ភ្នំពេញៈក្រុម​មន្ទីរ​( អយក​) ខេត្ត​ត្បូង​ឃ្មុំ និ​ង​ក្រុម​ន្ទីរ (​អយក) ​ខេត្ត​កំពង់​ចាម​ សុទ្ធតែ​បាន​បង្ហាញ​ទំនុក​ចិត្ត​ ក្នុង​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ ដើម្បី​អាច​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ក្នុងការ​ប្រកួត​ថ្នាក់​ខេត្ត​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន ​លើក​ទី​១៧ ឆ្នាំ​២០២៣ ​ខណៈ​ក្រុម​ទាំង​២ ត្រូវ​វិល​មក​ជួប​គ្នា​ជាថ្មី ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក នា​ល្ងាច​ម៉ោង​៦ ​ថ្ងៃទី​២៤ ​វិច្ឆិកា​ គឺ​បន្ទាប់​ពី​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​ ៣ ​រវាង​ក្រុម​សន្តិ​ភាព​ខេត្ត​កំពង់ធំ​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ធ្វើ​ចាប់​ពី​រសៀល​ម៉ោង ​៣:៣០ ​តទៅ​។​

​នៅ​មុន​ការ​ឡើង​មក​ជួប​គ្នានៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ក្រុម​ខេត្ត​ត្បូងឃ្មុំ​បាន​យក​ឈ្នះ​ក្រុម​ខេត្ត​កំពង់​ចាម​ ជាមួយ​លទ្ធ​ផល​១-០ ទាំង​២​ ជើង​ដើម្បី​ទទួល​បាន​លេខ​១ ប្រចាំ​ពូ​ល​ B ​ខណៈ​កំពង់​ចាមបាន​លេខ​២ ហើយ​លទ្ធ​ផល​នេះ បាន​ជួយ​ឱ្យ​ក្រុម​ទាំង​២ អាច​ដឹក​ដៃ​គ្នា​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​។​

​ជា​មួយ​ការធ្វើ​បាន​ល្អ​នៅក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ ក្រុម​ខេត្ត​ត្បូ​ងឃ្មុំ ​បាន​បន្ត​ទម្លាក់​ក្រុម​លេខ​២​ ពូ​ល ​A ខេត្ត​ព្រះ​សីហនុ ​ដោយ​យក​ឈ្នះ ​៥-៣ សម្រាប់​ការ​ប្រកួត​ទាំង​២​ជើង រីឯ​ក្រុម​ខេត្ត​កំពង់​ចាមបាន​ទម្លាក់​ក្រុម​ម្ចាស់​ជើង​ឯក​ ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់​សេច​ក្តី ៤-២​ បន្ទា​ប់ពី​ក្រុម​ទាំង​២ បាន​ស្មើគ្នា​ ១-១ សម្រាប់​ការ​ប្រកួត​ទាំង​២​ជើង​។​


​ចំណែក​ការប្រ​កួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ក្រុម​ខេត្ត​ត្បូង​ឃ្មុំ បាន​យក​ឈ្នះ​ក្រុម​ខេត្ត​បន្ទា​យមាន​ជ័យ ៤-១ នៅ​លើ​ទឹកដី​ខ្លួនឯ​ង រួច​បាន​បន្ត​ឈ្នះ ​៥-២ នៅ​ជើង​ទី​២ ហើយ​ក្រុម​ខេត្ត​កំពង់​ចាមបាន​យក​ឈ្នះ​ក្រុម​សន្តិ​ភាព​ខេត្ត​កំពង់​ធំ១-០ សម្រាប់​ការ​ប្រកួត​នៅលើ​ទឹកដី​ខ្លួន​ឯង​ មុន​ពេល​ក្រុម​ទាំង​២​នេះ ​បាន​ស្មើ​គ្នា ០​-០ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​២ នៅ​លើ​ទឹកដី​ខេត្ត​កំពង់​ធំ​វិញ​។​

​យ៉ាង​ណាក៏​ដោយ​ សម្រាប់​ការ​ជួបគ្នា​​លើក​នេះ ​លោក ​អ៊ីវ សារី គ្រូ​បង្គោល​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ ​បាន​និយាយ​ក្នុង​សន្និ​សីទកា​សែតកាល​ពី​ថ្ងៃទី​២៣ ​ខែវិច្ឆិកា​ថា​៖ «​យើង​សង្ឃឹម​ត្រឹម​ ៦០​ ភាគ​រយ​ទេ ​គឺ​មិន​ហ៊ាន​សង្ឃឹម​លើសពី​​នេះ​ឡើយ​។ ទោះ​យើង​ធ្លាប់​ឈ្នះ​ក្រុម​ខេត្ត​កំព​ង់ចាម ទាំង​២​ជើង ​សម្រាប់​ការប្រ​កួត​ក្នុង​ពូ​ល​ក្តី ប៉ុន្តែ​បើ​មើល​ទៅលើ​គុណ​ភាព​លេង និង​ការ​គ្រប់​គ្រង​បាល់​របស់​ក្រុម​ទាំង​២ មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ទេ​»​។​


​ជា​មួយ​គ្នានេះ​ លោក ​អ៊ីវ សារី បា​នធ្វើការ​កត់​សម្គាល់​ថា  ប្រព័ន្ធ​ការ​ពារ​របស់​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ រឹងមាំ​ល្អ ចំ​ណែក​តំបន់​កណ្តាល ​និង​តំបន់​ប្រយុទ្ធ​ មិនជា​ល្អ​ណាស់​ណា​ទេ ​ព្រោះ​នៅ​រដូវ​កាល​នេះ ​ក្រុម​រប​ស់លោកបាត់​ខ្សែ​ប្រយុទ្ធ​ឆ្នើ​ម ធី ធារ៉ា​ តែត្បូង​ឃ្មុំ ​មាន​ខ្សែប្រ​យុទ្ធ​មុត​ស្រួច​ផ្សេងៗ​ទៀត​ផង​ដែរ​ ដែល​វា​នៅតែ​ជា​ចំណុច​ខ្លាំង​របស់​ក្រុម​នេះ ​ចំណែ​កកំព​ង់ចាម លេង​ពីក្រោ​ម​ទៅ​បាន​ល្អ ព្រោះ​ខ្សែការពា​រ ​និង​ខ្សែប​ម្រើ​របស់​ក្រុម​នេះ ​លេង​ប្រទាក់​ក្រឡា​គ្នា​បាន​ល្អ​តាម​បែប​​ទ​ម្រង់​លេង​ទ​ប់ ហើយ​វាយ​បក​។​

​គ្រូ​បង្គោ​ល​រូប​នេះ បា​ន​បញ្ជាក់ថា​​៖ «​ពីមុន ​ត្បូងឃ្មុំ ​និង​កំពង់​ចាម ជា​ខេត្ត​តែមួយ​ទេ វា​ប្រៀប​ដូចជា​បង​ និង​ប្អូន អ៊ីចឹង​ នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​ និង​មាន​ភាព​តាន​តឹង​ខ្លាំង​រវាង​ខេត្ត​ទាំង​២​ដែរ​ ព្រោះ​ជា​ខេត្ត​ជាប់​គ្នា ​ដោយ​បង​ប្អូន​កីឡាករ ​ធ្លាប់​លេង​ជា​មួយ​គ្នា​ច្រើន ​ប៉ុន្តែ​ជាការ​រំពឹង​ទុក គឺ​យើង​មានជំ​នឿថា ​យើង​នឹង​​ទទួល​បាន​ជ័យ​ជម្នះ​»​។​

​គួររំ​ឭក​ថា នេះ​ជា​លើក​ទី​៤​ ហើយ ​ដែល​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ បាន​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ​ខណៈ​ការឡើង​មក​ដល់​វគ្គ​នេះជា​លើកដំ​បូង ​កាល​ពី​ឆ្នាំ​២០១៩ ​ពួក​គេបាន​យក​ឈ្នះ​ក្រុម​ខេត្ត​សៀមរា​ប ១-០ ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ​ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័​ត្រកាលពី​ឆ្នាំ​២០២០ ក្រុ​ម​ខេត្ត​ត្បូង​ឃ្មុំបាន​ចាញ់​ក្រុម​ខេត្ត​ព្រៃវែង​ ហើ​យ​នៅ​ឆ្នាំ​២០២១ ពួ​កគេ​ បាន​បន្ត​ចាញ់​ក្រុម​កោះ​កុង​អេ​ហ្វ​ស៊ី ដោយ​បាន​ត្រឹម​ជើងឯ​ក​រង​។​

​យ៉ាង​ណាក៏​ដោ​យ លោ​ក ងួន បូរី គ្រូ​បង្វឹក​ក្រុម​ខេត្តកំ​ពង់ចា​ម បាន​និយាយ​ថា​៖ «​យើង​បាន​មើល​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​របស់​យើង​រួច​មកហើ​យ​កាល​ពីជួប​គ្នានៅ​ក្នុង​ពូ​ល ហើយ​ការ​ចាញ់​របស់​យើង​នោះ ​មិន​ជា​អាក្រក់​​ពេក​​ទេ​។ ​ក្រោយម​ក ​យើង​បាន​សិក្សា​ពី​របៀប​លេង​របស់​ត្បូង​ឃ្មុំ ម្ត​ង​ហើយ​ម្តង​ទៀត​ ដោយ​យើង​នឹង​ដណ្តើម​យក​ជ័យ​ជម្នះ​ឱ្យ​បានគឺ​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ យើ​ង​ត្រូវ​រំពឹង​ឱ្យ​ខ្ពស់​»​។​

​​ចំណែ​ក​​កីឡាក​រ មី​ត រ៉ា​ទី របស់​ខេត្តកំ​ពង់​ចាមបាន​និយាយ​ថា​៖ «​យើង​ឃើញថា​ កីឡាក​រ​នាំ​លេង​របស់​ខេត្ត​ត្បូង​ឃ្មុំ ​គាត់​ធ្វើ​បាន​ល្អ តែ​ខ្ញុំ​គិត​ថា វា​មិនជា​បញ្ហា​អ្វី​ទេ ​ព្រោះ​យើង​ធ្លាប់​លេង​ជា​មួយ​គ្នា​២​ លើក​ហើយ​ អ៊ីចឹង​ទាំង​ខ្សែ​ការ​ពារ​ ​បម្រើ និ​ង​ប្រយុទ្ធ ​យើង​បានដឹ​ង​ខ្លះៗ​ហើយ ​ចំណែ​ក​ការ​ចាញ់​ក្រុម​ត្បូងឃ្មុំ​កន្ល​ងមក​ វា​អាច​មក​ពី​កំហុស​បច្ចេកទេ​ស​​បន្តិច​បន្តួច​របស់​ក្រុម ​ប៉ុន្តែ​ការ​ជួ​បគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័​ត្រ​នេះ យើ​ង​សង្ឃឹមថា ​នឹងធ្វើ​បាន​ល្អ​ជាង​​មុន​​»៕