ក្រសួង​សុខាភិបាល ត្រៀមរៀបចំ​សកម្មភាព​ចុះអប់រំ​ផ្សព្វផ្សាយ​ស្តីពី​ការបង្ការ​ការចម្លង​មេរោគអេដស៍ និងផ្តល់​សេវា​ធ្វើតេស្ត​រកមេរោគ​អេដស៍រហ័ស ក្នុងព្រឹត្តិការណ៍​នៃពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពី​ថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
 
មុនពិធី​បុណ្យ​អុំទូក​មកដល់ អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​លោក ស៊ឹម ស៊ូយេង  រួមជាមួយ លោក មាន ឈីវុន ទីប្រឹក្សា​ក្រសួង​សុខាភិបាល បានអញ្ជើញ​ចូលរួម​ដឹកនាំកិច្ច​ប្រជុំ​ពិសេសមួយ ដើម្បី​ត្រៀម​រៀបចំ​សកម្មភាព​ចុះអប់រំ​ផ្សព្វផ្សាយ​អំពី​អេដស៍ និងផ្តល់​សេវាធ្វើ​តេស្ត​រកមេរោគ​អេដស៍រហ័ស ក្នុងព្រឹត្តិការណ៍​នៃពិធី​បុណ្យអុំទូក កាលពីថ្ងៃទី ២២ខែវិច្ឆិកា។


កិច្ចប្រជុំនេះ មានការអញ្ជើញ​ចូលរួម​ដោយលោក​សាស្រ្តាចារ្យ​ជំនួយ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ព្រមទាំង លោក លោកស្រី នៃ​មជ្ឈមណ្ឌល​ជាតិ និងអង្គការ​ដៃគូ​អភិវឌ្ឍន៍ (KHANA, MHC, CWPD) សរុប​ចំនួន ១៩ នាក់។ នេះបើតាម​ក្រសួង​សុខាភិបាល។ 
 
កិច្ចប្រជុំ​បានពិភាក្សា​ល្អិតល្អន់ ដោយបានកំណត់​នូវការរៀបចំ​មួយចំនួន រួមមាន​ដាក់ស្តង់​ចំនួនពីរកន្លែង​បន្ថែមទៀត​នៅថ្ងៃ​ទី២៥ ខែវិច្ឆិកា នៅម្តុំ​ទីក្រុង​រណប​ជ្រោយចង្វារ (OCIC) ដែលជាកន្លែង​កីឡាករ​ស្នាក់នៅ ដើម្បី​ផ្សព្វផ្សាយ​អប់រំ​សុខភាព​ស្តីពី​មេរោគអេដស៍ និងចែក​ស្រោមអនាម័យ​ជូន​ពួកគាត់។   

ស្តង់​ចំនួនពីរកន្លែង​នៅម្តុំ​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​វត្តភ្នំ (កែង​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា)   ដោយ​នឹងអនុវត្ត​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​សុខភាព​ស្តីពី​មេរោគអេដស៍ និងចែក​ស្រោមអនាម័យ​ដោយឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ សកម្មភាព​ចុះ​អប់រំ​ផ្សព្វផ្សាយ​ស្តីពី​ការបង្ការ​ការចម្លង​មេរោគអេដស៍ និងចែកស្រោម​អនាម័យ សម្ភារ​អប់រំ ចាប់ពីម៉ោង ៨ ព្រឹកដល​ម៉ោង ៩ យប់។
 
ក្នុងយុទ្ធនាការនេះ​ដែរ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើស្បែក និងកាមរោគ នឹង​ប្រើប្រាស់ 
សម្ភារ​អប់រំ​ផ្សព្វផ្សាយ​រួមមាន ស្រោម​អនាម័យ​ចំនួន ៨០០០០ ស្រោម ទឹក​រំអិល ២០០០០ កញ្ចប់ អាវ​យឺត​អេដស៍​ចំនួន ៦០០ អាវ ខិត្តប័ណ្ណ តេស្តរហ័ស និងប្រតិករ​សម្រាប់​ធ្វើ​តេស្ត​រកមេរោគ​អេដស៍។


ពាក់ព័ន្ធ​បញ្ហា​អេដស៍នេះ​ដែរ លោក អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ កាលពី​ថ្ងៃទី២៣ខែវិច្ឆិកា បាន​អញ្ជើញ​ជាអធិបតី​បើកសិក្ខាសាលា​ជាតិ​ស្តីពី​ការផ្តល់​សុពលភាព​លើផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និងពហុវិស័យ​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺ​អេដស៍ លើក​ទី៦ (២០២៤-២០២៨)។  

ថ្លែងទៅកាន់​អង្គសិក្ខាសាលា លោកបាន​សង្កត់ធ្ងន់​ថា ការបញ្ចប់​ជំងឺ​អេដស៍​តម្រូវឱ្យ​យើងទាំងអស់គ្នា​កសាងភាព​ជាអ្នកដឹកនាំ​ដ៏រឹងមាំ ដើម្បី​ជំរុញ​ភាពជាដៃគូ​ដែលមាន​បរិយាបន្ន និងការវិនិយោគ​ធនធាន និងពេលវេលា​ក្នុងការដោះស្រាយ​តម្រូវការ​របស់​ជនងាយ​រងគ្រោះ និងអ្នកដែល​រងផល​ប៉ះពាល់​ដោយសារ​មេរោគ​អេដស៍ និងជំងឺ​អេដស៍។  


នៅចន្លោះ​ឆ្នាំ២០១១ ដល់ ២០១៧ កម្ពុជា​បានទទួល​ពានរង្វាន់​អង្គការ​សហប្រជាជាតិ​ចំនួន ២ ហើយត្រូវបាន​ទទួលស្គាល់​ថា​ជាប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​កំពូល​ទាំង ១០ នៅលើ​ពិភពលោក ដែលសម្រេចបាន​នូវគោលដៅ​ជាសកល​ក្នុងការឆ្លើយតប​នឹង​មេរោគអេដស៍ និងជំងឺ​អេដស៍។ 
 
ការប្តេជ្ញា​ចិត្តរួម​របស់​យើងនៅថ្ងៃ​នេះ និងឆ្នាំ​ខាងមុខ​នឹង​ធ្វើឱ្យ​បេសកកម្ម​របស់ ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំ​ទូលាយ និងពហុវិស័យ​ឆ្លើយតបនឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍ លើកទី៦ (២០២៤-២០២៨) អាចធ្វើ​ទៅបាន​ពិតប្រាកដ។

 ក្នុងរយៈពេល ៥ ឆ្នាំ​ខាងមុខ កម្ពុជា​យើងនឹង​អាចធានា​ថា​ការឆ្លើយតប​មេរោគ​អេដស៍ និងជំងឺ​អេដស៍​ជាពហុវិស័យ​មានការសម្របសម្រួល​យ៉ាងល្អ មានបរិយាបន្ន មានសហគមន៍​ដែលម្ចាស់ការ មានការអនុវត្ត​អភិក្រម​ដែលយក​ប្រជាជន​ជាធំ មាន​ភាពធន់ និងធានា​បានចីរភាព ក្នុងការ​បញ្ចប់​ជំងឺអេដស៍។ នេះបើតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍៕