សាធារណរដ្ឋប្រជាមានិត​ចិន បានផ្តល់ជំនួយ​ឧបករណ៍រណប​ជួយទ្រទ្រង់​រាងកាយ​ដល់ជនមានពិការភាព​នៅ​កម្ពុជា ខណៈរាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុងរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និងបានផលិត​ឧបករណ៍ជំនួយ​សម្រាប់​ជនមានពិការភាព​ផងដែរ។
 
កម្មវិធី​ប្រគល់ និងទទួលរណប​ជំនួយទ្រទ្រង់​រាងកាយ ​ដែលជាអំណោយ​របស់​មជ្ឈមណ្ឌលជាតិបច្ចេកវិទ្យា​រណបជំនួយ​នៃសាធារណរដ្ឋប្រជាមានិត​ចិន ត្រូវបានធ្វើ​ឡើងកាលពី​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមវត្តមាន​លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និងជាអគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ និង​លោក ហ៊ូ គ័រឆាង (HU Guoqiang) នាយកនៃមជ្ឈមណ្ឌល​ជាតិបច្ចេកវិទ្យា​រណបជំនួយ​នៅសាធារណរដ្ឋមាណិត​ចិន រួមជាមួយទីប្រឹក្សា​នៃស្ថានទូត​ចិន​ប្រចាំ​កម្ពុជា លោក លីន រ៉ូហួរ (Lin Ruihua)។ នេះបើតាម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា។ 


នៅក្នុងជំនួប​នោះ លោក ឯម ច័ន្ទមករា បានលើកឡើង​ថា រាជរដ្ឋាភិបាល​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់ជន​មានពិការភាព និងបានផលិត​ឧបករណ៍​ជំនួយ​សម្រាប់​ជនមានពិការភាព។ លោកបន្ត​ថា៖«ប៉ុន្តែទោះបីយ៉ាង​នេះក្តី ក៏មិនអាច​បំពេញ​តម្រូវការ​របស់​ជនមានពិការភាព ​ដោយសារតែ​រោងចក្រ​ផលិត​នៅមានកម្រិត​នៅឡើយ ខណៈមជ្ឈមណ្ឌល​ស្តារលទ្ធភាពពលកម្ម​កាយសម្បទា​នៅ​កម្ពុជា​បានបម្រើ​ឱ្យ​ជនមានពិការភាព​ប្រមាណ ២ ម៉ឺននាក់​ក្នុងមួយឆ្នាំ»។
 
លោកបានឱ្យដឹង​ថា នៅកម្ពុជា​មានជនមានពិការភាព​ជាង ៧០ ម៉ឺននាក់ នៃចំនួន​ប្រជាជនសរុប ១៣ លាននាក់ ខណៈជនមានពិការភាព​បច្ចុប្បន្ន​កំពុងតែ​ប្រឈមនឹង​បញ្ហា​ជំងឺទឹកនោមផ្អែម និងគ្រោះថ្នាក់​ចរាចរណ៍។ លោកសង្ឃឹម​ថា រដ្ឋាភិបាល​ចិន​នឹងពិចារណា​ក្នុងការផ្តល់ជំនួយ​បច្ចេកទេស​ខាងផ្នែក​សម្ភារទាំងអស់នេះ​ដើម្បី​បំពេញ​តម្រូវការ​ជនមានពិការភាព​នៅកម្ពុជា។
 
លោកបានថ្លែង​ប្រាប់ថា រាជរដ្ឋាភិបាល​កំពុងកសាង​មជ្ឈមណ្ឌល​ជាតិ​ជនពិការ​នៅជាយក្រុង ដោយ​បច្ចុប្បន្ន​សាងសង់​បាន ៣០ ភាគរយ ដោយក្នុង​មជ្ឈមណ្ឌលនោះ​នឹងរៀបចំឱ្យ​មានរោងចក្រ​ផលិត​រទេះរុញ​សម្រាប់​ជនមានពិការភាព រោងចក្រ​ផលិត​ដៃជើង​សិប្បនិម្មិត និងរោងចក្រ​ផលិត​ឈើច្រត់ និងមាន​មន្ទីរពេទ្យ និងភោជនីយដ្ឋាន​ផងដែរ។ បើតាមលោក ឯម ច័ន្ទមករា នៅពេល​ដែលមជ្ឈមណ្ឌល​នោះកសាងរួច ទីតាំងនេះ​នឹងក្លាយជា​កន្លែងប្រមូលផ្តុំ​របស់​វិស័យ​ពិការភាព។
 
ជាការឆ្លើយតប លោក ហ៊ូ គ័រឆាង (HU Guoqiang) បានលើកឡើង​ថា លោកចាប់​អារម្មណ៍ចំពោះ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ជាតិ​ជនពិការ​នៅ​កម្ពុជា ហើយលោកនឹង​យកបញ្ហាដែល​លោក ឯម ច័ន្ទមករា បានលើកឡើង​ខាងលើនេះ ទៅពិភាក្សា​ជាមួយនឹង​សហព័ន្ធជនពិការ​នៅប្រទេស​ចិន ហើយ សង្ឃឹមថា​នឹងទទួលបាន​ការគាំទ្រ​ពីក្រសួង​ការបរទេស​ចិន។ លោក ហ៊ូ គ័រឆាង បានថ្លែង​ថា៖«ដើម្បី​ពង្រឹង និងដើម្បី​ផលប្រយោជន៍​នៃទំនាក់ទំនង​ប្រទេស​ទាំងពីរ ខ្ញុំនឹងខិតខំ​ប្រឹងប្រែង​បន្ថែមទៀត»។
 
បន្ថែមពីនេះ ទីប្រឹក្សា​នៃស្ថានទូត​ចិន​ប្រចាំ​កម្ពុជា លោក លីន រ៉ូហួរ (Lin Ruihua) ក៏បានលើកឡើងដែរ​ថា ក្នុងនាមលោក​តំណាង​ឱ្យ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នឹងធ្វើ​ជាស្ពាន​ចម្លងការតភ្ជាប់​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ឱ្យកាន់តែ​រឹងមាំ​បន្ថែមទៀត ដើម្បី​ស្វែងរកភាគីដែលពាក់ព័ន្ធ​ដែលស្របគ្នា​នឹងវិស័យ​ពិការភាព និងជំរុញ​ការអនុវត្ត​គម្រោងនេះ​ប្រព្រឹត្តទៅដោយជោគជ័យ​ឆាប់រហ័ស៕