ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (CHRC)​ នឹង​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​អំពី «​សិទ្ធិមនុស្ស និង​ច្បាប់​» ទៅដល់​ប្រជាពលរដ្ឋ​ទូទាំង ២៥​ រាជធានី​-​ខេត្ត ក្នុង​គោលបំណង​ដើម្បីឱ្យ​ប្រជាពលរដ្ឋ មានការ​យល់ដឹង និង​ចេះ​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​។​


​លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​ថា ជា​គោលដៅ​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា នឹងធ្វើ​ការផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍ អាជ្ញាធរ​មូលដ្ឋាន រួមទាំង​សិស្ស​-​និស្សិត និង​គរុ​សិស្ស​ផងដែរ​។ លោក​បន្តថា គោលដៅ​នៃ​ការផ្សព្វផ្សាយ​នេះ មិនមែន​ធ្វើឡើង​តែ​រាជធានី​ភ្នំពេញ​នោះទេ ពោលគឺ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា រៀបចំឡើង​សម្រាប់​នៅ​ទូទាំង ២៥ ​រាជធានី​-​ខេត្ត​នៅ​ទូទាំងប្រទេស​។​

​លោក​បាន​ឱ្យដឹងទៀតថា ទោះបីជា​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ​មិនមាន​ផែនការ​កំណត់​ចំនួន​ប្រជាពលរដ្ឋ​ប៉ុន្មាន​ក្នុង ​១​ ឆ្នាំៗ ​ដែល​ត្រូវ​ទទួលបាន​ការអប់រំ​ផ្សព្វផ្សាយ​នេះ​ក៏ដោយ ប៉ុន្តែ​នៅក្នុង​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ម្ដងៗ​ មាន​ពលរដ្ឋ​ចូលរួម​យ៉ាងហោចណាស់​ពី ៦០​ នាក់​ ឡើងទៅ​។ ចំណែក​ការរៀបចំ​សម្រាប់​សិស្សានុសិស្ស​វិញ អាចមាន​អ្នកចូលរួម​ច្រើន​ចាប់ពី ១០០​ នាក់​ឡើង​។​


​លោក​ថ្លែងថា​៖ «​ដូច្នេះ​គោលបំណង​សំខាន់​នៃ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​របស់​យើង គឺ​ចង់ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង យល់ដឹង​អំពី​ច្បាប់​ផង និង​សិទ្ធិមនុស្ស​ផង​។ ហើយក៏​ចង់ឱ្យ​គាត់ អាច​ចេះ​ប្រើប្រាស់​សិទ្ធិសេរីភាព​ឱ្យបាន​ត្រឹមត្រូវ ពីព្រោះ​រាល់​សិទ្ធិសេរីភាព​របស់​មន​សុ្ស​សុទ្ធ​តែមាន​ដែន​កំណត់ អ៊ីចឹង​!​កាលណា​គាត់​យល់​ពី​ច្បាប់ ពី​សិទ្ធិមនុស្ស​បាន​ត្រឹមត្រូវ នោះ​សង្គមជាតិ​យើង​ប្រាកដ​ជាមាន​សេចក្ដីសុខ​ហើយ​»​។​

​លោក​បន្ថែមថា នៅក្នុង​ការអប់រំ​ផ្សព្វផ្សាយ​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកយក​ច្បាប់​ជាតិ សន្ធិសញ្ញា និង​កតិកាសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិមនុស្ស មក​បកស្រាយ​ណែនាំ​ទៅដល់​ប្រជាពលរដ្ឋ​ទៅតាម​គោលដៅ​។​


​លោក នី សុខា ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស អាដហុក បានឱ្យដឹង​ដែរ​ថា ការលើកកម្ពស់​សិទ្ធិមនុស្ស វា​ជា​កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល ពីព្រោះ​រាជរដ្ឋាភិបាល គឺជា​តួអង្គ​ ដែល​បានផ្ដល់​សច្ចាប័ន​ទៅលើ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ រួមមាន​កតិកាសញ្ញា អនុសញ្ញា​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស និង​សិទ្ធិ​កុមារ។ ដូច្នេះ​រាជរដ្ឋាភិបាល​មាន​តួនាទី និង​កាតព្វកិច្ច​ក្នុងការ​លើកកម្ពស់​សិទ្ធិ​មនុស្ស ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទទួលបាន និង​ប្រើប្រាស់​បាន​នូវ​សិទ្ធិ​ទាំងអស់​ ដែល​បានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ និង​អង្គការសហប្រជាជាតិ​ដែល​រាជរដ្ឋាភិបាល​បានផ្ដល់​សច្ចាប័ន​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង​! គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ជា​ផ្នែក​មួយ​របស់​រដ្ឋាភិបាល ដូច្នេះហើយ​ការអប់រំ​ផ្សព្វផ្សាយ​នេះ មានន័យថា រដ្ឋាភិបាល បានចាប់ផ្ដើម​ដំណើរការ និង​កំពុង​បំពេញ​នូវ​កាតព្វកិច្ច​របស់ខ្លួន ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​មនុស្ស​»​។​

​លោក នី សុខា ថ្លែងថា ចំពោះ​ការលើកកម្ពស់​សិទ្ធិមនុស្ស​នេះដែរ វា​ក៏​ចាប់ផ្ដើម​ពី​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ហើយ​បើកាលណា​ប្រជាពលរដ្ឋ​មិនមាន​ការយល់ដឹង​អំពី​សិទ្ធិមនុស្ស​នោះទេ គឺ​វា​ពិបាក​ណាស់​ក្នុង​ការនិយាយ​អំពី​ការលើកកម្ពស់​សិទ្ធិមនុស្ស ការលើកកម្ពស់​សិទ្ធិមនុស្ស​នេះ ក៏ត្រូវ​ទាមទារ​ឱ្យមាន​ការផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ និង​មាន​ភាពច្បាស់លាស់​ផងដែរ​។​

​សូមបញ្ជាក់ថា នាពេល​ថ្មីៗ​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​អំពី «​សិទ្ធិមនុស្ស និង​ច្បាប់​» ទៅដល់​តំណាង​ប្រជាពលរដ្ឋ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