ភ្នំពេញ: នៅក្នុង​យុគ​សម័យ​ឌីជី​ថល​ដែល​បាន​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​ផ្សព្វ​ផ្សាយ​និង​ចែក​រំលែក​ព័ត៌​មាន វេ​ប​សាយ​ថ្មី​មួយ​ឈ្មោះ​ថា ​Humans of Cambodia ត្រូវ​បាន​បង្កើត​ដើម្បី​បង្ហាញ​អំពី​សក្ដានុ​ពល និង​ភាព​ចម្រុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ 


​ដោយ​យក​លំនាំ​តាម​ Humans of New York ដែល​ទទួល​ស្គាល់​ជា​សក​ល វេ​ប​សាយ​នេះ​ផ្ទុក​ព័ត៌​មាន​ច្រើន​ជាង​អត្ថ​បទ​ទូទៅ​ ជា​ពិសេស​វា​ផ្ដោតលើ​​ភាព​ធន់ ក្តី​សុបិន និង​មរតក​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ប្រជាជន​កម្ពុជា​។

​ព័ត៌មាន​ដែល​រៀប​រាប់​អំពី​ការ​រស់​នៅ​ក្នុង​ទីក្រុង​រហូត​ដល់​ការ​ពិពណ៌​នាពី​ភាពស្ង​ប់ស្ងាត់​នៃ​ទេស​ភាព​ជន​បទ Humans ​of Cambodia បាន​លាត​ត្រដាង​ពី​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជា​ជន​កម្ពុជា ​ដោយ​ផ្តល់​នូវ​ទស្សនៈ​ដែល​យល់​លើស​ពី​ការ​និទាន​រឿង​ធម្មតា​។ 


​អ្នក​នាង​ Suparna Roy ស្ថាប​និក ​និង​ជា​និពន្ធ​នាយ​កវេ​ប​សាយ​បាន​ឱ្យដឹង​ថា​៖ «​មនុស្ស​គ្រប់​រូប​មាន​រឿង​ដែល​គួរ​និយាយ​។ ផ្លេត​ហ្វ​មរ​បស់​យើង​គឺជា​ស្ពាន​ត​ភ្ជាប់​ការ​និយាយ​រឿង​ទាំង​នេះ​ជា​មួយ​ពិភព​លោក​ ដោយ​បង្ហាញ​ពី​ភាព​ពិត​ពី​ប្រទេស​កម្ពុជា​»​។​


​បើ​យោង​តាម​លោក ​Abhijeet Sandilya សហ​ស្ថាប​និក​បាន​ឱ្យ​ដឹង​ថា វេ​ប​សាយ​«Humans of Cambodia» ផ្ដល់​អាទិ​ភាព​សំខាន់​លើ​ការ​ស្វែង​រក​ប្រភព ​ការ​សម្ភាស​និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​។​


​លោក​បាន​សង្កត់​ធ្ងន់​លើ​ការ​ប្តេជ្ញា​ចិត្ត​ក្នុងការ​បង្ហាញ​រឿង​រ៉ាវ​ជាច្រើន​ដែល​កើត​ឡើង​មាន​ឡើង​នៅ​កម្ពុជា​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​រួម​ទាំង​ការ​រៀប​រាប់​ពី​បុគ្គល ​អ្នក​ថែ​រក្សា​វប្បធម៌​ អ្នកដឹក​នាំ​សហ​គមន៍និង​អង្គការ​មាន​ឥទ្ធិ​ពល​។​

​លោក S​andilya បាន​កត់​សម្គាល់​ថា ភាព​ត្រឹម​ត្រូវ​នៃ​រឿង​ទាំង​នេះ​ត្រូវ​បាន​ធានា​តាមរយៈ​ការ​សន្ទ​នា​ដោយ​គោរព​ និង​បើក​ចំហ ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រាប់​អំពី​សាច់​រឿង​របស់​ពួក​គេ​សរសេរ​ជា​ពាក្យ​ពេចន៍​ផ្ទាល់​ខ្លួន​។​

