សហភាពអឺរ៉ុប និងអាស៊ាន កំពុងបន្តកិច្ចខិតខំ​ប្រឹងប្រែងរួមគ្នា ដើម្បី​អភិវឌ្ឍន៍​មជ្ឈមណ្ឌលគ្រប់គ្រង បច្ចេកវិទ្យា​អាស៊ាន សំដៅបង្កើត​ជាវេទិកាថ្នាក់​តំបន់​សម្រាប់ការផ្ទេរ និងកិច្ចសហការបច្ចេកវិទ្យា​ឆ្លងព្រំដែនឱ្យ​កាន់តែល្អប្រសើរ។ 
 
ការបន្តកិច្ចខំ​ប្រឹងប្រែងនេះ ត្រូវបានលើកឡើង​នៅក្នុងសិក្ខាសាលា​សហភាពអឺរ៉ុប-អាស៊ានលើកទី៣ ស្តីពី «មជ្ឈមណ្ឌល​គ្រប់គ្រង​បច្ចេកវិទ្យា» ត្រូវបានរៀបចំ​ឡើងនៅថ្ងៃ​ទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានី​ភ្នំពេញ។
 
សិក្ខាសាលានេះ​រៀបចំឡើង​ដោយក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបានប្រមូលផ្តុំ​អ្នកជំនាញ​ពីសហភាពអឺរ៉ុប និងបណ្តាប្រទេស​សមាជិក​អាស៊ាន ដើម្បី​ពិភាក្សា​ពីវិធីសាស្រ្ត និងយុទ្ធសាស្ត្រ ដែលនឹងមិនត្រឹមតែ​កាត់បន្ថយ​គម្លាតបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែនឹងសម្របសម្រួល​ការតភ្ជាប់​ដ៏រលូន ដោយបង្កើន​សក្តានុពល​សម្រាប់កិច្ចសហការ។  
 
គំនិតផ្តួចផ្តើមរួមគ្នានេះ​មានគោលបំណង​រៀបចំ​សេចក្តីព្រាង​ឯកសារ​ទស្សនទានសម្រាប់មជ្ឈមណ្ឌល​គ្រប់គ្រង​បច្ចេកវិទ្យា​អាស៊ាន ដោយផ្សារភ្ជាប់​ប្រព័ន្ធ​ផ្ទេរបច្ចេកវិទ្យា​ជាតិ​នៅក្នុងតំបន់​អាស៊ាន។ គោលដៅ​គឺដើម្បី​ប្រែក្លាយ​គោលគំនិត​ប្រកបដោយ​នវានុវត្តន៍នានា ឱ្យទៅជាដំណោះស្រាយ​ល្អប្រសើរ​តាមលក្ខណៈ​បច្ចេកទេស ដែលអាច​ដោះស្រាយបញ្ហា​ប្រឈមសំខាន់ៗ ដូចជាវិបត្តិ​អាកាសធាតុ បញ្ហាសន្តិសុខ​ស្បៀង សុខភាព​សាធារណៈ ជំងឺរាតត្បាត និងវិសមភាព​សេដ្ឋកិច្ច។


ក្នុងសុន្ទរកថា​បើកសិក្ខា​សាលា​របស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់​លើសារៈ​សំខាន់ និងអត្ថ​ប្រយោជន៍​នៃមជ្ឈមណ្ឌល​គ្រប់គ្រង​បច្ចេកវិទ្យា​អាស៊ាន​សម្រាប់តំបន់។

លោក មានប្រសាសន៍​ថា៖«រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀមខ្លួន​ជាស្រេច ក្នុងការធ្វើ​ការជាមួយ​បណ្តាប្រទេស​សមាជិក​អាស៊ាន និងដៃគូ​សន្ទនា​ទាំងអស់ ដើម្បីដោះស្រាយ​បញ្ហារួម​របស់​យើង ដោយប្រើប្រាស់​សក្តានុពល​នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ គំនិតផ្តួចផ្តើម​ទាំងនេះ​ត្រូវបាន​រៀបចំឡើង ស្របតាម​ផែនការសកម្មភាព​អាស៊ាន​ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៥-២០២៥។ 


លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់​លើសារៈ​សំខាន់ និងអត្ថ​ប្រយោជន៍​នៃមជ្ឈមណ្ឌល​គ្រប់គ្រង​បច្ចេកវិទ្យា​អាស៊ាន​សម្រាប់តំបន់។


 
សហភាព​អឺរ៉ុប បានគាំទ្រ​យ៉ាងសកម្ម​ដល់គំនិត​ផ្តួចផ្តើម​មជ្ឈមណ្ឌល​គ្រប់គ្រង​បច្ចេកវិទ្យាអាស៊ាន តាមរយៈកម្មវិធី E-READI។ បច្ចុប្បន្ន ទោះបី​មានគំនិត​ផ្តួចផ្តើម​ផ្ទេរបច្ចេកវិទ្យា​នៅកម្រិត​ប្រទេសក្នុង​តំបន់​អាស៊ាន​ក៏ដោយ គំនិត​ផ្តួចផ្តើម​មជ្ឈមណ្ឌល​គ្រប់គ្រង​បច្ចេកវិទ្យា​អាស៊ាន​មានបំណង​បង្កើតជាវេទិកា​ថ្នាក់តំបន់​សម្រាប់ការផ្ទេរ និងកិច្ចសហការ​បច្ចេកវិទ្យាឆ្លងព្រំដែន​ដោយរលូន។

