ភ្នំពេញៈ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​និង​ចិ​ន បាន​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ច​ស​ហប្រតិ​បត្តិការ​យោ​ធា​រួមគ្នា​ជា​ពិសេស​ការ​អនុវត្ត​ម៉ឺង​ម៉ាត់​អនុ​ស្ស​រណៈ​យោគ​យល់ ​(MOU) និង​ពិធី​សារ​នានា​​ ដូច​ជា​ការផ្លាស់​ប្តូរ​ទស្សន​កិច្ច​យោ​ធា​កម្រិត​ខ្ពស់ ​កា​របណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ចារ​កិច្ច​ដើម្បី​ទប់​ស្កាត់​បដិវត្តន៍​ពណ៌​ប្រឆាំង​ក្រុម​ជ្រុល​និយម​និង​ឧក្រិដ្ឋ​កម្ម​នានា​។​


​ការ​ប្តេជ្ញា​ចិត្ត​រវាង​ក្រសួង​ការ​ពារ​ជាតិ​ទាំង​២​ ធ្វើ​ឡើង​តាម​រយៈ​ជំនួប​រវាង​លោក ​វង្ស ពិ​សេន អគ្គ​មេ​បញ្ជា​ការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​លោក​លីវ ​ជេន លិ​ក ប្រធាន​សេនា​ធិការ​ចម្រុះ​គណៈ​កម្មាធិ​ការ​យោធា​ម​ជ្ឈិម​ចិន ​នៅ​ថ្ងៃទី​២១ ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​ នៅ​ខេត្ត​ក្វាង​តុង ​ប្រទេស​ចិន ក្នុង​អំឡុង​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​កម្ពុជា ​ទៅចូល​រួម​ពិធី​បិទ​សម​យុទ្ធ​ពហុ​សាសន៍«​សន្តិ​ភាព​ មិត្តភាព​-​ឆ្នាំ​២០២៣»​ ដែល​រៀបចំ​ដោយ​ចិន​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​អគ្គ​បញ្ជា​ការ​ដ្ឋាន​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​នៅ​ថ្ងៃទី​២២ ​ខែវិច្ឆិកា​។

​ប្រភព​ដដែល​បាន​ឱ្យដឹ​ងថា លោក​វង្ស ពិ​សេន បាន​ប្រាប់​ភាគី​ចិន​ថា ដំណើរ​ទស្សន​កិច្ច​របស់​លោក​មក​ប្រទេស​ចិន​ចូល​រួម​ទស្សនា​ការ​សម្តែង​​សម​យុទ្ធ​ពហុ​សាសន៍ «​សន្តិភា​ព មិត្តភាព​-២០២៣» នេះ ​នឹង​នាំ​មក​នូវ​ការព​ង្រឹង​ទំនាក់​ទំនង​ជា​ប្រពៃ​ណី​រវាង​កង​ទ័ព​ប្រទេស​ទាំង​២​។

លោក​ថ្លែង​ថា​៖«​ក្នុង​នាម​ក្រសួង​ការពារ​ជាតិនិ​ង​អគ្គ​បញ្ជា​ការ ​ខ្ញុំ​សូម​ថ្លែង​អំណ​រគុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ដែល​បាន​ផ្តួច​ផ្តើម​គំនិត​ក្នុង​ការ​ធ្វើជា​ម្ចាស់​ផ្ទះ​សម​យុទ្ធ​ពហុ​សាសន៍​ ៦​ ប្រទេស​នេះ​ឡើង​។ ជា​ពិសេស​មិត្ត​ចិន​ដែល​បាន​ជួយ​សម្រប​សម្រួល ​និង​ឧបត្ថម្ភ​គាំទ្រ​ដល់​កងយោ​ធពល​ខេមរភូ​មិន្ទ រួម​ចំណែក​ដល់​ការ​ពង្រឹង​ឯក​រាជ្យ​ម្ចាស់​ការ​របស់​កម្ពុជា ​និង​លើក​មុខ​មាត់​កម្ពុជា​នៅ​ក្នុង​តំបន់ និង​ពិភព​លោក​»​។​


​លើសពី​នេះ ​លោក​អគ្គ​មេ​បញ្ជា​ការ​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​អនុវត្ត​ឱ្យបាន​ម៉ឺង​ម៉ា​ត​នូវ MOU ​និង​ពិធី​សារ​ជា​មួយ​កិច្ច​ព្រម​ព្រៀង​នានា​រវាង​ក្រសួង​ការពា​រជាតិ​នៃ​ប្រទេស​ទាំង​២ ដូច​ជា ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​គ្រប់​កម្រិត ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ការ​ផ្លាស់ប្ដូ​រ​ព័ត៌​មាន​ចារ​កិច្ច​ក្នុង​ទិសដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម ការ​ទប់​ស្កាត់​បដិវត្ត​ន៍​ពណ៌ ​និង​ការទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​ផ្សេងៗ​។​

​រីឯ​លោក​ លីវ ជេន លិ​ក បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​និង​ចិន​លើ​គ្រប់​វិស័យ​ ក៏ដូច​ជា​គោល​ដៅ​កសាង​សហគ​មន៍​រួម​កម្ពុជា​-​ចិន​នៅ​យុគ​សម័យ​ថ្មី​ពី​ឆ្នាំ២០២៤​-២០២៨ដែល​លោក​ចាត់​ទុក​ជា​ផែន​ការ​ដ៏​សំខាន់​។​


