ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ស្នើឱ្យ​វិទ្យាស្ថាន​​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ​​(CDRI)​​​ សិក្សា​ស្រាវជ្រាវ​ជា​លទ្ធផល​ដើម្បី​ជា​គន្លឹះ​ចង្អុល​ទិស​ប្រមូល​ធាតុ​ចូល​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែលជា​ទិសដៅ​ជួយ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​


​ការស្នើ​របស់​ប្រមុខ​រដ្ឋាភិបាល​ដូច្នេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០២៣ ​ក្រោម​ប្រធានបទ​ «​ចក្ខុវិស័យ ប្រទេស​កម្ពុជា​ឆ្នាំ​ ២០៣០ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​៖ ការកំណត់​មាគ៌ា​សម្រាប់​វិបុលភាព​ប្រកប​​ដោយ​ភាព​ធន់ និរន្តរភាព និង​បរិ​យាប​ន្ន​» ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ CDRI​ ជា​សន្និសីទ​លើក​ទី​១៥ នៅ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត លើកឡើងថា លោក​ចង់ឃើញ​លទ្ធផល​សិក្សា​របស់​វិទ្យាស្ថាន ​CDRI មិន​ត្រឹមតែ​ជា​លទ្ធផល​ស្រាវជ្រាវ​បង្កើន​ការយល់ដឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លទ្ធផល​សិក្សា​ទាំងនោះ ត្រូវ​​តែ​ជា​ឯកសារ​ចង្អុល​ទិស​គន្លឹះ​សំខាន់ៗ​សម្រាប់​ផ្តល់​ជា​ធាតុ​ចូល​ជាមួយ​រដ្ឋាភិបាល ក្នុងការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​ជា​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ប្រឈម​។​


​លោក​គូសបញ្ជាក់ថា ការប្រមូល​ធាតុ​ទាំងនេះ​ជា​លទ្ធភាព​ដើម្បី​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតមាន និង​ជា​បន្តបន្ទាប់​ទៅទៀត ក្នុងដំណាក់កាល​ដែល​ក​ម្ពុ​ជា​ឆ្លងកាត់​ក្នុងឋានៈ​ជា​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​នៅ​ឆ្នាំ​ ២០២៧ ខាងមុខ ហើយ​ដើម្បី​អាចឱ្យ​កម្ពុជា​ពង្រឹង ពង្រីក​មូល​ដ្ឋា​ន​សេដ្ឋកិច្ច​ឱ្យបាន​រឹងមាំ និង​ពិពិធ​កម្ម​ដើម្បី​ភាព​ធន់​នៃ​សង្គម​​សេដ្ឋកិច្ច​ឈានទៅ​សម្រេច​ចក្ខុ​​វិស័យ​ខ្លួន​។​

​លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សង្ឃឹមថា សន្និសីទ​នៅថ្ងៃនេះ​នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រកបដោយ​ផ្លែផ្កា ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី ដែល​ចូលរួម​ពិភាក្សា​ឱ្យបាន​សកម្ម​និង​ផុសផុល​ដើម្បី​សន្និសីទ​នៅថ្ងៃនេះ បញ្ចប់​ទៅដោយ​ផ្លែផ្កា ដែល​អាច​ប្រមូល​ជា​ធាតុ​ចូល​សំខាន់ៗ​សម្រាប់​ជាការ​វិភាគ សន្និដ្ឋាន​របស់​ CDRI លើ​ប្រធាន​​បទ​សំខាន់ៗ​»​។​


​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា រដ្ឋាភិបាល​មិនដែល​បំភ្លេច​មហិច្ឆតា​ប្រែក្លាយ​ប្រទេស​ទៅជា​ប្រទេស​ចំណូល​មធ្យម​​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ​២០៣០ ឡើយ ទោះបី​ជួបប្រទះ​វិបត្តិ​សកល​ធំៗ​ក្តី ដែល​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ចេ​កោណ​ដំណាក់កាល​ទី​១ ដែល​រួមមាន​គន្លឹះ​អាទិភាព​ចំនួន​ ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​។​

​លោក​សង្កត់ធ្ងន់ថា កម្ពុជា​ត្រូវប្រកាន់យក​ការធ្វើកំណែទម្រង់ និង​ធ្វើ​ពិពិធ​កម្ម​ជានិច្ច ស្រប​ជាមួយ​ស្ថានការណ៍​វិវឌ្ឍន៍​ឥតឈប់ឈរ​នៃ​បរិការណ៍​សកល​។

លោក​លើកឡើង​បរិការណ៍​ចំនួន ​៤ ក្នុងនោះ ទី​១ ការផ្លាស់ប្តូរ​ស្ថានភាព​សេដ្ឋ​​កិច្ច​ពី​លក្ខណៈ​ឯក​ប៉ូល ទៅជា​ប្រព័ន្ធ​ពហុ​ប៉ូល ទី​២ ការចាប់ផ្តើម​ពឹងផ្អែក​ខ្លាំង​លើ​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែលមាន​ទំនោរ​សមាហរណកម្ម​ក្នុង​តំបន់​កាន់តែ​ស៊ី​​ជម្រៅ​។ ចំណែក​បរិការណ៍​ទី​ ៣ ​ការរីកចម្រើន​ផ្នែក​ឌីជីថល​ជា​ពិសេស​បញ្ញា​សិប្បនិម្មិត ​(AI) ទី​៤ ប្រភព​ហិរញ្ញប្បទាន​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​ក្នុង​បរិបទ​រឹត​​បន្ដឹង​គោលនយោបាយ​រូបិយវត្ថុ មាន​ទំហំ​មិន​គ្រប់គ្រាន់ និង​គ្មាន​ការសម្របសម្រួល​។​

