ភ្នំពេញៈ តាមរយៈ​ជំនួប​រវាង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ប្រធាន​អង្គការ GAVI ភាគី​ទាំង​២​ បាន​ពិភាក្សាគ្នា​លើ​ការ ងារ​លើកកម្ពស់​សុខុមាល​ភាព​របស់​ប្រជាជន​កម្ពុជា ​ឱ្យ​កាន់តែ​ប្រសើរ​ខណៈ​អង្គការ​នេះ នឹង​បញ្ចូល​វ៉ាក់សាំង​ថ្មីៗ​បន្ថែមទៀត​ទៅក្នុង​កម្ម​វិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៅ​កម្ពុជា​។​


​កិច្ចពិភាក្សា​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​រវាង​លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក Samuel Muller ប្រធាន​អង្គការ GAVI ប្រចាំ​តំបន់​អឺរ៉ុប អាស៊ី និង​តំបន់​ប៉ាស៊ីហ្វិក​ ដែល​បាន​ពិភាក្សាគ្នា​លើ​ការងារ​បន្ត​កិច្ចសហប្រតិបត្តិការ ក្នុងការ​លើកកម្ពស់​សុ​ខុ​មាល​ភាព​របស់​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងសុខាភិបាល​។​

​ក្នុងជំនួប​នោះ លោក ឈាង រ៉ា បាន​ថ្លែងអំណរគុណ​ដល់ អង្គការ GAVI ដែល​បាន​សហការ​ចូលរួម​គាំទ្រ​ក្រសួងសុខា ភិបាល ក្នុង​ការងារ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា តាមរយៈ​ការផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា លើ​ការងារ និង​សកម្មភាព​ផ្តល់​ថ្នាំ​បង្ការ ដើម្បី​បង្កើន​អត្រា​គ្របដណ្តប់​វ៉ាក់សាំង ព្រមទាំង​គាំទ្រ​សកម្មភាព​បញ្ចូល​វ៉ាក់សាំង​ថ្មីៗ​ជា​បន្តបន្ទាប់​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែងរ​បស់​ក្រសួងសុខាភិបាល​។​


​លោក​ថ្លែងថា​៖ «​ការបន្ត​គាំទ្រ​ក្រសួងសុខាភិបាល ព្រមទាំង​បញ្ចូល​វ៉ាក់សាំង​ថ្មីៗ​បន្ថែមទៀត​ ទៅក្នុង​កម្ម​វិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នេះ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព​របស់​ប្រជាជន​កម្ពុជា ដើម្បី​ឈានទៅ​សម្រេច​បានការ​គ្របដណ្តប់​សុខភាព​ជាស​កល ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧»​។​

​បើតាម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ក្រៅពី​ការផ្ដល់​វ៉ាក់សាំង​ថ្មី​បន្ថែម​ហើយ កន្លងមក​អង្គការ GAVI បាន​សហការ​យ៉ាង​ជិតស្និទ្ធ ជាប្រចាំ​ជាមួយ​ក្រសួង តាមរយៈ​កម្មវិធី​ជាតិ​ចាក់​ថ្នាំ​បង្ការ ជាពិសេស ក្នុងអំឡុងពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ដោយបាន​ជួយ​គាំទ្រ​ក្នុង​ការរៀបចំ និង​អនុវត្ត​ផែនការមេ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។


លោក​បន្ថែមថា ជាពិសេស​បាន​ជួយ​ក្រសួង​ក្នុងការ​ស្វែងរក​វ៉ាក់សាំង​កូ​វីដ​១៩ ព្រមទាំង​ផ្គត់ផ្គង់ និង​បំពាក់​បរិក្ខារ​ប្រព័ន្ធ​ត្រជាក់​មួយចំនួន ដែល​សំដៅ​បង្កើត​ឱ្យបាន​ភាពស៊ាំ​សង្គម និង​សេដ្ឋកិច្ច ដែលជា​គោលដៅ​ប្រកបដោយ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឈានទៅ​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​សុខភាព​ជាតិ​។​

​ជាមួយគ្នានេះដែរ លោក​ Samuel Muller ប្រធាន​អង្គការ GAVI ប្រចាំ​តំបន់​អឺរ៉ុប អាស៊ី និង​តំបន់​ប៉ាស៊ីហ្វិក ក៏បាន​បញ្ជាក់ដែរថា ចាប់តាំងពី​ឆ្នាំ​២០០១​ មក អង្គការ GAVI បាននិងកំពុង បន្ត​ការគាំទ្រ​ដល់​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ​ក្រសួងសុខាភិបាល តាមរយៈ​គម្រោង​សំខាន់ៗ​ ដូចជា​គម្រោង​ពង្រឹង​ប្រព័ន្ធ​ចាក់​ថ្នាំ​បង្ការពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៩ និង​គម្រោង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ជំហាន​ទី​១ ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤​។ 

គម្រោង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ជំហាន​ទី​២ ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២២ និង​គម្រោង​ពង្រឹង​ការងារ​ផ្តល់​ថ្នាំ​បង្ការ​មាន​លក្ខណៈ​ចម្រុះ ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៧ ដោយបាន​បន្ត​គាំទ្រ​គម្រោង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ជំហាន​ទី​៣​។ 

​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បានឱ្យដឹង​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​ថា វា​ជា​រឿង​ល្អប្រសើរ​ដែល​អង្គការ GAVI បាន​បន្ត​គាំទ្រ​ក្រសួងសុខាភិបាល លើ​ការងារ​ផ្ដល់​វ៉ាក់សាំង​ថ្មី​បន្ថែមទៀត​នេះ ដើម្បី​ជួយ​បង្ការ​ពី​ជំងឺ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ ​លោក​បន្តថា ទន្ទឹមនេះដែរ អង្គការ GAVI​ ក៏​ជា​ដៃគូ​សហការ​ជាមួយ​ក្រសួង​យូរ​មកហើយ ជាពិសេស​ជួយ​គាំទ្រ​ក្រសួង ក្នុងការ​អនុវត្ត​ផែន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​វ៉ាក់សាំង​ថ្មី​បន្ថែម​ហ្នឹង​ឱ្យតែ​មានគុណ​ភាព មានការ​ឆ្លងកាត់​មន្ទី​រ​ពិសោធន៍​ត្រឹមត្រូវ ហើយ​វា​មិន​បង្ក​ហានិភ័យ​ដល់​សុខភាព​ប្រជាពលរដ្ឋ ជាពិសេស​វា​ក៏​មិនមែនជា​វ៉ាក់សាំង​សាកល្បង អាហ្នឹង​គឺ​យើង​ស្វាគមន៍ និង​គាំទ្រ​»​។​

​លោក​បន្ថែមថា ម្យ៉ាងវិញទៀត ការគិតគូរ​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ គឺជា​រឿង​មួយ​សំខាន់​ដែរ ហេតុនេះ​រាល់​ជំនួយ​ជា​វ៉ាក់សាំង​ដែល​បាន​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ក្រសួង​ត្រូវតែមាន​ត្រួតពិនិត្យ​ពី​ប្រភព​នៃ​វ៉ាក់សាំង​ទាំងនោះ ពីព្រោះ​ដើម្បី​បង្ការ​ពី​ការប្រើប្រាស់​វ៉ាក់សាំង​សាកល្បង ដែល​វា​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​៕