​ចំពោះ​ទំនាក់​ទំនង​វិស័យ​កងទ័ព​វិញ ​លោក​បាន​បញ្ជាក់​ថា​៖«​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន ​និង​កង​យោធ​ពល​ខេមរភូ​មិន្ទ បាន​ប្រា​ស្រ័យ​ទំនាក់​ទំនង​គ្នា​យ៉ាង​ស្អិត​ល្មួតនិ​ង​ក្នុង​កម្រិត​ខ្ពស់ ហើ​យ​កំពុង​មាន​ការ​រីក​ចម្រើន​លូត​លាស់​ទៅ​មុខ​ទទួល​បាន​លទ្ធ​ផល​ផ្លែផ្កា​ជា​ច្រើន​»​។​

​ជា​មួយ​គ្នានេះ​ដែរ​ លោក ​លីវ ជេន លិ​ក បង្ហាញ​ក្តី​រំពឹង​ថា ​ចំណង​កិច្ច​សហ​ប្រតិ​បត្តិ​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​២ នៅ​ថ្ងៃ​ខាង​មុខ ​នឹង​រឹតតែ​រឹង​មាំ​ថែមទៀ​ត ដោយ​ការ​ជឿទុក​ចិត្ត​គ្នា និង​ការ​គោរព​គ្នា ​ដែល​នាំមក​នូវ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ស្រប​តាម​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ «​មិត្តភា​ព​ដែក​ថែប​ និង​ការ​កសាង​សហ​គមន៍​វាសនា​រួម​កម្ពុជា​-​ចិន​»​។​

​ពាក់​ព័ន្ធ​រឿង​នេះ ​លោក​គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្ត​រជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​បា​នថ្លែង​ថា ការ​ប្តេជ្ញា​ចិត្ត​រវាង​ក​ង​ទ័ព ក៏​ដូច​ជា​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​២ ក្នុង​ការបន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​សន្តិ​សុខ​ និង​កា​រពារជា​តិ ទាម​ទារ​ឱ្យមាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ទម្រង់​ទាំង​ទ្វេ​ភាគី​ និង​ពហុភា​គី ​ដែល​កន្លង​មក​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​២ ក៏​តែង​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​កន្លង​មក​មាន​ការ​រិះគន់​ពី​ចំណោម​ប​ស្ចិម​លោក​ពាក់​ព័ន្ធ​កា​រពង្រឹង​ទំនាក់​ទំនង​វិស័យ​យោ​ធារវាង​កម្ពុជា​និង​ចិន​ ប៉ុន្តែ​អ្វី​ដែល​ប្រទេស​ទាំង​២​​ កំពុង​ធ្វើ​នេះ គឺ​សំដៅ​លើ​សន្តិ​ភាព ​ស្ថិរភាព ​សន្តិ​សុខ​ ប្រទេស​រៀងៗ​ខ្លួន​និង​ក្រប​ខ័ណ្ឌ​តំបន់តែ​ប៉ុណ្ណោះ​​»​។​

​លោក​បាន​បន្ត​ថា​កន្ល​ងមក ដើម្បី​ឆ្លើយ​តប​នឹង​ការ​បារម្ភ​និង​ការ​រិះគន់​ពី​ប​ស្ចិ​ម​ប្រ​ទស​ រដ្ឋាភិ​បាល​កម្ពុជា​បាន​បក​ស្រាយ​ពី​គោល​ដៅ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​យោធា​ទាំង​នេះ ​តាម​រយៈ​គោល​នយោ​បាយ​ការ​បរទេស​ខ្លួន ​និង​រដ្ឋ​ធម្ម​នុញ្ញ ដែល​កម្ពុជា​មិន​យក​អធិប​តេយ្យ​របស់ខ្លួន​ទៅ​ដូរ​នឹង​ផល​ប្រយោ​ជន៍​ណា​មួយ​ឡើយ​។​

គួរ​ជម្រាប​ជូន​ថា សម​យុទ្ធ​ពហុ​សាសន៍ «​សន្តិ​ភាព​ មិត្ត​ភាព​-​ឆ្នាំ​២០២៣»​រយៈ​ពេល​ ១០ ​ថ្ងៃ ​ដែល​រៀបចំ​ដោយ​ចិន​ទទួល​ការ​គាំទ្រ​ពី​អង្គ​ការ​សហ​ប្រជា​ជាតិ នៅ​ខេត្ត​ក្វាង​តុង ​ក្រោម​ប្រធាន​បទ «​ប្រតិ​បត្តិការ​យោ​ធា​ចម្រុះ​លើ​ការ​ប្រឆាំង​ភេរ​វកម្ម​ និង​ការ​ថែ​រក្សា​សន្តិសុ​ខ​លម្ហ​សមុទ្រ​» បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២២ ​ខែវិច្ឆិកា ​ក្រោម​អធិបតី​ភាព​មេ​បញ្ជា​ការ​ជាន់​ខ្ពស់នៃ​បណ្តា​ប្រទេស​ចូល​រួម​ទាំង​៦ ដែ​ល​ចូ​ល​រួម​ដូ​ចជា ចិ​ន កម្ពុជា ម៉ាឡេស៊ី ឡាវ ​ថៃ​ និង​វៀត​ណាម​៕