ភ្នំពេញៈ​ព្រះ​មហា​ក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​បង្កើត​ក្រុម​មេធាវី​រាជ​រដ្ឋា​ភិបាល​ដែល​សរសេរ​ជា​អក្សរ​កាត់​ថា (ក​.​ម​.​រ) ដែល​ជា​អង្គ​ភាព​អម​ទីស្តី​ការគ​ណៈរ​ដ្ឋមន្ត្រី​ ដើម្បី​ជួយ​ដល់​កិច្ច​ការ​ច្បាប់​ កា​រពារ​សិទ្ធិ ​និង​ផល​ប្រយោជន៍​ជូន​ថ្នាក់​ដឹក​នាំ​ជាតិ និង​រាជ​រដ្ឋាភិ​បាល​កម្ពុជា​។​


​យោង​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ​បាទ​នរោត្តម​ សីហមុនី​ ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​មេធាវី​រាជ​រដ្ឋាភិ​បាល​ ចុះ​ថ្ងៃទី​៨ ​ខែវិច្ឆិកា ​ឆ្នាំ២០២៣​ ក្រុម​មេធាវី​រាជ​រដ្ឋាភិ​បាល​មាន​ប្រធាន​ ១ រូប ​សមា​ជិក​​មួយ​ចំនួន​តា​ម​ការចាំ​បាច់ ​និង​អាច​ជួល​ទីប្រឹក្សា​តាម​ការចាំ​បាច់​ដែល​ក្រុម​មេធាវី​នេះ​នឹង​ត្រូវ​ប្រើ
ថ​វិកា​ជាតិ​ដើម្បី​ផ្តត់​ផ្គង់​ទាំង​ស្រុង​ផងដែរ ។ 

​ព្រះរា​ជក្រឹ​ត្យ​បញ្ជាក់​ថា​៖«ក្រុម​មេធាវី​របស់​រាជ​រដ្ឋាភិ​បាល​នេះ​ក៏មានដែរ​​តួ​នាទី​និង​ភារកិច្ច​ជា​តំណាង​ស្រប​ច្បាប់​ក្នុង​ការ​ការ​ពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ជូន​ថ្នាក់​ដឹក​នាំ​ជាតិ ​រាជរ​ដ្ឋាភិបា​លនិង​ក្រសួង​ស្ថាប័ន​ចំណុះ​មុខ​យុត្តាធិ​ការ​ជាតិ ​អន្តរ​ជាតិ។ចូល​រួម​អនុវត្ត​គោល​នយោ​បាយ​ជា​មួយ​រាជ​រដ្ឋាភិ​បាល​ក្នុងការ​លើក​កម្ពស់​វិស័យ​យុត្តិ​ធម៌​នៅ​កម្ពុជា​» ។ 


​ក​.​ម​.​រ ក៏​ទទួល​ពិនិត្យ​លើក​សំណើនិ​ង​ផ្តល់យោ​បល់​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​របស់​រាជ​រដ្ឋាភិ​បាល​ជូន​នាយក
​រដ្ឋ​មន្ត្រី​និង​ចូល​រួម​ពិនិត្យ​និង​ផ្តល់​យោ​បល់​លើ​កិច្ច​សន្យា​រដ្ឋ​បាល​និង​កិច្ច​ព្រម​ព្រៀង​ផ្សេងៗ​របស់​រាជរដ្ឋា​ភិបា​ល​ក្រសួង ​ស្ថា​ប័ន គ្រឹះ​ស្ថានសា​ធារ​ណៈ និង​សហ​គ្រាស​សា​ធារណៈ​ ។ 

​ក្រុម​មេធាវី​រាជរ​ដ្ឋាភិ​បាល​អាច​ធ្វើរ​បាយ​ការណ៍​ប្រចាំ​ឆ្នាំ​អំពី​អំពើសកម្ម​ភាព​ការងារ​របស់ក​.​ម​.​រ ជូន​នាយក​រដ្ឋ​មន្ត្រី និង​ទទួល​អនុវត្ត​ភារ​កិច្ច​ផ្សេង​ទៀត តាម​ការ​ប្រគល់​ពី​នាយក​រដ្ឋ​មន្ត្រី​ផង​ដែរ ។​ 


​បើតាម​ព្រះរាជ​ក្រឹត្យ​ដដែល ​សមាស​ភាព​របស់​ក្រុម​មេធាវី​ត្រូវ​តែង​តាំង​និង​បញ្ចប់​មុខ​តំណែង​ដោយ​ព្រះ​រាជក្រឹត្យ ​តាម​សំណើ​របស់​នាយក​រដ្ឋម​ន្ត្រី និ​ងតាម​សេចក្តី​ស្នើសុំ​ពីរដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីកា​រគណៈ​រដ្ឋម​ន្ត្រីផង​ដែរ ។ 

