ភ្នំពេញៈ លោក Takahashi Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា បាន​លើកឡើងថា ជប៉ុននឹង​បន្ត​ពង្រីក​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែមទៀត​។​


​ការលើកឡើង​របស់​ភា​គី​ជប៉ុន បានធ្វើ​នៅក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​ដាច់ដោយឡែក​ពីគ្នា​លោក Takahashi Fumiaki ជាមួយ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស សុខា និង​រដ្ឋមន្ត្រីក្រសួង​ប្រៃ​ស​ណី​យ៍ និង​ទូរគមនាគមន៍ លោក ជា វ៉ាន់​ដេ​ត កាលពី​ថ្ងៃទី​ ២២ ខែ​វិច្ឆិកា​។

ក្នុងជំនួប​នោះ លោក តាកាហាស៊ី ហ្វូ​មី​អាគី (Takahashi Fumiaki)​បាន​ជម្រាបជូន​ថា បច្ចុប្បន្ន​សមាគម​ជប៉ុន​-​កម្ពុជា កំពុង​កៀរគរ និង​ជំរុញ​វិ​និ​យោគិន​សហគ្រាស​ធុន​តូច និង​មធ្យម​ជប៉ុន ដែលមាន វិជ្ជាជីវៈ និង​បច្ចេកវិទ្យា​ទំនើប​មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា ក្នុងន័យ​ដើម្បី​ជំរុញ​ការវិនិយោគ​បន្ថែម ដោយ​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​។ 


​សមាគម​ជប៉ុន​-​កម្ពុជា នឹង​បើក​ការិយាល័យ​នៅ​កម្ពុជា​នៅ​ខែមេសា ឆ្នាំ​ ២០២៤ ខាងមុខនេះ ដើម្បី​ជួយ​សម្រួល ដល់​ទំនាក់​ទំនង​រវាង​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា និង​សមាជិក​នៅ​ប្រទេស​ជប៉ុន​។

លោក​ថា​៖ «​ការិយាល័យ​នេះ​នឹង​លេចចេញ​ជា​រូបរាង​នៅ​ឆ្នាំ​ ២០២៤ ​ដើម្បី​ដើរតួនាទី​ជា​មជ្ឈមណ្ឌល​កណ្តាល​ក្នុងការ​សម្របសម្រួល និង​ផ្តល់​ភាពងាយស្រួល​ដល់​ការ​​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ជប៉ុន​និង​ដៃគូ​វិនិយោគ​នានា​នៅ​ប្រទេស​កម្ពុជា​»​។​

​លោក​ ជា វ៉ាន់​ដេ​ត បានស្នើ​ដល់​ក្រុមហ៊ុន​ជប៉ុន​ផ្នែក​បច្ចេកវិទ្យា ឱ្យ​សិក្សា​បង្កើត​កិច្ចសហការ​ជា​​មួយ​សាកលវិទ្យាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​លើ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​ឬ​ក្រុមហ៊ុន​អាច​បើក​សាលា​បណ្តុះបណ្តាល​ខ្លួនឯង ដើម្បី​អាចធ្វើឱ្យ​សិស្ស​មានលទ្ធភាព​ទទួល​បាន​ជំនាញ​ខ្ពស់ អាចធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន និង​ចូលរួម​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផងដែរ​។


​ក្នុងជំនួប​នៅ​ថ្ងៃ​ដដែល​នោះ លោ​ក ស សុខា ក៏បាន​អរគុណ​សមាគម​ជប៉ុន​-​កម្ពុជា​ដែល​បាន​ជួយ​ជ្រោមជ្រែង និង​ចូលរួម​យ៉ាងសកម្ម​ដល់​ការពង្រឹង​ចំណង​កិច្ច​សហប្រតិបត្តិការ​ជាពិសេស​ការ​ជំរុញ​វិនិយោគិន​ជប៉ុន​មក​បណ្ដាក់​ទុន ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​។

ជាមួយគ្នានេះ​លោក ស សុខា បាន​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​បើក​ការិយាល័យ​សមាគម​ជប៉ុន​-​កម្ពុជា នៅ​រាជ​​ធានី​ភ្នំពេញ និង​អរគុណ​វិ​និ​យោ​គិ​ន​ជប៉ុន ដែល​បានបង្ហាញ​ការចាប់ អារម្មណ៍​ចំពោះ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម ទេសចរណ៍ និង​គ្រឿងសម្អាង​នៅ​កម្ពុជា​។​

​គួររំឭកថា ក្នុងជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​លោក តាកាហាស៊ី ហ្វូ​មី​អាគី កាល​ពីថ្ងៃ​ទី​ ២១ ខែវិច្ឆិកា ភាគី​ជប៉ុន​លើក​ឡើង​ថា សមាគម​ជប៉ុន​-​កម្ពុជា បាននិងកំពុង​ជំរុញ​អ្នកវិនិយោគ​ធុន​តូច និង​មធ្យម​របស់​ជប៉ុន​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​មួយចំនួន​ជាអាទិ៍​ការ​បោសសម្អាត​មីន គមនាគមន៍ និង​ការបណ្តុះ​​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជួសជុល​យានយន្ត និង​គិ​លា​នុ​​ប​ដ្ឋា​កជាដើម​។ 

​លោក ​ហ៊ុន ម៉ា​​ណែ​ត ​បាន​គាំទ្រ​ចំពោះ​ការវិនិយោគ​បន្ថែមទៀត​ពី​ប្រទេស​ជប៉ុន ​ព្រម​ទាំង​បាន​ជម្រាបជូន​គណៈប្រតិភូ​ជប៉ុន​អំពី​ភាព​ទាក់ទាញ​នៃ​ច្បាប់​វិនិយោគ​ថ្មី និង​គោលនយោបាយ​លើកទឹកចិត្ត​សម្រាប់​វិនិយោគិន និង​ធុរជន ដែល​ធានាបាន​ភាព​ប្រាកដនិយម​ចំពោះ​បរិយាកាស វិនិយោគ​នៅ​កម្ពុជា​៕