះ​បែងចែក​ជា ៣​ កំណាត់ រួមមាន​៖ កំណាត់​ផ្លូវ​ភាគ​ខាងត្បូង ​(​ព្រែក​ក្តាម​-​ធ្លា​ម្អម​), កំណាត់​ផ្លូវ​ភាគ​កណ្ដាល ​(​ធ្លា​ម្អម​-​បាត់ដំបង​)​ និង​កំណាត់​ផ្លូវ​ភាគ​ខាងជើង ​(​បាត់ដំបង​-​សិរី​សោ​ភ័ណ​)​។ លោក​ថា​៖ «​កំណាត់​ផ្លូវ​ជាតិ​លេខ​ ៥ បាន​ប្រើប្រាស់​រយៈ​ពេល​សាងសង់​សរុប​ចំនួន ៧​ ឆ្នាំ និង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៦៩១​ លាន​ដុល្លារ​អាមេរិក ដែលជា​ឥណទាន​សម្បទាន​ពី​​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​»​។​

​សូម​បញ្ជាក់ដែរថា កំណាត់​ផ្លូវ​​ភាគ​ខាងជើង​ (​បាត់ដំបង​-​សិរី​​សោភ័ណ​) បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២២ ក្រោម​អធិបតីភាព​លោក ហ៊ុន សែន​។ ដោយឡែក​កំណាត់​ផ្លូវ​ចំនួន​ ២ ​ទៀត គឺ​កំណាត់​ផ្លូវ​ភាគខាងត្បូង និង​ភាគ​កណ្ដាល​នេះ​បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ខែឧសភា ឆ្នាំ​ ២០២៣ និង​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃទី​ ២២ ខែវិច្ឆិកា​។​


​លោក ​ប៉េង ពោធិ៍​នា បញ្ជាក់ថា​៖ «​ចំពោះ​ថវិកា​សាងសង់​កំណាត់​ផ្លូវ​ទាំង​ ២ ​នេះ​បាន​ចំណាយ​ថវិកា​សរុប​ចំនួន​ ៤០៨,៤៣ ​លាន​ដុ​ល្លារ​អាមេរិក ក្នុងនោះ​កំណាត់​​ផ្លូវ​ភាគខាងត្បូង ចំណាយ​ថវិកា​ចំនួន ២៤៦,៥៣​ លាន​ដុល្លារ និង​កំណាត់​ផ្លូវ​ភាគ​កណ្តាល ចំណាយ​ថវិកា​ចំនួន ១៦១,៩០ លាន​ដុល្លារ ដែលជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហ​​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​​ជប៉ុន ​(JICA) រួមទាំង​ថវិកា​ប​ដិ​​ភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​»​។​

លោក ហ៊ុន ម៉ាណែត ​និងឯកអគ្គ​រាជទូតជប៉ុន ក្នុងពិធីសម្ពោធផ្លូវជាតិ​​លេខ ៥។ រូប SHS

​ឆ្លៀតឱកាស​នោះដែរ លោក​ក៏​បញ្ជាក់ដែរថា ចំពោះ​ការ​បើក​ការដ្ឋាន​សាងសង់​កំណាត់​​ផ្លូវជាតិ​លេខ​ ៥ ពី​សិរីសោភ័ណ​ទៅ​ប៉ោយប៉ែត មាន​ប្រវែង ៣៥,១៤ ​គីឡូម៉ែត្រ គឺជា​ការស្នើសុំ​បន្ថែម ដើម្បី​ត​ភ្ជាប់​ផ្លូវជាតិ​លេខ ​៥ ឱ្យទៅដល់​ក្រុង​ប៉ោយប៉ែត និង​ព្រំដែន​កម្ពុជា​-​ថៃ ​(​ប៉ោយប៉ែត​-​អារញ្ញ​ប្រាថេត​)​។

លោក​ឱ្យដឹងថា គម្រោង​នេះ​នឹង​ប្រើប្រាស់​រយៈ​ពេល​សាងសង់​ចំនួន ​៣២ ខែ និង​បញ្ចប់​នៅក្នុង​អំឡុង​ខែមីនា ឆ្នាំ​ ២០២៥ ដោយ​នឹង​ប្រើប្រាស់​ថវិកា​សាងសង់​ចំនួន ៥២,៥៦ ​លាន​ដុល្លារ​បន្ថែមទៀត​ ដែលជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន ​រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​​កម្ពុជា​មួយចំនួន​ផងដែរ​។​

​នៅក្នុង​ពិធី​នោះដែរ លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី (H.E Mr. UENO Atsushi) បាន​ថ្លែងថា រដ្ឋាភិបាល​ជប៉ុន​មាន​ការប្តេជ្ញា​ចិត្តជា​យូរ​មកហើយ​ក្នុង​ការពង្រឹង​ការតភ្ជាប់​ក្នុង​តំបន់​មេគង្គ​ហើយ​លោក​ពិតជា​រីករាយ​ក្រៃលែង​ដែល​បានធ្វើឱ្យ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​ ៥​ នេះ​។

ទន្ទឹមនឹង​ការបញ្ចប់​ការ​សាងសង់​ស្ពាន​ត្សឹ​បា​សា ឬ​ស្ពាន​អ្នក​លឿង​ក្នុង​ឆ្នាំ​ ២០១៥ ការបញ្ចប់​ការសាងសង់​ផ្លូវជាតិ​លេខ​ ១ ក្នុង​ឆ្នាំ​ ២០១៧ និង​ការ​បន្ត​ផ្តល់ជំនួយ​សម្រាប់​ការ​អភិ​​វ​ឌ្ឍ​កំពង់ផែ​ក្រុងព្រះសីហនុ និង​ការបញ្ចប់​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​ ៥​ នាពេលនេះ​នឹង​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការតភ្ជាប់​ក្នុង​តំបន់​ជារួម​។ 

​លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី ថ្លែងថា​៖ «​យើង​ក៏​ជឿ​ផងដែរ​ថា វា​នឹង​ជួយ​សម្រួល​ដល់​ការផ្លាស់ប្តូរ​ធនធានមនុស្ស និង​សម្ភារ ក៏ដូចជា​ទំនិញ​ឱ្យ​កាន់តែ​រលូន​ជាមួយនឹង​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ហើយនឹង​រួម​ចំណែក​ជំរុញ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ដ៏​ស័ក្តិ​សមដល់​ការវិនិយោគ​ឯកជន និង​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច និង​កម្រិត​រស់​​នៅ​នៅក្នុង​ប្រទេស​កម្ពុជា និង​តំបន់​មេគង្គ​ទាំងមូល​»​។​

​នា​ពិធី​សម្ពោធ​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែង​ដោយបាន​ចាត់ទុក​ការ​​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥​ជា​ផ្លូវការ​នេះ គឺជា​និមិត្តរូប​នៃ​​ការបន្ដ​ការអភិវឌ្ឍ និង​ពង្រឹង​សេដ្ឋកិច្ច​របស់​ជាតិ​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី បន្ដ​ពី​រាជរដ្ឋាភិបាល​នីតិកាល​ចាស់​។​

ផ្លូវ​ជាតិលេខ​​ ៥​ ត្រូវ​បាន​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការក្រោម​អធិបតីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត​​ កាលពីថ្ងៃម្សិលមិញ​​​​។ រូបថត STPM

​លោក​មានប្រសាសន៍ថា​៖ «​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​ ៥ ​នាពេល​នេះ ក៏​ជា​ព្រឹត្តិការណ៍​ពិសេស​ផងដែរ ព្រោះ​ចំ​ខួប​រយៈពេល​ ៣​ ខែ នៃ​ថ្ងៃកំណើត​របស់​រាជ​រដ្ឋា​ភិ​បាល នីតិកាល​ទី៧​។ ការជួប និង​ការសម្ពោធ​នៅទីនេះ ចំ​ថ្ងៃ​ពិសេស​ហើយក៏​ជា​និមិត្តរូប​នៃ​ការបន្ត​ការអភិវឌ្ឍ ការពង្រឹង​ប្រទេសជាតិ​ក្នុងស្ថានភាព​សេដ្ឋ​​កិច្ច និង​ការរីកចម្រើន ដែល​កសាងបាន​ពី​អាណត្តិ​មុនៗ​មក និង​ការពង្រីក​បន្ថែម​ទៀតផង​ដែរ​»​។ 

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជាក់​នៅ​ចំពោះមុខ​លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី ផងដែរ​ថា នេះ​គឺជា​សមិទ្ធផល​រួម​រវាង​កម្ពុជា និង​ជប៉ុន​ដែល​កើតចេញពី​ទំនាក់​​ទំនងជា​ប្រពៃណី និង​កិច្ច​សហ​ប្រតិបត្តិ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង ​២​ ដែលជា​ការបង្ហាញ​នូវ​ការបន្ត​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ជ​​ប៉ុន កាន់តែ​រឹងមាំ​ថែមទៀត​។​

​លោក​បន្ថែមថា ផ្លូវជាតិ​លេខ​ ៥ ​នេះ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​ផ្លូវ​នេះ​ប្រៀបដូចជា​សរសៃឈាម​ដែល​ភ្ជាប់​ពី​តំបន់ ​១ ​ទៅ​តំបន់​ ១ ពី​ប្រជុំជន និង​ប្រ​ទាក់​ក្រឡា​ជាមួយនឹង​ផ្លូវ​ផ្សេងៗ ទៅតាម​បណ្តា​ខេត្ត​នានា​ផងដែរ​។​

​លោក​ថា​៖ «​យើង​មាន​ផ្លូវ​ច្រើនណាស់​ឥឡូវ ដូច​ពាក្យចាស់​ថា មាន​ផ្លូវ​មានសង្ឃឹម ហើយ​ផ្លូវ​ដែល​កសាង​ហើយ​នេះ​បើ​ធ្វើ​តែ​សម្រាប់​លម្អ មិនឱ្យ​មាន​ឡាន​បើក មិន​បម្រើ​ដល់​សេដ្ឋកិច្ច នោះ​វា​នឹងមិន​បាន​ផល​ច្រើន​ទេ តែ​ផ្លូវ​នេះ​ធ្វើ​ហើយ ធ្វើឱ្យ​សរសៃឈាម​យើង​រត់​កាន់តែ​ល្អ បានន័យថា តាមផ្លូវ​សេដ្ឋកិច្ច​កាន់តែ​ល្អ នោះ​ហើយ​ដែលនាំឱ្យ​មាន​ផល​ដល់​ប្រជាពលរដ្ឋ និង​មាន​និរន្តរភាព​»​។​

​បើតាម​លោក​ ហ៊ុន ម៉ា​ណែ​ត ទៅ​ថ្ងៃ​អនាគត អាច​នឹង​មានការ​សាងសង់​ផ្លូវដែក ១​ ខ្សែ​ទៀត​ដែល​ត​ភ្ជាប់​រវាង​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ សៀមរាប និង​ខេត្តបន្ទាយមានជ័យ​៕