​បាត់ដំបង : ហ្វារ​ពន្លឺ​សិល្បៈ ទទួល​បាន​ជយ​លាភី​ពី​កម្មវិធី Shorty Impact Awards ប្រចាំឆ្នាំ​លើក​ទី៨ ក្នុង​ប្រភេទ «Contest & Challenges» ​ដោយ​ធ្វើការ​ប្រកួតប្រជែង​ក្នុង​ការបង្កើត​កំណត់ត្រា​ពិភពលោក​ហ្គី​នណេ​ស​តាមរយៈ​ការ​សម្ដែង​សៀក​រយៈពេល​វែង​បំផុត ២៤ ម៉ោង ៣០នាទី និង ១០វិនាទី​​ ​បំណង​កៀរគរ​មូលនិធិ​ដ៏​សំខាន់​សម្រាប់​ការរស់រាន​ក្នុង​អំឡុង​ពេល​​ជួប​វិបត្តិ​ជំងឺឆ្លង​រា​តត្បា​ត​សកល​។​

​ពានរង្វាន់​អន្តរជាតិ​របស់​កម្មវិធី Shorty Impact Awards ផ្តល់​កិត្តិយស​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ឌីជីថល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដ៏​ល្អ​បំផុត ទៅកាន់​អង្គការ​​ឬ​ស្ថាប័ន​ណាមួយ​ដែល​ធ្វើការ​ដើម្បី​ធ្វើឱ្យ​ពិភពលោក​ក្លាយទៅជា​កន្លែង​ដ៏​ល្អ​ប្រសើរ​ជាង​មុន​។​

​លោក អូស្មាន់ ខាវ៉ាចា​​ នាយក​ប្រតិបត្តិ​នៃ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​ បាន​ឱ្យ​ដឹង​ថា៖​​ «​យើង​ពិត​ជាមាន​ក្តីរំភើប​ជាខ្លាំង​ដែល ត្រូវ​បាន​ទទួលស្គាល់​ដោយ​ពានរង្វាន់​អន្តរជាតិ Shorty Impact Awards ដែល​បញ្ជាក់ និង​ជា​កម្លាំង​ជំរុញ​ឱ្យឃើញថា​កំណត់ត្រា​ពិភពលោក​សៀក​រយៈពេល​២៤ម៉ោង​របស់​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​បាន​ជួយ​ដល់​ការដាក់បញ្ចូល​ខេត្ត​បាត់​ដំបង និង​ប្រទេស​កម្ពុជា​នៅលើ​ទិសដៅ​សិល្បៈ និង​វប្បធម៌​»។ 


​ហ្វារ​ពន្លឺ​សិល្បៈ​គឺជា​ស្ថាប័ន​តែ១គត់​នៅ​កម្ពុជា​ដែល​ត្រូវបាន​ទទួលស្គាល់​ចំពោះ​សមិទ្ធផល​ក្នុងការ​កៀរគរ​មូល​និធិ និង​ការលើកស្ទួយ​សិល្បៈ វប្បធម៌ ក៏ដូចជា​ភាព​ច្នៃប្រឌិត​​ដោយបាន​យកឈ្នះ​ម៉ាក​យីហោ​ធំៗ​ដ៏​ល្បី​ផ្សេងទៀត​ដូចជា​៖ M&M's និង RuPaul's Drag Race ដែល​បាន​ចូល​រួម​ប្រកួត​ក្នុង​ប្រភេទ​វិញ្ញាសា​ដូចគ្នា​នោះ​ផងដែរ​។​

អង្គការ និង​ស្ថាប័ន​ជាច្រើន​ប្រទេស​មកពី​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ប្រកួតប្រជែង Shorty Impact Awards ​​រួមមាន​ សហរដ្ឋ​អាមេរិក កាណាដា ឥណ្ឌា អ៊ុយ​ក្រែ​ន អង់គ្លេស ប៉ា​ឡេ​ស្ទី​ន និង​ហ្វីលីពីន​ជាដើម​។ ម្ចាស់​ជយលាភី​ មាន​ដូចជា​ Barbie, UNICEF, Elton John, Facebook, Amazon, Al-Jazeera, Mercedes និង Dwayne "The Rock" Johnson​។​


​យោងតាម​​នាយក​ប្រតិបត្តិ​នៃ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ បាន​ឱ្យ​ដឹង​ថា ​អ្នកឈ្នះ​ពានរង្វាន់​ជយ​លាភី Shorty Impact Awards ប្រចាំឆ្នាំ​លើក​ទី​៨ ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា នៅក្នុង​ពិធី​ដោយផ្ទាល់​នៅក្នុង​សាល The Belasco ទីក្រុង Los Angeles។ កម្មវិធី​នេះ​មាន​អ្នកចូលរួម​ជាង ២០០ នាក់​មកពី​ជុំវិញ​ពិភពលោក និង​សមាជិក Real Time Academy ល្បីៗ​មួយ​ចំនួន​។​

