​ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆែក​ប្រចាំ​នៅ​កម្ពុជា លោក Martin Vávra បាន​បញ្ជាក់ថា នឹង​បន្ត​ជួយ​គាំទ្រ​កម្ពុជា​តាមរយៈ​ក្រសួង​ការងារ​លើ​កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​


​ការលើកឡើង​របស់​ឯក​អគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ឆែក​ដូចនេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិ​ភា​ក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ​នៅ​ទីស្តីការក្រសួង កាល​ថ្ងៃទី ​២២ ខែវិច្ឆិកា ឆ្នាំ​​ ២០២៣​។  ​នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ស្តីពី​ជំនួប​ទ្វេភាគី​។​

​នាឱកាស​នោះ លោក Martin Vávra បាន​ថ្លែងថា រដ្ឋា​ភិ​បាល​នៃ​សាធារណរដ្ឋ​ឆែក​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ដល់​កម្ពុជា​បន្ថែមទៀត  ​ជាពិសេស​សម្រាប់​កម្មវិធី​បណ្តុះ​​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​។​


​ជាមួយគ្នា​នោះ លោក​ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ការចាប់ផ្តើម​អនុវត្ត​កម្មវិធី​ថ្នាក់ជាតិ​ចំនួន ​២ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ រួមមាន កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ចំនួន​ ១,៥ ​លាន​នាក់ និង​កម្មវិធី​របប​ស​ន្តិ​​សុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រ​​ចិត្ត​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​នៅក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​.​។​

​ក្នុងជំនួប​នោះ លោក​ហេង​ សួរ បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​ឆែក​ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្ពុជា​ទាំង​វិស័យ​ការងារ និង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នាពេល​កន្លងមក​។ លោក​ថា សាធារណរដ្ឋ​ឆែក​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការផ្តល់​ការអប់រំ​ដល់​ប្រជាជន​កម្ពុជា ជាក់ស្តែង​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ជាច្រើនរូប បានបញ្ចប់​ការសិក្សាអប់រំ​ពី​ប្រទេស​ឆែក​នាពេល​កន្លងមក​។​


​លោក​បាន​បន្តថា​៖ «​កន្លង​មកនេះ តាមរយៈ​អង្គការ People In Need (PIN) នៃ​សា​​ធារ​ណ​រដ្ឋ​ឆែក បាន​សហការ​គាំទ្រ​យ៉ាងខ្លាំង​ជាមួយ​ទី​ភ្នា​ក់​​ងារ​ជាតិ និង​មុខរបរ​(NEA) រួម​នឹង​ការជួយ​ទាំង​ផ្នែក​ឧបករណ៍​សម្ភារ​បច្ចេក​ទេស គ្រូ​បង្គោល ជំនាញ​បច្ចេកទេស​ជាដើម​ដល់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ឆ្នាំង វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង និង​វិទ្យា​ស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ទៀតផង​»​។​

​បន្ថែម​ពីនេះ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក​ពិនិត្យ​លើ​ការជួយ​គាំទ្រ​ក្នុងការ​បង្កើត​ទារកដ្ឋាន និង​ម​ត្តេ​យ្យ​សិក្សា​សហគមន៍​នៅក្នុង​តំបន់​រោងចក្រ​ដើម្បី​អាច​ធានាបាន​នូវ​ការបង្កើត​មូលធន​មនុស្ស​ជំនាន់​ក្រោយ​ប្រកបដោយ​គុណ​​ភាព និង​សុខុមាលភាព​ផងដែរ​។​

​ជុំវិញ​រឿងនេះ​ដែរ លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា​បាន​ថ្លែងថា ការសហការ​គ្នា​របស់​ក្រសួង​ការងារ និង​ប្រទេស​ឆែក លើ​ការពង្រីក​ការគាំទ្រ​លើ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស គឺជា​យន្ត​​ការសំខាន់​ក្នុង​ការជួយ​បំពេញតម្រូវការ​ការងា​រនា​ពេលបច្ចុប្បន្ន និង​អនាគត​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ក៏បាន​ស្នើឱ្យ​ក្រសួង​ពង្រីក​កិច្ច​សហការ​ជាមួយ​មជ្ឈដ្ឋាន​ខាងក្រៅ​ឱ្យបាន​ច្រើន​ថែមទៀត ដើម្បី​ទាញ​កំណើនសេដ្ឋកិច្ច​លើ​វិស័យនេះ​»​។​

​បើតាម​ក្រសួង​ការងារ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស និង​កម្មវិធី​ថែទាំ សុខភាព​គឺជា​ចំណុច អាទិភាព​នៅក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី ​៧​ នេះ​ដើម្បី​ធានាបាន​នូវ​មូល​ធន​មនុស្ស​ប្រកបដោយ​គុណ​​ភាព និង​សុខ​ភាពល្អ​។​

​គួរ​ជម្រាប​ថា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក កំពុង​រៀបចំ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ឆ្នាំ​ ២០២៤-២០៣០ ​ដែល​ក្នុងនោះ​វិស័យ​អប់រំ និង​វិស័យ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​គឺ​វិស័យ​អាទិភាព​សំខាន់​នៅក្នុង​របៀប​​វារៈ​ជា​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍ​នៃ​ប្រទេស​ឆែក​៕