ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យម​​សិក្សា​ទុតិយភូមិ​ ​(​បាក់​ឌុប​)​ ដោយ​ក្នុងនោះ​មាន​បេក្ខជន​ប្រឡង​ជាប់​សរុប​ចំនួន​ ៩៨ ៤៦០ ​នាក់ ​ត្រូវជា​ជិត ​៧៣ ​ភាគរយ​ នៃ​ចំនួន​បេ​ក្ខ​ជន​មក​ប្រឡង ខណៈ​ដែលមាន​បេក្ខជន​ជាប់​និទ្ទេស A ចំនួន​ ១ ៦៧៣​ នាក់ ។​


​ការប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប​នេះ សម្រាប់​រាជធានី​​ភ្នំពេញ និង​ខេត្តកណ្តាល​ត្រូវបាន​ប្រកាស​កាលពី​រសៀល​ថ្ងៃទី​ ២៣ ​វិច្ឆិកា ខណៈ​នៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​ត្រូវ​បិទ​ប្រកាស​នៅ​ថ្ងៃទី​ ២៤ ​វិច្ឆិកា​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ២៣ ខែ​វិច្ឆិកា ស្តីពី​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី​ ៦ ខែវិច្ឆិកា ​ឆ្នាំ ២០២៣ ​បានឱ្យដឹងថា​៖ «​ជា​លទ្ធផល​បេក្ខជន​ប្រឡង​ជាប់​សរុប ៩៨ ៤៦០ ​នាក់ ត្រូវជា ៧២,៨៩ ភាគរយ​នៃ​ចំនួន​បេក្ខជន​មក​ប្រឡង​។ បេក្ខជន​ជាប់​និទ្ទេស A ចំនួន ១ ៦៧៣​ នាក់ និទ្ទេស B ចំនួន ៦ ៩៦៤ ​នាក់ និទ្ទេស C ចំនួន​ ១៨ ៣០៨​ នាក់ និទ្ទេស D ចំនួន ​៣៤ ២៤៦ ​នាក់ និង​និទ្ទេស E ចំនួន ៣៧ ២៦៩​ នាក់ ។​


​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ ​២០២៣ មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន​ ១៣៧ ៤១២ ​នាក់ ស្រី​ ៧៣ ២៧៨ ​នាក់ ចែកជា ​២២៧ ​មណ្ឌល​ប្រឡង​ត្រូវជា​ ៥ ៥៤៣ ​បន្ទប់​។ បេក្ខជន​អវត្តមាន​សរុប ២ ៣២៨​ នាក់ ស្រី​ ៩៣៤​ នាក់ ស្មើនឹង​ ១,៦៩ ​ភាគរយ នៃ​បេក្ខជន​ចុះឈ្មោះ​សរុប​(​ក្នុងនោះ​បេ​ក្ខ​ជន​ស្វៃរិន​អវត្តមាន​ចំនួន ១ ៨១៤​ នាក់ ស្រី​ ៧៤៩ ​នាក់​)​។​

​ជាមួយគ្នានេះ​ក្រសួង​អប់រំ​បាន​ជម្រាបជូន​ប្រធាន​មន្ទីរអប់រំ​រាជ​-​ធានី​ខេត្ត ឱ្យ​ចាត់តាំង​តំណាង​ដោយ​ភ្ជាប់​មកជា​មួយ​នូវ​លិខិត​ឧទ្ទេសនាម​ដែល​ប្រើប្រាស់​ថវិកា​មន្ទីរ​សាមី ឱ្យមក​ទទួលយក​បញ្ជី​ប្រកាស​លទ្ធផល​ប្រឡង​តាម​មណ្ឌល សំណេរ​ក្នុង​រាជធានី ខេត្ត នៅ​បន្ទប់​អនុគណៈកម្មការ​បូក​​សរុប​របាយការណ៍​អគារ​រដ្ឋបាល​ក្រសួង ចៅពញា​ហុក ជាន់​ទី​ ៥ ដើម្បី​យកទៅ​បិទ​ផ្សាយ​នៅតាម​មណ្ឌល​សំណេរ​នីមួយៗ តាម​កាលបរិច្ឆេទ និង​ពេលវេលា​កំណត់​ខាងលើ​។​


​ការបើក​ស្រោម​បញ្ជី​ប្រកាស​លទ្ធផល​ប្រឡង ត្រូវ​ធ្វើតាម​មណ្ឌល​សំណេរ​រៀងៗ​ខ្លួន ដោយមាន​ការចូលរួម ពី​នាយក នាយិកា​គ្រឹះស្ថានសិក្សា​ដែលជា​មណ្ឌល​ប្រឡង តំណាង​កា​រិ​យា​ល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ​ដែលមាន​មណ្ឌល​ប្រឡង និង​តំណាង​អាជ្ញាធរ​ដែនដី​ផងដែរ​។ ម្យ៉ាងវិញទៀត​ការបើក​នេះ ត្រូវមាន​របាយការណ៍​ផ្ញើមក​នាយកដ្ឋាន​កិច្ចការ​ប្រឡង​វិញ តាម​តេ​ឡេ​ក្រាម​លេខ (០១២៧៣៦ ៧៦៧ ដោយមាន​បញ្ជាក់​ពី​ស្ថានភាព​ស្រោម​ដែលមាន​បិទ​ស្កុ​ត និង​វាយ​ត្រា​របស់​នាយកដ្ឋាន​កិច្ចការ​ប្រឡង ពេលវេលា​បើក​ស្រោម បញ្ជីរាយនាម និង​ហត្ថលេខា​របស់​អ្នកចូលរួម​។​

​មុន​ការប្រកាស​លទ្ធផល​នេះ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ថ្នាក់ដឹកនាំ​ក្រសួង បាន​ចុះ​​ពិនិត្យ​ការបោះពុម្ព​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្រោម​ការចូលរួម​ពិនិត្យ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ធានាបាន​ថា គ្រប់​ដំណាក់កាល​នៃ​ការប្រឡង​ប្រព្រឹត្ត​ទៅដោយ​គោរព​តាម​គោល​ការ​ណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។​

​ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​គ្រប់​គណៈកម្មការ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ បាន​បំពេញ​ភារ​កិច្ច​របស់ខ្លួន យ៉ាង​យកចិត្ត​ទុក​ដាក់ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​»​។​

​គួរ​ជម្រាប​ថា លទ្ធផល​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ​ ២០២៣ មានការ​កើនឡើង​ជាង​ឆ្នាំមុន ដោយ​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ​ ២០២២ មាន​សិស្ស​ចំនួន ៩០ ៩៥០​នាក់​ប្រឡង​ជាប់ ស្មើនឹង ៧២,៣៣ ​ភាគរយ ក្នុងនោះ​មាន​សិស្ស​ជាប់​និទ្ទេស A ចំនួន ១ ០៤៩​ នាក់ និទ្ទេស B ចំនួន ៧ ២៣២ ​នាក់ និទ្ទេស C ចំនួន ១៩ ០៥៣​ នាក់ និទ្ទេស D ចំនួន​ ៣១ ១៦៦ ​នាក់ និង​និទ្ទេស E ចំនួន ៣២ ៤៥០ ​នាក់​៕