ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​វិស័យ​អប់រំ​ ២០២៣ បាន​ពិភាក្សាគ្នា ដើម្បី​ពិនិត្យ និង​ផ្តល់​ការគាំទ្រ​ដល់​ការ​​បង្កើត​យុទ្ធសាស្ត្រ​ថ្មី​ក្នុងការ​លើកកម្ពស់​ការ​អប់រំ​នៅ​កម្ពុជា ខណៈដែល​ក្រសួង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នឹង​បន្ត​កិច្ច​សហ​​ប្រតិបត្តិការ​គ្នា​លើ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​កម្មវិធីសិក្សា​។​


​កិច្ចពិភាក្សា​នេះ ធ្វើឡើង​ក្រោម​វត្តមាន​លោក​ឧបនាយករដ្ឋមន្ដ្រី ហង់​​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក Dr. Will Parks តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ (UNICEF)​ និង​ជា​ប្រធាន​ក្រុមការងារ​វិស័យ​អប់រំ (ESWG)​ ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន​រូប​ទៀត​មកពី​ស្ថាប័ន ADB,EU,JICA, NEP, KOICA, WB,UNESCO​ និង​ WFP ​ដែលជា​ការចូល​រួម​ដោយផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ផងដែរ​។ នេះ​បើ​យោងតាម​ការជូនដំណឹង​ក្រសួង​អប់រំ កាលពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។​

​ក្រសួង​អប់រំ​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ និង​ផ្តល់​ការគាំទ្រ សម្របសម្រួល​ការអនុវត្ត​អាទិភាព​សកម្មភាព​សំខាន់ៗ និង​បង្កើត​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ប្រើប្រាស់​ធនធាន​ឱ្យបាន​សមស្រប​ត្រូវចំ​គោល​​ដៅ​សម្រាប់​កែលម្អ​កម្មវិធី​អប់រំ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​»​។​


​ក្នុង​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សាគ្នា​សំខាន់​លើ​លទ្ធផល សកម្មភាព និង​ផែនការ​​យុទ្ធសាស្ត្រ រួមមាន ចំណុច​ទី​ ១ របាយ​​ការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ថវិកា​២០២៣ ចំណុច​ទី​ ២ កំណែ​​ទម្រង់​កម្មវិធី​សាលារៀន និង​ការបង្កើត​សាលា​គំរូ​។ ចំណុច​ទី ​៣ ធ្វើ​បច្ចុប្បន្ន​​ភាព​លើ​ការអភិវឌ្ឍ​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​ថ្មី ២០២៤-២០២៨ ចំណុច​ទី ​៤ វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធីសិក្សា​ថ្នាក់ដំបូង ចំណុច​ទី ៥ យុទ្ធសាស្ត្រ​ពង្រីក​ការអនុវត្ត​ក្នុងការ​បណ្តុះបណ្តាល និង​បំប៉ន​ឡើងវិញ​គ្រូបង្រៀន​កម្រិត​ថ្នាក់ដំបូង និង​ចំណុច​ទី ​៦ របាយ​ការណ៍​វឌ្ឍនភាព​នៃ​សកម្មភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែងថា​៖ «​ក្រសួង​សូម​ផ្តល់​អនុសាសន៍​ជា​គន្លឹះៗ​មួយចំនួន លើ​ការ​​បន្ត​អនុវត្ត​កម្មវិធី​កំណែទម្រង់​កម្មវិធីសិក្សា និង​ការអប់រំ​គ្រូបង្រៀន ដោយ​អនុវត្ត​ផែនការ​អាទិភាព​ដោយ​ផ្ដោតលើ​ការរៀបចំ​គោលនយោបាយ​ផ្អែកលើ​លទ្ធផល​បន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​កាន់តែ​ប្រសើរ ឈាន​ឆ្ពោះទៅ​សម្រេច​គោលដៅ​រួម​ជាច្រើន​ទៀត​ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​»​។​


​ជុំវិញ​វិស័យ​អប់រំ​នេះ លោកស្រី អ៊ុក​ ឆា​យ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​​កម្ពុជា​ឯករាជ្យ បានឱ្យដឹងថា បច្ចុប្បន្ន ប្រព័ន្ធ​អប់រំ​បណ្ដុះបណ្ដាល​នៅ​កម្ពុជា​មិនទាន់មាន​ភាពល្អប្រសើរ​ប៉ុន្មាន​ទេ ដោយសារ​លោកស្រី​មើលឃើញ នៅលើ​បណ្ដាញ​សង្គម​ក្នុង​ ១ ​ថ្ងៃៗ​ឃើញ តែ​ការប្រើប្រាស់​ពាក្យសម្តី​អសុរោះ​ជា​ហូរហែ ដូចជា ការវាយប្រហារ ការ​មាក់ងាយ និង​ការប្រើ​អំពើហិង្សា កាប់​សម្លាប់​ជាដើម​បាន​កើតឡើង​ស្ទើរ​រាល់​​ថ្ងៃ​គួរឱ្យ​មានការ​បារម្ភ​។ លោកស្រី​ថ្លែងថា​៖ «​កាលណា​សីលធម៌​សង្គម​យើង​ធ្លាក់ចុះ នោះ​វា​ក៏​បណ្ដាលឱ្យ​ប្រព័ន្ធ​អប់រំ​កំពុង​ធ្លាក់ចុះ​ដែរ ដូច្នេះ​ស្ថានភាព​បែបនេះ គឺ​បញ្ជាក់ថា ការអប់រំ​មិនទាន់​ប្រសើរឡើង​ទេ​»​។​

​យ៉ាងណាក្ដី លោកស្រី អ៊ុក ឆា​យ៉ា​វី បាន​បញ្ជាក់ថា​៖«​ចំពោះ​អ្វីដែល​ក្រសួង​កំពុងតែ​ធ្វើ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នេះ​ទាក់ទង​នឹង​ការលើកកម្ពស់​ប្រព័ន្ធ​អប់រំ​គឺ​វា​ជា​រឿង​ល្អ ហើយ​លោកស្រី​គាំទ្រ​ចំពោះ​សកម្មភាព​ទាំងនេះ​ដែរ​។ ខ្ញុំ​សង្ឃឹមថា ការសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​នេះ​នឹង​ធ្វើឱ្យ​ការអប់រំ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ឡើង ជាពិសេស​គឺ​លើកកម្ពស់​សីលធម៌​សង្គម​»៕