ភ្នំពេញៈ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​អះអាងថា កម្លាំង​នគរបាល​ជាង​ ១​ ម៉ឺន​នាក់​ ត្រូវបាន​ត្រៀម​សម្រាប់​រក្សា​សន្តិសុខ និង​រៀបចំ​សណ្ដាប់ធ្នាប់ ក្នុងអំឡុងពេល​បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ប្រ​ព្រឹ​ត្ដទៅ​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​អំពាវនាវ​ដល់​អ្នកបើក​បរ​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ក្នុងអំឡុងពេល​ធ្វើដំណើរ​ទៅតាម​ទិសដៅ​នានា​។​


​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បានឱ្យដឹងថា លោក នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី បាន​ណែនាំ​ដល់​កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការ​រួមដៃគ្នា ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុងអំឡុងពេល​បុណ្យ​នេះ​។

​ប្រភព​ដដែល​បានឱ្យដឹងថា លោក នេ​ត សាវឿន បានលើកឡើង​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា បញ្ហា​ចរាចរណ៍ ការសម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ បញ្ហា​ក្មេង​ទំនើង បញ្ហា​ចោរកម្ម និង​ការងារ​សន្ដិសុខ ជាការ​ងារ​ដែល​កងក​ម្លាំ​ង​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់បំផុត​នៅក្នុង​ពិធី​បុណ្យជាតិ​ប្រពៃណី​នេះ​។​


​លោក ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​ការពា​រ​រក្សា​សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់​សង្គម ចរាចរណ៍ សង្គ្រោះ​ទូក​លិច និង​អ្នកជំងឺ ក៏បាន​ណែនាំ​ដល់​កម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវតែ​ពង្រឹង​សុវត្ថិភាព បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ និង​គ្រប់គ្រង​នូវ​មុខសញ្ញា​ល្មើស​ឱ្យបាន​ច្បាស់លាស់ រួមទាំង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ក៏ត្រូវ​យកចិត្តទុកដាក់​ផងដែរ​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ បានចេញ​សេចក្តីអំពាវនាវ​ស្ដីពី​ការបង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​បុណ្យអុំទូក ដោយបាន​កត់សម្គាល់ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​តែងមាន​កំណើន​ខ្ពស់​រាល់​ឱកាស​ពិធីបុណ្យ​ផ្សេងៗ បាន​បណ្ដាលឱ្យមាន​កំណើន​ជនរងគ្រោះ​ជា​អតិបរមា និង​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន​។


​សេចក្តីអំពាវនាវ​បញ្ជាក់ថា​ភាគច្រើន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាលមកពី​ការបើកបរ​យានយន្ត​មិន​គោរព​ច្បាប់ ឬ​ធ្វេសប្រហែស​ដូចជា បើកបរ​លើស​ល្បឿន​កំណត់ ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​មិន​គោរព​សិទ្ធិ​អាទិភាព​ជាដើម ។​ល​។​

​ក្នុងន័យនេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ដល់​សាធារណជន​ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ សូមមេត្តា​ខិតខំ​យកចិត្តទុកដាក់​បង្កើន​ស្មារតី​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បើកបរ​យានយន្ត​តាម​វិធានការ​មួយចំនួន​។ វិធានការ​ទាំងនោះ​រួមមាន​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ និង​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​មិនត្រូវ​បត់ ឬ វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។

ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ ប្រកាន់​ស្តាំ​ជានិច្ច និង​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​ទោះ​ជិត ឬ​ឆ្ងាយ​។

​ចំណែក​រដ្ឋបាល​រាជធានី​ភ្នំពេញ​វិញ បាន​ត្រៀម​រួចជាស្រេច​ជាមួយ​ស្ថាប័ន​នានា ដោយបាន​រៀបចំ​កម្មវិធី​សប្បាយៗ​នៅតាម​ទីតាំង​មួយចំនួន ដោយមាន​កម្ម​វីធ​ប្រគំ​តន្ត្រី កម្មវិធី​ប្រដាល់​គុន​ខ្មែរ កម្មវិធី ទី​ជល​គុណ និង​ការរៀបចំ​ស្តង់​តាំង​លក់​ផលិតផល​ជាដើម​៕