លោក​បាន​ឱ្យ​ដឹងថា ​អ្នកឈ្នះ​ពានរង្វាន់ Shorty Impact Award ត្រូវបាន​ជ្រើសរើស​ដោយ Real Time Academy (RTA) ជា​អ្នកជំនាញ និង​អ្នកដឹកនាំ​លេចធ្លោ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល និង​បណ្តាញ​សង្គម ដែល​ត្រូវបាន​ជ្រើសរើស​ដោយផ្ទាល់ ផ្អែកលើ​ចំណេះដឹង​ដ៏​ជ្រៅជ្រះ​ក្នុង​ឧស្សាហកម្ម កេរ្តិ៍ឈ្មោះ​វិជ្ជាជីវៈ និង​សមិទ្ធផល​ឆ្នើម រួមទាំង​ស្នាដៃ shorty ពីមុនៗ​ផងដែរ​។​

រត់ ឬជិះកង់​តាម​ដងស្ទឹងសង្កែ ចម្ងាយ​៣០​គីឡូម៉ែត្រ ដើម្បី​អបអរ​សាទរ​ខួប​៣០ឆ្នាំ

ដើម្បី​អបអរ​ខួប​ឆ្នាំទី ៣០ នៃការ​បង្កើត​អង្គការ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​ ព្រឹត្តិការណ៍​រត់ ឬ​ជិះ​កង់​ ៣០ គីឡូម៉ែត្រ​តាម​ដងស្ទឹង​សង្កែ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​រំឭក​អំពី​បេសកកម្ម​​ផ្លាស់​ប្តូរជីវិត​តាមរយៈ​សិ​ល្បៈ​។ 

លោក ខាវ៉ាចា បាន​បន្ដថា​៖ «​​ដោយ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​នឹង​ត្រៀម​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​៣០​ឆ្នាំ​របស់ខ្លួន​ក្នុង​ការផ្លាស់​ប្តូរជីវិត​តាមរយៈ​សិ​ល្បៈ​ ​វា​ដល់​ពេលដែល​អ្នក​ត្រូវ​បង្វែរ​ចំណាប់អារម្មណ៍​មកលើ​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ដ៏​រំភើប​រីករាយ​ជា​បន្ទាប់​ទៀត​របស់​យើង​គឺ​ ព្រឹត្តិការណ៍​រត់តាម​ដង​ស្ទឹង​សង្កែ​ចម្ងាយ ៣០គីឡូម៉ែត្រ​»។ 

​ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែមករា ឆ្នាំ​២០២៤ ​បន្ថែមទៀត​នោះ​សមាគម​ក៏​កំពុង​អំពាវនាវ​ទៅកាន់​អ្នករត់​ប្រណាំង អ្នកជិះ​កង់ និង​អ្នក​ឧបត្ថម្ភ​នានា​ ​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​ឱ្យបាន​ច្រើន​កុះករ​ផងដែរ​។​

​លោក យួន ចន្ទ​រស្មី ​ជា​នាយក​គម្រោង​នៃ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ និង​ជា​អ្នក​សហការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​លើក​ឡើងថា៖​ «​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ យើង​មើលឃើញថា​ នៅ​​កម្ពុជា ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ការរត់ និង​ជិះ​កង់។ ដូច្នេះហើយ​យើង​បាន​បង្កើត​ព្រឹត្តិការណ៍​ពិសេស​មួយ​នេះ​ឡើង​សម្រាប់​អត្ត​ព​លិ​ក​ចូលរួម​ដែល​មកពី​តាម​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភព​លោក​»។ 

លោក​បាន​បន្ត​ថា៖​ «​ព្រឹត្តិការណ៍​នេះ​ប្រារឰ​ឡើង​នៅលើ​ដង​វិថី​ដ៏​ស្រស់ស្អាត តាម​បណ្តោយ​ដងស្ទឹង​សង្កែ ដែលជា​ស្ទឹង​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ខេត្តបាត់ដំបង ហើយ​យើង​សូម​អញ្ជើញ​អត្ត​ព​លិ​ក​ទាំងអស់​ជាពិសេស ក្នុងការ​ប្រកួត​ចម្ងាយ ៣០​គីឡូម៉ែត្រ​នេះ​។ សូម​អញ្ជើញ​ចូលរួម​ដោយ​សេរី បើទោះបីជា​យើង​ស្នើឱ្យ​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍ ធ្វើការ​កៀរគរ​មូលនិធិ​សម្រាប់​ទ្រទ្រង់​កម្មវិធី​សិល្បៈ និង​អប់រំ​ យុវជន​របស់​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​ក៏ដោយ​»។​​

