ក្រសួង​សុខាភិបាល បានប្រកាស​រកឃើញ​ជំងឺផ្តាសាយ​បក្សី ១ ករណីទៀត កើតលើ​ស្រ្តី​អាយុ ២១ ឆ្នាំ និងត្រូវបានបញ្ជាក់​ថា វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សីប្រភេទ​ហាស់ ៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និងវិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។


សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​សុខាភិបាល ចុះថ្ងៃទី ២៤ ខែវិច្ឆិកានេះ បានឱ្យដឹងថា ស្រី្ត​ខាងលើ​មានទីលំនៅ​ក្នុងភូមិ​ត្រពាំងឬស្សី ឃុំ​ដំណាក់សុក្រំ ស្រុក​ដងទង់ ខេត្តកំពត។ តាមការសាកសួរ បង្ហាញ​ថា ប្រហែល​មួយសប្តាហ៍​មុន​មានមាន់​ងាប់​ច្រើនជាបន្តបន្ទាប់​នៅផ្ទះ​និងក្នុងភូមិ​កើតហេតុ។

អ្នកជំងឺ​បានចាប់​ផ្ដើម​ឈឺ​នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់​មកមាន រោគ​សញ្ញា​ផ្លូវ​ដង្ហើម រួមមាន​គ្រុនក្តៅ ពិបាក​ដក​ដង្ហើម និងក្អក ទើប​បញ្ជូន​មក សង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្ន​អ្នកជំងឺ​កំពុងស្ថិត​នៅបន្ទប់​សង្គ្រោះ​បន្ទាន់​ដោយមាន​ការថែទាំ យ៉ាងយក​ចិត្តទុក​ដាក់​ពីសំណាក់​ក្រុម​គ្រូពេទ្យ។
 
នៅយប់ថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមឆ្លើយតប​បន្ទាន់​របស់​ក្រសួង​សុខាភិបាល​ថ្នាក់ជាតិ និង ថ្នាក់​ក្រោមជាតិ បាននិងកំពុង​សហការ​ជាមួយ​ក្រុមការងារ​នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួង​បរិស្ថាន អង្កេត​ស្រាវជ្រាវ​ការកើតឡើង​នូវជំងឺ​ផ្តាសាយ​បក្សី​ប្រភេទ​នេះ និងធ្វើ​ការឆ្លើយតប​ទៅតាម​វិធីសាស្ត្រ និងពិធីសារ​បច្ចេកទេស ក្នុងការស្វែងរក​ប្រភព​ចម្លង ទាំងលើ​សត្វ និងមនុស្ស។ 
 
ក្រុមការងារ ក៏បន្ត​ស្វែងរក​ករណី​សង្ស័យ​និងអ្នកប៉ះពាល់​ដើម្បី​ទប់ស្កាត់​ការឆ្លង​បន្តទៅ​អ្នកដទៃទៀត​ក្នុង​សហគមន៍ ព្រមទាំង​ចែក​ជូន​ឱសថ តាប៊ីហ្គូ (Tamiflu)ដល់អ្នកប៉ះពាល់​ជិតស្និទ្ធ និងធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​នៅក្នុងភូមិ​ដែលកើត​ហេតុ​ខាងលើ។


ជាមួយគ្នានេះ ក្រសួង​សុខាភិបាល ក្រើនរំឭក​សាជាថ្មី​ម្តងទៀត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ យកចិត្តទុក​ដាក់​ប្រុងប្រយ័ត្ន​លើជំងឺ​ផ្តាសាយ​បក្សី​ជានិច្ច ពីព្រោះ​ជំងឺ​ផ្តាសាយ​បក្សី H5N1 នៅតែបន្ត​គំរាមកំហែង​ដល់សុខភាព​ប្រជាពលរដ្ឋ​យើង។ ក្នុងករណី​ប្រជាពលរដ្ឋ មានអាការៈ​ក្ដៅខ្លួន ក្អក ឬ ពិបាក​ដក​ដង្ហើម ឬមាន​បញ្ហា​សុខភាព សូមកុំ​ទៅជួបជុំ ឬទីប្រជុំ​ជន​ដែលមាន​មនុស្ស​ច្រើន និងត្រូវស្វែងរក​ការពិគ្រោះ​យោបល់ និងការពិនិត្យ​ព្យាបាល​នៅតាម​មូលដ្ឋាន​សុខាភិបាល ដែលនៅជិត​លោកអ្នក​បំផុត​ឱ្យបានទាន់​ពេលវេលា។
 
ក្រសួង​សុខាភិបាល​បានបញ្ជាក់​ថា របៀបចម្លង​ជំងឺផ្ដាសាយ​បក្សី H5N1 គឺជាជំងឺ​ផ្ដាសាយ​មួយ ដែលជាធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ ទៅបក្សី​ផ្សេងទៀត ប៉ុន្តែ​ជួនកាល​វាអាច​ចម្លង​ពីបក្សី​ទៅមនុស្ស តាមការប៉ះពាល់​ជិតស្និទ្ធ​ជាមួយបក្សី​ដែលឈឺ​ឬស្លាប់។ ជំងឺ​ផ្តាសាយ​បក្សី​លើមនុស្ស​ជាជំងឺ​ធ្ងន់ធ្ងរ​ដែលតម្រូវ​ឱ្យ​មានការធ្វើ​ការព្យាបាល​នៅមន្ទីរពេទ្យ​ទាន់​ពេលវេលា។ ទោះបី​ជាវា​មិនងាយ​ឆ្លង​ពីមនុស្ស​ទៅមនុស្ស ប៉ុន្តែ​បើវាអាច​បំប្លែងខ្លួន​អាចឆ្លង​ដូចនឹង​ជំងឺ​ផ្ដាសាយ​តាម​រដូវកាល​ផងដែរ។ 

សម្រាប់​វិធានការ​បង្ការ​រួមមាន ត្រូវលាងដៃ​ឱ្យបានញឹកញាប់​ជាមួយ​សាប៊ូ និងទឹកមុន​ពេល​បរិភោគ និងបន្ទាប់ពី​ប៉ះពាល់​ជាមួយ​បក្សី ដាក់​កុមារ​នៅឆ្ងាយ​ពីសត្វ​បក្សី និង ដាក់​សត្វបក្សី​នៅឱ្យឆ្ងាយ​ពីកន្លែង​រស់នៅ កុំបរិភោគ​សត្វ​បក្សី​ឈឺ​ឬងាប់ ហើយ​រាល់​សត្វបក្សី​ដែលធ្វើ​សម្រាប់​បរិភោគ​ត្រូវ​ចម្អិន​ឱ្យ​ឆ្អិន​ល្អ៕