​ជុំវិញ​បញ្ហា​នេះដែរ លោក ​យង់​ ពៅ អគ្គលេខាធិការ​នៃ​រាជ​​បណ្ឌិត្យសភា​កម្ពុជា បាន​លើកឡើងថា ជាទូទៅ​រដ្ឋាភិបាល​ប្រទេស​ណា​ក្តី​ដែល​ផ្តល់​តម្លៃ​លើ​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​សម្រាប់​ដាក់ចេញ​គោ​លន​យោ​​បាយ និង​យុទ្ធសាស្ត្រ​គេ​តែង​ឃើញ​ការរៀបចំ​គោលនយោបាយ​បាន​ត្រឹមត្រូវ និង​អាច​កាត់បន្ថយ​ភាពខុស​ឆ្គង​ព្រោះ​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ជា​ឆ្អឹងខ្នង​នាំឱ្យមាន​ការអភិវឌ្ឍ បើ​មិន​ដូច្នោះ​ទេ នឹង​នាំឱ្យ​ការអភិវឌ្ឍ​មានការ​យឺត​​យ៉ាវ​និង​គ្មាន​សណ្តាប់ធ្នាប់​។​

​លោក​ថា តួយ៉ាង​រាជបណ្ឌិត្យ​សភា​កម្ពុជា ​(RAC)​ របស់លោក​ជាដើម​ក៏​តែង​សិក្សា​ស្រាវជ្រាវ​ផ្តល់​ធាតុ​ចូល​ជាមួយ​រដ្ឋាភិបាល​ជារឿយៗ​ផងដែរ និង​ជា​ធាតុ​ចូល​សម្រាប់​សង្គមជាតិ​ទាំងមូល ដោយ RAC ជា​គ្រឹះស្ថានសាធារណៈ​ចំណុះ​រដ្ឋាភិបាល​។​

​លោក​បញ្ជាក់ថា​៖ «​វិទ្យាស្ថាន CDRI ជា​ដៃគូ​របស់​រដ្ឋាភិបាល​ជា​យូរណាស់​មកហើយ​តាំងពី RAC មិនទាន់​បង្កើត​មក​ម្ល៉េះ​។ CDRI បាន​ដើរតួនាទី​ស្រាវជ្រាវ​សម្រាប់​រដ្ឋាភិបាល​ជា​យូរយារ​ណាស់​មកហើយ រហូត​ក្លាយជា​ដៃគូ​របស់​រដ្ឋាភិបាល ដែល​ជួយ​រដ្ឋាភិបាល​ជាប្រចាំ​។​

​សម្រាប់​លោក ប៉ា ច័ន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បាន​ថ្លែងថា ជាការ​ចាំបាច់​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រមូល​ធាតុ​ចូល​ពី​តួអង្គ​នានា​ពី​សង្គម​ស៊ីវិល ពី​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ពី​ប្រជា​ពលរដ្ឋ​ពី​វិស័យ​ឯកជន​ដើម្បី​ធានា​ការដាក់ចេញ​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។ ការសិក្សា​ស្រាវជ្រាវ​នេះ​ទៀតសោត​ក៏​ជួយ​ដល់​ការតាមដាន​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​​បាល​ដើម្បី​វាយតម្លៃ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​កិច្ចការ​ទាំងនេះ​ត្រូវមាន​ការចូលរួម​ពី​ស្ថាប័ន​ស្រាវជ្រាវ ឬ Think Tank ជា​ចាំបាច់ តួយ៉ាង CDRI និង​ស្ថាប័ន​ដទៃទៀត​ទាំង​របស់​រដ្ឋ ឯកជន ឬ​ស្ថាប័ន​ឯករាជ្យ ដើម្បី​ធានា​ដល់​ការប្រមូល​ធាតុ​ក្នុង​គោលនយោបាយ និង​យុទ្ធ​សាស្ត្រ​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ បាន​ប្រមូល​គ្រប់​សព្វ​ជ្រុងជ្រោយ​»​។​

​លោក​បាន​បន្តថា តាម​លោក​សង្កេត​ផ្ទាល់​ឃើញ​ពី​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន CDRI សម្រាប់​រដ្ឋាភិបាល ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​គួរតែ​បង្កើន​ការ​បង្កើត​វេទិកា​ដើម្បី​ប្រមូល​ធាតុ​ចូល​សំខាន់ៗ​ពី​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ជាច្រើន​ទៀត ជាពិសេស​ពី​អង្គការ​សង្គម​ស៊ីវិល ពី​ស្ថាប័ន​ឯករាជ្យ​ជាដើម ហើយ​ដាក់បញ្ចូល​ធាតុ​ចូល​ទាំងនេះ​ទៅក្នុង​ផែនការ​សកម្មភាព​រប​ស់រាជ​រដ្ឋាភិបាល​៕