លោក Igor Driesmans ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា បានកោតសរសើរ​ចំពោះវឌ្ឍនភាព​នៃគំនិតផ្តួចផ្តើម​ថ្នាក់​តំបន់នេះ។ លោកបានលើកឡើង​ថា៖«ទាំងអាស៊ាន និងសហភាព​អឺរ៉ុប​អាចទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពីការរួមកម្លាំង ក្នុងការបង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​បច្ចេកវិទ្យាអាស៊ាន ដែលមជ្ឈមណ្ឌល​នេះមានសក្ដានុពល​ក្នុងការពន្លឿន​ការចែករំលែក​ចំណេះដឹង និងកិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ​រវាង​តំបន់​ទាំងពីរ និងរួមគ្នា​បង្កើតដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍ ចំពោះ​បញ្ហាធំៗ​របស់​ពិភពលោក ដែលយើង​ទាំងអស់គ្នា​កំពុងប្រឈម»។ 


ចំណែកលោក Satvinder Singh អគ្គលេខាធិការរង​អាស៊ាន​សម្រាប់​សហគមន៍​សេដ្ឋកិច្ចអាស៊ាន បានលើកឡើង​ថា៖«មជ្ឈមណ្ឌល​គ្រប់គ្រង​បច្ចេកវិទ្យានេះ​មានគោលបំណង​ដោះស្រាយ​តម្រូវការ​ជាក់លាក់​របស់​អាស៊ាន។ គំនិតផ្តួចផ្តើម​នេះ​ត្រូវបានរៀបចំ​ឡើងជាពិសេស​ដើម្បី​ផ្តល់អត្ថប្រយោជន៍​ដល់​ប្រជាជន​ចម្រុះជាង ៦០០ លាននាក់​នៅក្នុង​តំបន់របស់​យើង ដោយគិតគូរ​ពីតម្រូវការ​ពិសេស និងបញ្ហា​ប្រឈម​ដែលអាចមាន​លក្ខណៈខុសពី​មជ្ឈមណ្ឌល​ផ្សេងៗ ដែលត្រូវបាន​បង្កើតឡើង​នៅទូទាំង​ពិភពលោក»។ 

គំនិតផ្តួចផ្តើម​មជ្ឈមណ្ឌល​គ្រប់គ្រង​បច្ចេកវិទ្យា​អាស៊ាន ត្រូវបាន​សហការ​ដឹកនាំ​ដោយ គណៈកម្មាធិការ​អាស៊ាន​ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​របស់​ប្រទេស​កម្ពុជា និងប្រទេស​ឥណ្ឌូនេស៊ី។ 
 
លោក ហ៊ុល សៀងហេង ប្រធាន​គណៈកម្មាធិការ​អាស៊ាន​ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​របស់​កម្ពុជា បានលើកទឹកចិត្ត​ដល់អ្នក​ចូលរួម​ឱ្យចែករំ​លែក​នូវបទ​ពិសោធន៍​របស់ខ្លួន ដើម្បី​រៀបចំ​ឯកសារ​ទស្សនទាន​ដែលរឹងមាំ ដោយបង្ហាញ​ពីគំរូនៃ​ការផ្ទេរ​បច្ចេកវិទ្យា​ឆ្លងព្រំដែន​ដ៏ល្អប្រសើរមួយ។
 
ទន្ទឹមនឹងនោះ ប្រធាន​គណៈកម្មាធិការ​អាស៊ាន​ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ប្រទេសឥណ្ឌូនេស៊ី លោកស្រី Ir. Boediastoeti Ontowirjo បានសង្កត់ធ្ងន់លើអាទិភាពនៃការផ្ទេរ​បច្ចេកវិទ្យា ជាពិសេស​នៅក្នុងបរិវត្តកម្ម​ថាមពល និងបរិវត្តកម្ម​ឌីជីថល ដោយបញ្ជាក់ពី​តម្រូវការ​នៃភាពជាដៃគូ​នៅក្នុង​ប្រព័ន្ធអេកូឡូស៊ី​វិស័យ​ស្រាវជ្រាវ និងនវានុវត្តន៍។

សូមជម្រាប​ថា កម្ពុជា​បានដាក់ចេញ​នូវឧបករណ៍​គោលនយោបាយ​មួយចំនួន រួមមានគោល​នយោបាយ​ជាតិ​ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ផែនទីបង្ហាញ​ផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​កម្ពុជា​ ឆ្នាំ២០៣០ របៀបវារៈស្រាវជ្រាវជាតិ ឆ្នាំ២០២៥ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាជាដើម ដើម្បីទាញយកសក្តានុពលពី​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ឱ្យបានពេញលេញ​សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម៕