លោក​បាន​ឱ្យ​ដឹងថា​ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​ក៏​នឹង​ដើរតួនាទី​ជា​កម្មវិធី​កៀរគរ​ថវិកា​សម្រាប់​ដំណើរការ​កម្មវិធី​អបរំ​សិល្បៈ​ដល់​យុ​វជន ក្នុង​ខេត្តបាត់ដំបង ជាមួយនឹង​គោល​ដៅ​កៀរគរ​មូលនិធិ​សរុប​ចំនួន​ ៣០ម៉ឺន​​ដុល្លារ​អាមេរិក​។​

​ព្រឹ​ត្តិការណ៍​​រត់​ ៣០គីឡូ​ម៉ែត្ររំឭក​ខួប ៣០ឆ្នាំ​នេះ ​បាន​ទាក់ទាញ​អ្នកចូលរួម​ជាង​១០​ប្រទេស​ផ្សេងៗ​គ្នា ​ដូចជា​ វៀតណាម សិង្ហ​បុរី កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ បែ​ល​ហ្សិ​ក បារាំង សហរដ្ឋអាមេរិក និង​កម្ពុជា​ផ្ទាល់​​​។ អ្នករៀបចំ​កម្មវិធី​ក៏​រំពឹងថា​នឹង​ទទួល​បាន​ការចុះឈ្មោះ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ក្នុង​រយៈពេល​ប្រហែល​២ខែ​ខាង​មុខ​។​

​ការរត់ ឬជិះកង់​​នឹង​ចាប់ផ្ដើម​នៅ​ទីតាំង​ជើងភ្នំ​បាណន់ ​ជា​ភ្នំ​ដ៏​ស្រស់ស្អាត​និង​ស័ក្តិសិទ្ធិ​មួយ​នៅ​ជាយក្រុង​បាត់ដំបង ដែល​ប្រាសាទ​នេះកសាង​ដើម្បី​ឧទ្ទិស​ថ្វាយ​ហិ​ណ្ឌ និង​ពុទ្ធសាសនា នា​សតវត្ស​រ៍ទី​១១​។ ផ្លូវ​ពី​ទីនោះ មាន​ខ្យល់​បរិសុទ្ធ ​និង​ជាប់​ដង​ស្ទឹង​សង្កែ កាត់​វាលស្រែ លើ​ស្ពាន​ចំណាស់ និង​កាត់​ក្រុង​បាត់ដំបង ដែលជា​ទីក្រុង​ច្នៃប្រឌិត​របស់​អង្គការ​យូ​ណេ​ស្កូ​នាពេល​ល​បច្ចុប្បន្ននេះ​។ អ្នកចូលរួម​នឹង​បញ្ចប់​ការ​ប្រណាំង​នៅ​ទីតាំង​បរិវេណ​សមាគមន​ហ្វារ​ពន្លឺ​សិល្បៈ​។​

​លោក ចន្ទ​រស្មី បាន​​លើកឡើង​ថា៖​ «​​មហិច្ឆតា​របស់​យើង​ក្នុងការ​បង្កើត និង​រៀបចំ​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​ឡើង មិនមែន​គ្រាន់តែ​ដើម្បី​កៀរគរ​ថវិកា​សម្រាប់តែ​សាលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​អភិវឌ្ឍ​ខេត្តបាត់ដំបង​ឱ្យក្លាយ​ជា​គោលដៅ​សម្រាប់​អ្នក​ទេសចរ​ផង​ដែរ​»​។ 

លោក​បាន​បញ្ជាក់​ថា​៖ «​​នៅ​ប៉ុន្មាន​ឆ្នាំ​ទៅមុខទៀត យើង​សង្ឃឹមថា ​ព្រឹត្តិការណ៍​រត់​ឬ​ជិះ​កង់​តាម​ដងស្ទឹង​សង្កែ​មួយ​នេះ​នឹង​អាច​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​សម្រាប់​ក្រុង និង​ខេត្ត​បាត់ដំបង​ដើម្បី​ពង្រឹង​តួនាទី​របស់ខ្លួន​ឱ្យក្លាយ​ជាម​ជ្ឈ​មណ្ឌល​សិល្បៈ​និង​វប្បធម៌​នៃ​កម្ពុជា​»​៕