រដ្ឋមន្ត្រី​អភិវឌ្ឍន៍​ជនបទ​អាស៊ាន បានបង្ហាញ​ឆន្ទៈថា នឹងរួមសហការ​គ្នាពង្រឹង​សហគមន៍​មូលដ្ឋាន និងការគាំពារ​សង្គម សំដៅ​ឈានទៅ​កាត់បន្ថយ​ភាពក្រីក្រ​នៅប្រទេស​របស់​ខ្លួន ពិសេសនៅក្នុង​កម្រិត​តំបន់​ឱ្យកាន់តែ​ប្រសើរ​ឡើងថែមទៀត។ នេះបើយោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី កិច្ចប្រជុំ​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​ជនបទ និងលុបបំបាត់​ភាពក្រីក្រ​អាស៊ាន​លើកទី១៣ ដែលចេញ​ផ្សាយកាល​ពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។


លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បានដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួមកិច្ច​ប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​អភិវឌ្ឍន៍​ជនបទ​អាស៊ាន​លើកទី១៣ និងកិច្ចប្រជុំ​ពាក់ព័ន្ធ ក្រោម​ប្រធានបទ «ការពង្រឹង​សហគមន៍​មូលដ្ឋាន និងការគាំពារ​សង្គម​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ» កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាធារណរដ្ឋ​សិង្ហបុរី។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​លោក ឆាយ ឫទ្ធិសែន បានលើកឡើង​អំពីកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នាពេលកន្លងមក​ក្រោមការដឹកនាំ​ប្រកបដោយ​ឈ្លាសវៃ​អតីត​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើ​ឱ្យ​កម្ពុជា​សម្រេចបាន​នូវកំណើន​សេដ្ឋកិច្ច​ខ្ពស់ និងនិរន្តរភាព ដែលកំណើន​សេដ្ឋកិច្ច​ជាមធ្យម​ប្រមាណជាង ៧% ក្នុងរយៈពេល​ពីរទសវត្សរ៍​កន្លងមកនេះ។ 


ជាមួយនឹង​ការកាត់​បន្ថយ​វិសមភាព​សង្គម​ឱ្យកាន់តែ​រួមតូច អត្រានៃ​ភាពក្រីក្រ​របស់​ប្រទេស​បានថយចុះ​មកនៅត្រឹម​ក្រោម ១០% ហើយត្រៀមខ្លួន​ដើម្បីចាកចេញ​ពីប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច។

ជាមួយគ្នានេះ​លោកបានបញ្ជាក់​អំពី​ការប្ដេជ្ញា​ចិត្ត ក្នុងការអភិវឌ្ឍ​សហគមន៍​ជនបទ​កម្ពុជា សំដៅ​ឈានទៅ​សម្រេចឱ្យ​បាននូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៣០ ជាប្រទេស​មានប្រាក់​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០ និងប្រាក់​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ២០៥០។ 


តាមរយៈ​កិច្ចប្រជុំ​ខាងលើ បានផ្តោតសំខាន់​លើការប្តេជ្ញាចិត្ត​របស់​អាស៊ាន​ក្នុងការបន្ត​ការអភិវឌ្ឍ​ជនបទ និង​សហគមន៍ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ឆ្ពោះទៅកាន់​ការកែលម្អ​ស្ថានភាព​សេដ្ឋកិច្ច​ក្នុងក្របខ័ណ្ឌ​អាស៊ាន និងក្របខ័ណ្ឌ​តំបន់​ដោយដាក់ចេញ​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន។

ជារួមកិច្ច​ប្រជុំនោះ រដ្ឋមន្រ្តី​អភិវឌ្ឍន៍​ជនបទ​អាស៊ាន បានប្តេជ្ញា​ជំរុញលើក​ទឹកចិត្ត​រដ្ឋសមាជិក​ទាំងអស់​ឱ្យ​ពិនិត្យ​ឡើងវិញ និងធ្វើ​សមាហរណកម្ម​គោលនយោបាយ និងកម្មវិធី​ពាក់ព័ន្ធ​នៅថ្នាក់ជាតិ​លើការ​អភិវឌ្ឍ​ជនបទ ការកាត់បន្ថយ​ភាពក្រីក្រ និងការគាំពារ​សង្គម រួមទាំង​សុខុមាលភាព ដោយយក​ចិត្តទុក​ដាក់លើ​បទពិសោធន៍​ដែលទទួលបាន​ពីជំងឺ​រាតត្បាត​កូវីដ១៩ ដោយបន្ត​វិនិយោគ​លើការគាំពារ​សង្គម។ 

ជាមួយគ្នានេះ រដ្ឋមន្រ្តី​ជនបទ​អាស៊ាន ក៏បានប្តេជ្ញា​រួមគ្នា ស្វែងរក​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពីដៃគូ​អភិវឌ្ឍន៍ និងវិស័យ​ឯកជន ដោយផ្តោត​លើការដោះស្រាយ បញ្ហាធំៗ ដែលជះ​ឥទ្ធិពល​ដល់ប្រព័ន្ធ​គាំពារសង្គម​ដោយផ្អែក​លើអភិក្រម​មិនបោះបង់ចោល​ប្រជាជន​ណាម្នាក់​ឡើយ។ 

ជាងនេះទៀត ការពង្រឹង​តាមសហគមន៍​មូលដ្ឋាន​នៅជនបទ និងទីក្រុង​ក្នុងការធ្វើ​ឱ្យ​ប្រសើរឡើង​នូវការអនុវត្ត និងការវាយ​តម្លៃ​វិធានការ​គាំពារ​សង្គម​ដែលកំណត់​គោលដៅ​ជនក្រីក្រ និងងាយ​រងគ្រោះ ​ព្រមទាំង​វិធានការ​ផ្តល់សិទ្ធិ​អំណាច​ដល់ការអភិវឌ្ឍ​សហគ្រាស​មូលដ្ឋាន​នៅក្នុងតំបន់​ជនបទ​និងទីក្រុង​ផងដែរ៕

កិច្ច​ប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​អភិវឌ្ឍន៍​ជនបទ​អាស៊ាន​លើកទី១៣ និងកិច្ចប្រជុំ​ពាក់ព័ន្ធ ក្រោម​ប្រធានបទ «ការពង្រឹង​សហគមន៍​មូលដ្ឋាន និងការគាំពារ​សង្គម​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ» កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាធារណរដ្ឋ​សិង្ហបុរី។ រូប ក្រសួង​អភិវឌ្ឍន៍​ជនបទ