ដោយ​ឡែក​មេធាវី​ដែល​អាច​ត្រូវបាន​ជ្រើស​តាំង​ឱ្យ​បំពេញ​មុខងារ​ជា​ប្រធាន​និង​ជា​សមា​ជិក ក​.​ម​.​រ នេះ​ត្រូវ​មាន​លក្ខណ​សម្បត្តិ​ដូច​ជា ​ប្រធាន​ ក​.​ម​.​រ ត្រូវតែ​ជា​មេធាវី​ពេញ​សិទ្ធិ ​ដែល​បាន​ប្រកប​វិជ្ជា​ជីវៈ​ យ៉ាង​តិច​១០​ឆ្នាំ ​ហើយ​សមា​ជិក​វិញ​ត្រូវ​តែ​ជា​មេធាវី​ពេញ​សិទ្ធិ​ដូច​គ្នា ដែល​បាន​ប្រកប​វិជ្ជាជីវៈ​យ៉ាង​តិច ​៥ ​ឆ្នាំ ។ សមា​សភាព​ទាំង​អស់​ត្រូវ​មាន​សមត្ថ​ភាព ​ចំណេះ​ដឹង​ទូលំ​ទូលាយ និង​បទ​ពិសោធន៍​ការ​ងារ​ ព្រម​ទាំង​មាន​សីល​ធម៌​ល្អ ។ 

​ក​.​ម​.​រ មាន​ប្រភព​ធនធាន​ផ្គត់​ផ្គង់​ដោយ​ថវិការ​ជាតិ ​ដែលជា​កញ្ចប់​ថវិកា​ដោយ​ឡែក​ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​។​

​ដោយ​ឡែក ​លោក​ ប៉ែន បូ​ណា អ្នក​នាំពាក្យ​​រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ថ្លែង​ថា ក្រុម​មេធាវី​រាជរ​ដ្ឋាភិបាល​ខាង​លើ​នេះ​ មិន​ត្រឹម​តែ​ការពារ​ផ្នែក​ច្បាប់​ជូន​ថ្នាក់ដឹក​នាំ​ជាតិ​ទេ ​ក៏​ការពារ​សិទ្ធិ​ជូន​ពលរដ្ឋ​ក្រីក្រ​ផង​ដែរ​។​លោ​កថា​ នេះ​គឺជា​យន្ត​ការ​មួយ​របស់​រាជរ​ដ្ឋាភិបា​ល​អាណត្តិ​ថ្មី​នេះ​ក្នុង​ការ​បន្ត​ផ្តល់​សេវាក​ម្ម​មេធាវី​ដោយ​ឥត​បង់​ថ្លៃ​​របស់​រាជរដ្ឋា​ភិបាល​ជូន​ពលរដ្ឋ​ក្រី​ក្រដែល​គ្មាន​លទ្ធ​ភាព​ជួល​មេធាវី​ការពារ​រឿ​ងក្តី​ក្តាំ​របស់​ពួកគេ ។ 

លោក​ថា​៖«​ថ្មីៗ​នេះ​រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹ​ត្យ​បង្កើត​គណៈកម្មការ​ដោះស្រា​យ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា ​ហើយ​លើស​ពីនេះ​នៅមា​ន​ការ​បង្កើត​ក្រុម​មេធាវី​រាជរដ្ឋា​ភិបាល​ទៀត ​ដែល​ទាំងនេះ​​សុទ្ធសឹ​ងតែ​ជាការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបា​ល​កម្ពុជា ​ក្នុងការ​ផ្តល់ជូ​ន​បង​ប្អូន​ពលរដ្ឋ​និង​ថ្នាក់​ដឹក​តាមផ្លូ​វ​ច្បាប់ » ។ 

​លោ​កប​បន្ថែម​ថា ចំណែក​គណៈក​ម្មការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាកា​រ​វិញ​គឺជា​យន្តការ​ដោះស្រា​យ​រឿ​ងក្តី​ជូន​ពលរដ្ឋ​ដោយ​មិន​ចាំបា​ច់​ទៅ​តុលា​ការ រីឯ​ក្រុម​មេធាវី​រាជ​រដ្ឋាភិ​បាល​ក៏​ផ្តល់ជូ​ន​សេវា​ការពារ​រឿងក្តី​ដោយ​មិន​បង់​ថ្លៃ ។ 

លោក​បាន​បញ្ជាក់​ថា​៖«ទាំងនេះ​ពុំមែន​ជាការ​ខ្ជះខ្ជា​យ​ថវិកាជាតិ​នោះទេ​ តែ​ដើម្បី​បម្រើ​ពលរដ្ឋ​ដូច​អ្វីដែល​សម្តេច​នាយ​ក​រដ្ឋមន្ត្រី​លើក​ឡើង​ថា រាជរ​ដ្ឋាភិ​បាល​អាណត្តិ​ថ្មីគឺ​បន្ត​អ្វី​ដែល​មាន​ពី​រាជ​រដ្ឋាភិ​បាល​អាណត្តិ​មុនៗ ​ហើយ​ក្រុម​មេ​ធាវី​នេះ​មាន​តាំង​តែ​ពី​ជំនាន់​សម្តេច​តេ​ជោ​»៕

វង្ស  ដា​រា​វ៉ា​ឌី​