បេឡាជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស.) បានរៀបចំ​ផែនការ​ផ្សព្វផ្សាយ​របប​សន្តិសុខ​សង្គម​ផ្នែកថែទាំ​សុខភាព​តាមរបប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់​បុគ្គលស្វ័យ​និយោជន៍ ទៅដល់​ប្រជាពលរដ្ឋ​ជាង ១ លាន​នាក់ ឱ្យទទួលបាន​ការយល់ដឹង​កាន់តែច្បាស់​ពី​អត្ថប្រយោជន៍​នៃការក្លាយជា​សមាជិក ប.ស.ស.។


បុគ្គលស្វ័យ​និយោជន៍ សំដៅ​ដល់បុគ្គល​ដែលប្រកប​ការងារ ឬមុខរបរ រកប្រាក់​ចំណូល​ដោយខ្លួនឯង មិនមាន​ពាក់ព័ន្ធ​ប្រាក់​ឈ្នួល ឬប្រាក់​បៀវត្ស ដែលផ្ដល់​ដោយ​និយោជក ឬក៏រដ្ឋ តាមកិច្ច​សន្យា​ការងារ។

នាពិធី​ផ្សព្វផ្សាយ​ស្តីពី របប​សន្តិសុខ​សង្គម​ផ្នែកថែទាំ​សុខភាព​ តាមរបប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់​បុគ្គលស្វ័យ​និយោជន៍ និងអ្នកក្នុង​បន្ទុក​សមាជិក ប.ស.ស. កាលពី​ថ្ងៃទី២២​ខែវិច្ឆិកានេះ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែង​ថា របប​សន្តិសុខ​សង្គម​ផ្នែកថែទាំ​សុខភាព​ដែលប្រកាស​ដាក់ឱ្យ​អនុវត្ត​ជាផ្លូវការ​នាពេលថ្មីៗ​នេះ ជាការពង្រីក​វិសាលភាព​បន្ថែម ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​តម្រូវការ ក្នុងការចង់ក្លាយទៅ​ជាសមាជិក ប.ស.ស. ពីសំណាក់​ប្រជាពលរដ្ឋ ដែលប្រកប​របរ​ក្នុងវិស័យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ជាពិសេស​បុគ្គលស្វ័យ​និយោជន៍។ 


លោកបន្ត​ថា ពីព្រោះ​បច្ចុប្បន្ន​នេះ ប.ស.ស. បានក្លាយជា​និមិត្តរូប​នៃ​សុខភាព និងការរីក​ចម្រើន​របស់​ប្រជាជន​និងកម្មករ​និយោជិត ដែលបាន​ជួយកាត់បន្ថយ​បន្ទុក​ចំណាយ ពង្រឹង​ស្ថិរភាព និងការព្យាករណ៍​បាននៃ​ចំណូល និងធ្វើ​ឱ្យប្រសើរឡើង​នូវសុខភាព​របស់​ខ្លួន។

លោកបញ្ជាក់​ថា៖ «ការអនុវត្ត​កម្មវិធី​របប​សន្តិសុខ​សង្គម​ផ្នែកថែទាំ​សុខភាពនេះ ជាសមិទ្ធផល​មួយ ដែលបង្ហាញ​ឱ្យឃើញ​ថា រាជរដ្ឋាភិបាល​តែងតែ​យកចិត្ត​ទុកដាក់​ជាចម្បង​បំផុត ទៅដល់​សុខុមាលភាព​របស់​កម្មករ​និយោជិត ក៏ដូចជា​ប្រជាពលរដ្ឋ​នៅទូទាំង​​ប្រទេស ដោយមិនទុក​ឱ្យ​ប្រជាពលរដ្ឋ​ណាម្នាក់​មិនទទួល​បានការព្យាបាល​ជំងឺ នៅពេលដែល​មានជំងឺ​នោះឡើយ ដែលនេះ​ជាការគ្រប​ដណ្ដប់​ឆ្ពោះទៅរក​ការគ្រប​ដណ្តប់​សុខភាព​ជាសកល»។


តាមរយៈ​ពិធីផ្សព្វផ្សាយ​នេះដែរ លោក ហេង សួរ ក៏បានណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ទាំងអស់ យកចិត្ត​ទុកដាក់​អនុវត្ត​តួនាទី​របស់ខ្លួន​ឱ្យបាន​ល្អ ដើម្បី​អាចផ្សព្វផ្សាយ​បន្ត អំពី​អត្ថប្រយោជន៍​នៃរបប​សន្តិសុខ​សង្គម​ផ្នែកថែទាំ​សុខភាព​តាមរបប​ភាគទាន​ដោយ​ស្ម័គ្រចិត្តនេះ ឱ្យបាន​ដល់កម្មករ​និយោជិត អ្នកនៅ​ក្នុងបន្ទុក និងអាជីវករ ប្រកបដោយ​ភាពត្រឹមត្រូវ ច្បាស់លាស់។ 

ជាមួយគ្នានេះ​លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង​បេឡាជាតិ​សន្តិសុខសង្គម (ប.ស.ស.) ក៏បានថ្លែង​ថា តាមការចង្អុល​បង្ហាញ​ដោយផ្ទាល់​ពីសំណាក់​រដ្ឋមន្រ្តី​ក្រសួងការងារ បេឡា​ជាតិសន្តិសុខ​សង្គម បានរៀបចំ​ផែនការ​ផ្សព្វផ្សាយ​ចំនួន ៤ ០០០ លើក ទៅកាន់​ក្រុម​គោលដៅ​សរុប​ប្រមាណ ១ លាន ២០ ម៉ឺននាក់។

លោកថ្លែង​ថា៖ «ការផ្សព្វផ្សាយ​ទៅដល់​ក្រុម​គោលដៅ​ទាំងនេះ គឺដើម្បី​ធ្វើយ៉ាងណា​ឱ្យបងប្អូន​ប្រជាពលរដ្ឋ បងប្អូន​កម្មករ​និយោជិត ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែលជាអ្នក​ប្រកបរបរ​ផ្ទាល់ខ្លួន ឱ្យទទួល​បានការយល់ដឹង​កាន់តែច្បាស់ និងស៊ីជម្រៅ ពីរបប​សន្តិសុខ​សង្គម​ផ្នែកថែទាំ​សុខភាព​តាមរបប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ប្រកាស​ដាក់ឱ្យ​អនុវត្ត​នាពេលថ្មីៗ​កន្លងមកនេះ»។

លោកបន្ថែមថា ជាលទ្ធផល​នៃយុទ្ធនាការ​ផ្សព្វផ្សាយ​នៅតាម​រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជន នៅទូទាំង​ប្រទេស គិតត្រឹម​ថ្ងៃទី២១ ខែវិច្ឆិកានេះ បានផ្សព្វផ្សាយ​សរុប​ចំនួន ១ ០៤៩ លើក ដែលមាន​អ្នកចូលរួម​ចំនួន ៣៥៣ ០៥៧ នាក់ ស្មើនឹង ៣០%នៃផែនការ​ដែលបាន​គ្រោងទុក។ 

សូមបញ្ជាក់ថា របបសន្តិសុខ​សង្គមផ្នែកថែទាំ​សុខភាព​តាមរបប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់​បុគ្គលស្វ័យ​និយោជន៍ និងអ្នកក្នុង​បន្ទុក​សមាជិក ប.ស.ស. ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាសដាក់​ឱ្យអនុវត្ត​ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣​ន្លងទៅនេះ៕