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖«​គោល​បំណង​របស់​យើង​គឺ​បង្កើត​ភាព​ចម្រុះ​នៃ​ប្រទេស​កម្ពុជា​ដោយ​ផ្តល់​នូវ​ការ​យល់​ដឹង​អំពី​ផ្នែក​វប្ប​ធម៌ និង​ប្រវត្តិ​សាស្ត្រ​ដ៏​ល្អ​ឯក​»​។​


​លើស​ពីនេះ ភ្ញៀ​វទេសចរ​ និង​ជនប​រទេស​ដែល​ចង់​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​សហ​គមន៍​មូល​ដ្ឋាន ​រួមជាមួ​យ​នឹង​អ្នក​និយាយ​សាច់​រឿង​ អ្នក​សរសេរ​ដែល​ស្វែង​រក​ការ​បំផុស​គំនិត​ក្នុង​ជីវិត​ពិត​នឹង​រក​ឃើញ​គេហ​ទំព័រ​ដ៏​មាន​ប្រ​យោជន៍​ជា​ពិសេស​នេះ​។​

​លោក​Sandilya និយាយ​ថា​៖ «​យើង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​លើស​លប់​ជាមួយ​ការបង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​រឿង​រ៉ាវ​ដែល​យើង​ចែក​រំលែក​»​។​ យ៉ាង​ណាក្ដី​ ដំណើរកា​រ​វេ​ប​សាយ Humans of Cambodia ក៏​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ផង​ដែរ​ ជា​ពិសេស​ការ​ធ្វើឱ្យ​មាន​តុល្យ​ភាព​រវាង​ការ​និទាន​រឿង ​និង​ប្រែ​ប្រួល​នៃ​វប្បធម៌​។​

​លោក​បាន​បន្ដ​ថា ក្រុម​ការងារ​បាន​សិក្សា​ពី​សារៈ​សំខាន់​នៃ​ការ​ស្តាប់ ​ការ​សម្រប​ខ្លួន ​និង​កា​ររៀន​សូត្រ​ជា​បន្ត​បន្ទាប់​។ ឧប​សគ្គ​ផ្នែក​ហិរញ្ញ​វត្ថុ និង​ពេល​វេលា​បាន​បង្ក​ជា​ឧប​សគ្គ តែ​ចំណង់​ចំណូល​ចិត្ត​របស់​ក្រុម​សម្រាប់​ការ​និទាន​រឿង​ជួយ​ពួកគេ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ​។​

​លោក ​Sandilya លើក​ឡើង​ថា​៖ «​យើង​យល់​ថា ការ​បង្កើត​ផ្លេ​ត​ហ្វ​ម​ដែល​ផ្ដល់​តម្លៃ និង​កិត្តិ​យស​ដល់​វប្បធម៌​របស់​ប្រទេស​កម្ពុជា​ចាំបា​ច់​ត្រូវ​សិក្សា​ស្រាវ​ជ្រាវ​ជា​បន្ត​បន្ទាប់និ​ង​ការប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​រៀន​សូត្រ​ពី​សហ​គមន៍​ដែល​យើង​ទៅ​ដល់​»​។​

​វេ​ប​សាយ ​Humans of Cambodia គ្រោង​នឹង​ពង្រីក​វិសាល​ភាព​របស់​ខ្លួន ​ដោយ​ស្វែងរក​ប្រធាន​បទ​ផ្សេងៗ​ទៀត ​ដូច​ជា ទ​ស្សន​វិស័យ​អន្តរ​ជំនាន់ និង​និរន្តរ​ភាព​បរិ​ស្ថាន​។​

​គម្រោង​ថ្មី ​ដូច​ជា​«Humans of Phnom Penh» និង «Humans of Siem Reap» កំពុង​ដំណើរ​ការ ដោយ​មាន​កិច្ច​សហ​ការ​ជាមួយ​ក្រុម​Phnom Penh Photography Collective ក្នុង​គោល​បំណង​ផ្តោត​ទៅ​លើ​ការ​និទាន​រឿង​ក្នុង​តំបន់​។​

​លោក​ Sandilya បាន​និយាយ​ថា​៖ «​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ការ​ចូល​រួម​សហ​គមន៍​ យើង​កំពុង​ស្វែង​រក​ភាព​ជា​ដៃគូ​យ៉ាង​សកម្ម​ជាមួយ​អង្គការ​ក្នុង​ស្រុក​ដើម្បី​ពង្រីក​រឿងរ៉ាវ​ដែល​មាន​ឥទ្ធិ​ពល​និង​ចែករំ​លែក​ការ​និទាន​រឿង​ដែល​បំផុស​គំនិត​»​។​

