អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) កាលពីថ្ងៃទី២៣ខែវិច្ឆិកានេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយកម្មវិធីសេវាសន្តិភាពស៊ីវិល (GIZ-CPS) សម្រាប់ការបញ្ជូនទីប្រឹក្សាផ្នែកកសាងសន្តិភាពដើម្បីគាំទ្រដល់ អ.វ.ត.ក. ក្នុងការអនុវត្តសកម្មភាព ដែលផ្តោតលើការបង្កើនការយល់ដឹងដល់ជនរងគ្រោះ។
លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីការចុះ MoU នេះ ថា៖ «វាជាកិត្តិយសដ៏ឧត្តុងឧត្តមក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយកម្មវិធីសេវាសន្តិភាពស៊ីវិល។ អង្គភាពផ្នែកគាំទ្រជនរងគ្រោះ (VSS) គឺជាចំណុចទំនាក់ទំនង កណ្តាលរវាង អ.វ.ត.ក. ជនរងគ្រោះ និងតំណាងរបស់ពួកគេ»។
លោកបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ការបញ្ជូនទីប្រឹក្សាផ្នែកកសាងសន្តិភាពនេះ នឹងគាំទ្រដល់ អ.វ.ត.ក. និង អង្គភាពផ្នែកគាំទ្រជនរងគ្រោះ ដើម្បីបង្កើតក្របខ័ណ្ឌទូលំទូលាយ និងផែនការការងារលម្អិត ដែលសម្របសម្រួលដល់ការបង្កើនការយល់ដឹងដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងអំឡុងដំណាក់កាលសេសសល់របស់ អ.វ.ត.ក.»។
ជាមួយគ្នានេះ លោក Martin Hennings អ្នកសម្របសម្រួលកម្មវិធីនៃសេវាសន្តិភាពស៊ីវិល (GIZ-CPS) ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «យើងរំភើបនិងមោទនភាពក្នុងការបន្តទំនាក់ទំនងយូរអង្វែងនិងមិត្តភាពប្រកបដោយផ្លែផ្កាជាមួយអ.វ.ត.ក.។ រួមគ្នា យើងនឹងអាចពង្រឹងកេរដំណែលរបស់សាលាក្តី និងធានាថា ការសិក្សានិងឥទ្ធិពលនេះ នឹងត្រូវបានបញ្ចូលនៅក្នុងសង្គមកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ។ ការផ្តោតលើអ្នករស់រានមានជីវិត និងក្មេងជំនាន់ក្រោយ បង្កើតជាមូលដ្ឋានដែលបទពិសោធពីអតីតកាលត្រូវបានដោះស្រាយក្នុងលក្ខណៈបរិយាបន្ននិងរួមបញ្ចូលគ្នា»។
គួរជម្រាបថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) គឺជាស្ថាប័នតុលាការក្នុងស្រុកមួយ ដែលត្រូវបានបង្កើតឡើងស្របតាមច្បាប់ប្រទេសកម្ពុជា។
អ.វ.ត.ក. មានយុត្តាធិការក្នុងការជំនុំជម្រះក្តីមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតលើឧក្រិដ្ឋកម្ម និងការរំលោភធ្ងន់ធ្ងរ នៃក្រមព្រហ្មទណ្ឌកម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់ទំនៀមទម្លាប់អន្តរជាតិ ដែលបានប្រព្រឹត្តក្នុងអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
បន្ទាប់ពីបញ្ចប់ដំណើរការកាត់ក្តីរបស់ខ្លួន អ.វ.ត.ក. បានចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣ ដើម្បីអនុវត្តលើមុខងារដែលនៅសេសសល់សម្រាប់រយៈពេល ៣ ឆ្នាំដំបូង ស្របតាមកិច្ចព្រមព្រៀងបន្ថែមរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។
ចំណែកកម្មវិធីនៃសេវាសន្តិភាពស៊ីវិល (GIZ-CPS) គឺជាកម្មវិធី ដែលធ្វើការងារដើម្បីទប់ស្កាត់អំពើហិង្សានៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះនិងវិបត្តិ និងដើម្បីលើកកម្ពស់សន្តិភាព។
កម្មវិធីនេះ តស៊ូមតិសម្រាប់ពិភពលោក ដែលដោះស្រាយជម្លោះដោយគ្មានអំពើហិង្សា ហើយ ប្រធានបទរបស់ សេវាសន្តិភាពស៊ីវិល រួមមានការសម្រុះសម្រួល និងការសន្ទនា ការដោះស្រាយអតីតកាល ជំនួយផ្លូវចិត្ត និងការងារប្រព័ន្ធផ្សព្វផ្សាយដែលងាយនឹងប៉ះទង្គិច៕