​អ្នកជំនាញបានបង្ហាញ​ក្តី​ជឿជាក់ថា គោលការណ៍​ជំរុញ​ការប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល នឹង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នៃ​វិស័យ​ទេសចរណ៍ តាមរយៈ​ជំរុញ​ការផ្លាស់ប្តូរ​ប្រកបដោយ​និរន្តរភាព​ក្នុងការ​ប្រើប្រាស់​ថាមពល​ស្អាត និង​ជំរុញ​ការអភិវឌ្ឍ​បៃតង​នៅ​កម្ពុជា​។


​ការលើកឡើង​របស់​អ្នកជំនាញ​បែបនេះ បានធ្វើ​ឡើង បន្ទាប់ពី​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ខែមេសា ឆ្នាំ​២០២៣ បានដាក់​ចេញ​នូវ​«​គោលការណ៍​សម្រាប់​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល​នៅ​កម្ពុជា​» ខណៈ​គោលការណ៍​នេះ អាចជា​ឯកសារ​សំខាន់​ជា​មូលដ្ឋាន​ក្នុង​បទ​ប្បញ្ញត្តិ​ថ្មី ដែល​រំពឹងថា​នឹងដាក់​ចេញ​ឱ្យ​អនុវត្ត​នៅ​ដើមឆ្នាំ ២០២៤​ខាងមុខ​។

តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​របស់​សហព័ន្ធ​ទេសចរណ៍​កម្ពុជា (CTF) និង​អង្គការ WWF ប្រចាំ​កម្ពុជា បាន​ផ្សាយ​ចេញ​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក ផេង វណ្ណា មន្ត្រី​គ្រប់គ្រង​កម្មវិធី​ថាមពល​នៃ​អង្គការ​WWF បាន​លើកឡើងថា វិស័យ​ទេសចរណ៍ រួមចំណែក​យ៉ាងសំខាន់​ក្នុង​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ប៉ុន្តែ​វិស័យ​មួយ​នេះ បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ក្នុងអំឡុងពេល​ជំងឺឆ្លង​រាតត្បាត​។


​លោក​បន្តថា ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ តាមរយៈ​កំណើន​នៃ​ចំនួន​អ្នកទេសចរ គឺ​បង្ហាញ​ពី​ឱកាស​ពិសេស​មួយ​ក្នុងការ​ពង្រឹង​ការអភិវឌ្ឍ​បៃតង​រយៈពេល​វែង​ជំរុញ​ការប្រើប្រាស់​ថាមពល​ស្អាត នៅក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ក្នុង​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ ដើម្បី​លើកកម្ពស់​និរន្តរភាព​សេដ្ឋកិច្ច រួមចំណែក​ឆ្ពោះទៅរក​ភាព​ធន់ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

អ្នកជំនាញ​ខាងលើ​បន្តថា​៖«​គោលការណ៍ ឬ​បទ​ប្បញ្ញត្តិ​ថ្មី ដែល​រំពឹងថា​នឹងដាក់​ចេញ​នាពេល​ខាងមុខនេះ អាចបង្កើត​ផ្លូវ​ច្បាស់លាស់​មួយ​ជំរុញ​កា​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​នឹង​អាច​កាត់​បន្ថយថ្លៃ​អគ្គិសនី ពង្រឹង​ស្ថិរភាព​ការផ្គត់ផ្គង់​ថាមពល​ស្អាត និង​កាត់បន្ថយ​ការបញ្ចេញ​កាបូន​ផង​»​។


​ជាមួយគ្នានេះ លោក ឌិន សុមេធា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា លើកឡើង​ដែរ​ថា «​បទ​ប្បញ្ញត្តិ​ដែល​រំពឹងថា​នឹងដាក់​ចេញ​ពេលខាងមុខ​នេះ គឺជា​សញ្ញាណ​ច្បាស់លាស់​នៃ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ចំពោះ​អព្យាក្រឹតភាព​កាបូន និង​ចូលរួម​បំផុសគំនិត​អភិវឌ្ឍន៍​និរន្តរភាព​ក្នុង​តំបន់ ដោយ​ផ្អែកលើ​យន្តការ​លើកទឹកចិត្ត​កា​រ​ប្រើប្រាស់​ថាមពល​ស្អាត​»​។

