ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា កំពង់ផែខេត្តព្រះសីហនុនឹងក្លាយជាផែមួយដែលមានសក្តានុពលធំដើម្បីបម្រើសេដ្ឋកិច្ចជាតិដែលមិនត្រឹមតែអ្នកខេត្តព្រះសីហនុទេ តែសម្រាប់បម្រើទូទាំងប្រទេស ខណៈលោកកំពុងជំរុញឱ្យមន្ត្រីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកការងារនេះ ពន្លឿនការពង្រីកកំពង់ផែដំណាក់កាលទី១ ឱ្យបានមុនដំណាច់ឆ្នាំ ២០២៣ នេះ។
នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា កំពង់ផែខេត្តព្រះសីហនុ ដែលជាចំណុចកណ្ដាលនៃការឆ្លងកាត់របស់នាវាដឹកទំនិញនៃប្រទេសនានាក្នុងតំបន់ នឹងក្លាយជាកំពង់ផែដ៏មានសក្ដានុពលមួយនៅពេលខាងមុខ ក្រោយការសាងសង់ពង្រីកជាកំពង់ផែទឹកជ្រៅ។
លោកបានថ្លែងដូច្នេះថា៖ «ខ្ញុំបាននិយាយជាមួយឯកអគ្គរដ្ឋទូតជប៉ុនអំបាញ់មិញ គឺកំពង់ផែព្រះសីហនុ ជាកំពង់ផែប្រវត្តិសាស្ត្រ ហើយលក្ខណៈភូមិសាស្ត្ររបស់កម្ពុជាគឺនៅកណ្តាល រវាងកំពង់ផែថៃឡាំចាបាំង (LaemChabang) និងកំពង់ផែនៅប្រទេសវៀតណាម។អ៊ីចឹងកន្លែងនេះជាកន្លែងដែលសំខាន់ណាស់ សម្រាប់ទំនិញឆ្លងកាត់»។
លោកនាយករដ្ឋមន្ត្រីបានបន្តថា៖ «បច្ចុប្បន្នយើងមានបញ្ហាប្រឈមមួយគឺជម្រៅទឹកនិងសមត្ថភាពគឺមានជម្រៅទើបតែជាង ៨ ម៉ែត្រទេ។កប៉ាល់ទំនិញដែលដឹកទំនិញចូលមកយើងគឺបានត្រឹមតែ ១៨ ភាគរយប៉ុណ្ណោះ ក្រៅពីហ្នឹងគឺសាងបន្តពីគេជាង ៨០ ភាគរយទៀត។ អ៊ីចឹងវាអស់ថ្លៃច្រើនដឹកចេញ ដឹកចូល។ ឥឡូវជាមួយនឹងគម្រោងឥណទានរបស់ជប៉ុនយើងបានហើយ អរគុណណាស់រដ្ឋាភិបាលជប៉ុន ដែលយកចិត្តទុកដាក់នៅក្នុងការជួយពង្រឹងនូវកំពង់ផែយុទ្ធសាស្ត្រនេះ»។
ទោះជាយ៉ាងណា បើតាមលោក ហ៊ុន ម៉ាណែត គម្រោងពង្រីកកំពង់ផែទឹកជ្រៅដំណាក់កាលទី១ នេះ មិនរួចរាល់នៅឡើយទេ ព្រោះបើតាមរបាយការណ៍ពីអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅមានបញ្ហាមួយចំនួនដែលជាឧបសគ្គ។
ទោះជាបែបនេះក្តី លោកនាយករដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញដែរថា៖ «ដោយសារនៅជាប់មានបញ្ហាមួយចំនួនទើបខ្ញុំសុំឱ្យឯកឧត្តមស៊ុន ចាន់ថុល ធ្វើម៉េចធ្វើឱ្យបានមុនដំណាច់ឆ្នាំ ២០២៣ ឱ្យខ្ញុំ ដើម្បីយើងសម្ពោធបុកគ្រឹះ ដើម្បីចាប់ផ្តើមធ្វើតែម្តង ព្រោះឆ្នាំ ២០២៣ គឺខួប ៧០ ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុន អ៊ីចឹងនេះជានិមិត្តរូបដែលយើងសម្ពោធផ្លូវហើយ យើងសម្ពោធកំពង់ផែទៀត»។
សូមរំឭកដែរថា កាលពីពាក់កណ្តាលឆ្នាំ ២០២៣ កន្លងទៅ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់អ្នកសារព័ត៌មានថា កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងមមាញឹកក្នុងការអភិវឌ្ឍទីតាំងចំណត ទីតាំងផ្ទុកកុងតឺន័រ បង្កើនជម្រៅផ្លូវទឹកឱ្យកាន់តែជ្រៅដើម្បីឆ្លើយតបនឹងការរីកចម្រើនផ្នែកពាណិជ្ជកម្មអន្តរជាតិ ការដឹកជញ្ជូន និងការសម្រេចឱ្យបានតាមផែនការអនុញ្ញាតឱ្យនាវាដឹកទំនិញគ្រប់ធុនចូលចតបាន។
លោកបានបញ្ជាក់ថា៖ «នៅឆ្នាំ ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងមានសមត្ថភាពប្រហាក់ប្រហែលជាមួយកំពង់ផែប្រទេសដទៃក្នុងតំបន់និងអាចឱ្យនាវាដឹកទំនិញក្នុងតំបន់ប្រមាណ ៩៣ ភាគរយ អាចចូលចតបានដែលធ្វើឱ្យថ្លៃដឹកជញ្ជូនថយចុះប្រមាណ ២០០ ដុល្លារ ក្នុង ១ កុងតឺន័រ ព្រមទាំងធ្វើឱ្យភាពប្រកួតប្រជែងពាណិជ្ជកម្មជាតិមានការកើនឡើងបន្ថែមទៀត ហើយក៏អាចទាក់ទាញវិនិយោគមកប្រទេសកម្ពុជាច្រើនបន្ថែមទៀតដែរ»។
លោក លូ គឹមឈន់ មានសុទិដ្ឋិនិយមថា នៅពេលនាវាដឹកទំនិញគ្រប់ធុន អាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបានហើយ នោះនឹងធ្វើឱ្យថ្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រធ្លាក់ចុះជាងបច្ចុប្បន្ន ដែលជាហេតុនាំទៅដល់ការបង្កើនភាពប្រកួតប្រជែងធំមួយ សម្រាប់វិស័យពាណិជ្ជកម្មជាតិ បង្កើនផលចំណេញដល់ផ្នែកសេដ្ឋកិច្ចរាប់រយលានដុល្លារ។ លោកបញ្ជាក់ថា បើតាមការសិក្សាគឺរហូតដល់ជាង ៣៥០ លានដុល្លារ ក្នុង ១ ឆ្នាំ។
ជាមួយគ្នានេះ លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ២២ ខែវិច្ឆិកាថា ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក កំពង់ផែព្រះសីហនុគ្របដណ្តប់ប្រមាណជិត ៧០ ភាគរយហើយ ដែលនេះអាចបញ្ជាក់បានថា កំពង់ផែនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាក្នុងការដោះដូរពាណិជ្ជកម្មជាមួយនឹងបណ្តាប្រទេសផ្សេងៗទាំងក្នុងតំបន់និងពិភពលោក។
លោកបានបន្ថែមថា ដោយសារបច្ចុប្បន្នកំពង់ផែព្រះសីហនុ ជាកំពង់ផែទឹករាក់ ដូចនេះ ការចូលចតរបស់នាវាធំៗមួយចំនួនធំ គឺមិនអាចធ្វើទៅបានត្រូវទៅប្រើផែប្រទេសជិតខាងវិញ។ដូច្នេះ ក្រោយមានផែទឹកជ្រៅអាចនឹងសម្រួលបានច្រើនជាងនេះ។
លោកបានបញ្ជាក់ថា៖ «ប្រាកដណាស់ យើងរំពឹង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែជាបន្តបន្ទាប់ ដែលនឹងរួចរាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះនឹងធ្វើឱ្យការដោះដូរពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសនានា កាន់តែសកម្មជាងនេះទៀត»។
បើតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំណតកុងតឺន័រថ្មីដំណាក់កាលទី១ (កំពង់ផែទឹកជ្រៅ) មានតម្លៃគម្រោង ២០៣ លានដុល្លារអាមេរិក ដែលមានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅ ១៤,៥ ម៉ែត្រដែលត្រូវបានអនុញ្ញាតឱ្យនាវាកុងតឺន័រដែលមានសមត្ថភាពផ្ទុក ៤ ០០០ TEUs (៦០ ០០០ DWT )ចូលកំពង់ផែក្រុងព្រះសីហនុបាន។
ចំណតនេះ អាចនឹងត្រូវដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៦ ដែលធ្វើឱ្យការដឹកជញ្ជូនតាមសមុទ្ររបស់កម្ពុជាអាចប្រៀបធៀបជាមួយប្រទេសជិតខាងបានដោយសមត្ថភាពរបស់វាអាចឱ្យកុងតឺន័រ ៤៥០ ០០០ TEUs ក្នុង ១ ឆ្នាំ៕