​ភ្នំពេញៈ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ ​(USAID) នា​ថ្ងៃទី​ ២៣ ខែវិច្ឆិកា​នេះ ​បានប្រកាស​គម្រោង​ថ្មី​មួយ​ឈ្មោះថា “​គម្រោង​លើកកម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព ជំហាន​ទី​២ (EQHA II)” ដែលមាន​រយៈពេល​ ៥ ​ឆ្នាំ ដើម្បី​បន្ត​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល​សាធារណៈ និង​ឯកជន​សម្រាប់​ប្រជាជន​កម្ពុជា​។


គម្រោង​លើកកម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព​ជំហាន​ទី​២ (EQHA II) ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែកលើ​ភាពជោគជ័យ​យ៉ាងសំខាន់ ដែល​សម្រេចបាន​តាមរ​យៈ​គម្រោង​លើកកម្ពស់ គុណភាព​សេវា​ថែទាំ​សុខភាព​ជំហាន ទី​១ (EQHA) ដែល​បាន​អនុវត្ត រយៈពេល​ ៥ ​ឆ្នាំ (២០១៨ ដល់ ២០២៣)​ របស់​USAID ក្នុងការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ជាតិ ដើម្បី​លើកកម្ពស់​ការទទួល បាន​អាជ្ញាប័ណ្ណ និង​ការទទួលស្គាល់​គុណភាព​ដែលនាំឱ្យ​មានការ​កែលម្អ នូវ​គណនេយ្យភាព​រប​ស់​អ្នកផ្តល់​សេវា​សុខាភិបាល​នៅ​ទូទាំងប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​USAID​។

​គម្រោងជំហាន​ទី​២ ដែលមាន​តម្លៃ ៣៥​ លាន​ដុល្លារ​សហរដ្ឋអាមេរិករ​បស់​ USAID ​នេះ នឹងត្រូវ​អនុវត្ត​ដោយ អង្គការ ​FHI 360 ជា​អង្គការ​អន្តរជាតិ ដែល​សហការ​ជាមួយ​ប្រទេស​កម្ពុជា និង​ជា​ដៃគូ​ធ្វើការ​ជាមួយ USAID នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ​២៥ ​ឆ្នាំ​។


លោកស្រី​ Kerry Pelzman តំណាង ​USAID​ ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាសថា​៖ “USAID កំពុង​បន្ត​ផ្តល់​ការប្តេជ្ញាចិត្ត​ដ៏​យូរអង្វែង​របស់​យើង​ចំពោះ​ប្រជាជន​កម្ពុជា តាមរយៈ​ការគាំទ្រ ដល់​ប្រព័ន្ធ​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា រួមទាំង​អ្នកផ្តល់​សេវា​សុខាភិបាល ទាំង​ផ្នែក​សាធារណៈ និង​ឯកជន ដើម្បី​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល​”​។

លោកស្រី​បានបញ្ជាក់​បន្ថែមថា​៖ “​ការងារ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា ក្នុង​ការបន្ត​ឱ្យមាន​ភាព​រីកចម្រើន នៃ​វិស័យ​សុខភាព​សាធារណៈ ដែល​សម្រេចបាន​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ​”​។


​ជំនួយ​របស់​USAID តាមរយៈ​គម្រោង EQHA II និង​ការសម្របសម្រួល​ជាមួយ​ក្រសួងសុខាភិបាល​នឹង​គាំទ្រ​ប្រទេស​កម្ពុជា​ក្នុងការ​ជំរុញ និង​ព​ន្លឿ​ន​ប្រព័ន្ធ​សម្រាប់​ធានា ត្រួតពិនិត្យ និង​បង្កើន​ស្តង់ដា​គុណភាព​តាមរយៈ​ប្រព័ន្ធ​សុខាភិបាល​ជាតិ​។

គម្រោង​នេះ ក៏​ជួយ​កម្ពុជា​ក្នុងការ​ព​ន្លឿ​ន​វឌ្ឍនភាព និង​និរន្តរភាព​ដោយ​ដោះស្រាយ​បញ្ហា​ប្រឈម សុខភាព​សាធារណៈ​អាទិភាព​។ ក្នុងនោះ​រួមមាន ការកាត់បន្ថយ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺអេដស៍ និង​របេង កាត់បន្ថយ​មរណភាព​មាតា និង​ទារក លើកកម្ពស់​សុខភាព​បន្ត​ពូជ និង​ពង្រឹង​ការត្រៀមខ្លួន និង​ឆ្លើយតប​ទៅនឹង ការគំរាមកំហែង​នៃ​ជំងឺឆ្លង​ថ្មី​។ 
 
​វិស័យ​សំខាន់ៗ​ដែល​ត្រូវផ្តោត​រួមមាន ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សមាហរណកម្ម​សេវា​សុខភាព​សាធារណៈ ដើម្បី​បង្កើន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល លើកកម្ពស់​ប្រព័ន្ធ​និយ័តកម្ម និង​ការទទួលស្គាល់​គុណភាព និង​ការពង្រឹង​សមត្ថភាព​ស្ថាប័ន​របស់​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ដោះស្រាយ​អាទិភាព​សុខភាព​ជាតិ​នានា​។ វិធីសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នេះ​ធានាបាន​នូវ​ការឆ្លើយតប​ដ៏​រឺ​ង​មាំ ចំពោះ​តម្រូវការ​សុខភាព​ដែល​កំពុង​វិ​វត្ត​របស់​ប្រទេស​កម្ពុជា​៕​