​លោក​បន្តថា​៖«​យ៉ាងណា​ទំនួល​ខុសត្រូវ​ក្នុងការ​ផ្លាស់ប្តូរ លើសពី​ចំណារ​ក្នុង​ក្រដាស​មកជា​ការអនុវត្ត​ជាក់ស្តែង គឺ​ស្ថិតនៅលើ​បុគ្គល​ម្នាក់ៗ និង​តាម​វិស័យ​រៀងៗ​ខ្លួន ខណៈ​វិស័យ​ទេសចរណ៍​មាន​សក្តានុពល​ក្នុងការ​លើកកម្ពស់​ភាព​ជា​អ្នកដឹកនាំ​នៅក្នុង​ការផ្លាស់​ប្តូរ​នេះ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី មិន​ថា​សណ្ឋាគារ ឬ​រី​សត​ធំៗ និង​ផ្ទះ​ស្នាក់​អេកូ​ទេសចរណ៍​ដែល​ដឹកនាំ​ដោយ​សហគមន៍​នោះឡើយ​»​។

​បើតាម​សេចក្តីថ្លែងការណ៍​រួម​ដដែល បាន​លើកឡើងថា ទោះជា​ការអភិវឌ្ឍ​ថាមពល​ពន្លឺព្រះអាទិត្យ​ខ្នាត​ធំ​(​សួន​សូ​ឡា​)​ទាក់ទាញ​ការវិនិយោគ​ច្រើន​យ៉ាងណា ក៏​កម្ពុជា​នៅ​មិនទាន់​ទាញ​ប្រយោជន៍​ជា​អតិបរមា​ពី​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​អស់​លទ្ធភាព​នៅឡើយ​ទេ​។

ក្រសួង​រ៉ែ និង​ថាមពល​បាន​ប៉ាន់ប្រមាណ​ថា លទ្ធភាព​ក្នុងការ​ទាញយក​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​កម្ពុជា​អាច​នឹងមាន​ប្រមាណ ៣​ពាន់​មេកា​វ៉ា​ត់ ឬ​ស្មើនឹង​ជិត​៣០%​នៃ​ការផ្គត់ផ្គង់ ថាមពល​ក្នុងស្រុក​សរុប​នា​ឆ្នាំ ២០៤០​។ នាពេល​បច្ចុប្បន្ននេះ កម្ពុជា​ទើបតែ​ទាញយក​ថាមពល​អគ្គិសនី ជាង ៤០០ មេ​ហ្គា​វ៉ា​ត់​ប៉ុណ្ណោះ​ពី​ថាមពល​ពន្លឺព្រះអាទិត្យ​។

​ស្ថាប័ន​ទាំងពីរ​បន្តថា ស្រប​នឹង​ការផ្សាយ​របស់​ក្រសួងទេសចរណ៍​នាពេល​ថ្មីៗ​ថា​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​បានមក​ទស្សនា​ប្រទេស​កម្ពុជា បាន​កើន​ចំនួន​ប្រមាណ​ជិត​បី​ដង​ក្នុង​រយៈពេល ៨ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៣ បើ​ធៀប​នឹង​ឆ្នាំ ២០២២ ដែល​បង្ហាញថា​ចំនួន​អ្នកទេសចរ​កើនឡើង​វិញ​ក្រោយពេល​មាន​វិបត្តិ​នៃ​ជំងឺឆ្លង​។

ស្ថាប័ន​ទាំងពីរ​យល់ថា​៖« គោលការណ៍​ថ្មី​ស្តីពី​ការប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល​នេះ គឺ​បានកត់សម្គាល់​អំពី​គុណប្រយោជន៍​របស់​ថាមពល​ស្អាត ក្នុង​វិស័យ​ទេសចរណ៍​»​។

​ជាងនេះទៀត គោលការណ៍​ថ្មី​នេះ អាច​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការប្រើប្រាស់​ថាមពល​ស្អាត​ក្នុងស្រុក និង​លើកទឹកចិត្ត​ដល់​តួអង្គ​ផ្នែក​សេដ្ឋកិច្ច​សំខាន់ៗ​ក្នុង​ការដំឡើង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅលើ​ដំបូល​ដែល​អាច​នឹង​បង្កើន​ប្រាក់ចំណូល​សម្រាប់​តំបន់​ទេសចរណ៍ធម្មជាតិ​តាម​សហគមន៍​នៅ​ទូទាំងប្រទេស​៕