​ផ្លេត​ហ្វ​ម​នេះ​ចូលរួម​ជា​មួយ​សហគម​ន៍​មូល​ដ្ឋាន និ​ង​លើក​ទឹកចិត្ត​បុគ្គល​ម្នាក់ៗ​ឱ្យ​ចែក​រំលែក​រឿងរ៉ាវ​រប​ស់​ពួកគេ​តាមរយៈ​បណ្តាញ​ផ្សេងៗ​រួម​ទាំង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ការ​បញ្ជូន​ដោយ​ផ្ទាល់​នៅលើ​គេហ​ទំព័រ​របស់​ពួក​គេ​។​

​នៅ​ក្នុង​ដំណើរ​ការ​និទាន​រឿងរ​បស់​ពួក​គេ ​ភាព​រសើប​នៃ​វប្បធម៌ ​និង​ភាព​ត្រឹម​ត្រូវ​នៅតែ​នាំមុខ​គេ ដោយ​ធានា​បាន​នូវ​ទិដ្ឋ​ភាព​និទាន​រឿង​ប្រកប​ដោយ​ការ​គោរព និង​បរិ​យាប​ន្ន​។​

​លោក ​Sandilya បាន​បញ្ជាក់​ថា​៖ «​ភាព​ប្រែប្រួល​នៃ​វប្បធម៌​គឺជា​ទិដ្ឋភាព​មូល​ដ្ឋាន​នៃ​ដំណើរ​ការ​និទាន​រឿងរ​បស់​យើង​។ យើង​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​និទាន​រឿង ​ដើម្បី​ធានា​បាន​នូវ​ការ​តំណាង​ដ៏​ត្រឹម​ត្រូវ គោរព​ និង​ឱ្យ​តម្លៃ​នូវ​ទស្សនៈ​តែ​មួយ​គត់​របស់​ពួក​គេ​»​។​

​លោក​បាន​លើក​ឡើង​ថាកា​រទទួល​មតិ​កែលម្អ​ជា​ប្រចាំ​និង​ការប្តេជ្ញា​ចិត្ត​បន្ត​កិច្ចការ​ចំពោះ​ការអប់រំ​និង​កា​រយល់​ដឹង​នៅ​ក្នុង​ក្រុម​របស់​ពួក​គេ ​រួម​ចំណែក​ដល់​ការរក្សា​ភាព​ប្រែប្រួល​នៃ​វប្បធម៌​និង​ភាព​ពិត​ប្រាកដ​ក្នុង​កា​រនិទាន​រឿង​។​

Sandilya បាន​បង្ហាញ​ពី​ជំនឿ​លើ​សក្តានុ​ពល​របស់​បុគ្គ​ល​គ្រប់​រូប ដើម្បី​ក្លាយ​ជា​កត្តា​ជំរុញ​ឱ្យមាន​ការផ្លាស់​ប្តូ​រ​ជា​វិជ្ជមាន​ ដោយ​មិន​គិត​ពី​ពូជ​សាសន៍​ ឬ​សញ្ជាតិ​ឡើយ​។​

​លោក​បាន​ថ្លែង​ថា ក្នុង​ការ​បង្កើត​ខ្លឹម​សារ ពួក​គេ​មាន​មន​សិការ​ចៀស​វាង​ការ​លម្អៀង​ផ្នែក​នយោ​បាយ​ក្នុង​គោល​បំណង​បង្កើត​ព័ត៌​មាន​សម្បូរ​បែប​ទៅ​តាម​ទីតាំង​នីមួយៗ​។​

ខណៈ​ពេល​ដែល​ផ្តោត​ជា​ចម្បង​លើ​រឿង​ដែល​រៀប​ចំ​និង​បង្ហាញ​ដោយ​ក្រុម​របស់​ខ្លួន​នោះ​ Humans of Cam​bodia ក៏​ផ្តល់​វេទិកា​សម្រាប់​ការចូ​លរួម​​របស់​អ្នកទ​ស្សនា​ផង​ដែរ​៕