កំពង់ស្ពឺៈ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក សា​បូ អូ​ហ្សា​ណូ ដែលមាន​ការចូលរួម​ពី​តំណាង​រោងចក្រ សហគ្រាស​ចំនួន ​៤០​ នាក់​ បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការគ្រប់គ្រង​សំណល់​គ្រោះថ្នាក់​ចេញពី​វិស័យ​ឧស្សាហកម្ម​ឱ្យបាន​ត្រឹមត្រូវ និង​ប្រកបដោយ​សុវត្ថិភាព​បរិស្ថាន នា​ថ្ងៃទី​ ២៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ​២០២៣ ក្នុង​ក្រុង​ច្បារមន​។ នេះ​បើ​យោងតាម​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​ ២៥​ ខែវិច្ឆិកា​នេះ​។


​ក្រសួង​បាន​បញ្ជាក់ថា សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដល់​អ្នកទទួលខុសត្រូវ​ផ្នែក​បរិស្ថាន​ក្នុង​រោងចក្រ សហគ្រាស​អំពី​ផលប៉ះពាល់​លើ​បរិស្ថាន និង​សុខភាព​សាធារណៈ​ដែល​បង្ក​ពី​ការ​ទុកដាក់​មិនបាន​ត្រឹមត្រូវ​នូវ​សំណល់​គ្រោះថ្នាក់​ចេញ​វិស័យ​ឧស្សាហកម្ម​, ពី​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំណល់​គ្រោះថ្នាក់ និង​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា ខូ​ប្រូ​សេស​ស៊ី​ង សម្រាប់ធ្វើ​ប្រព្រឹត្តិកម្ម​សំណល់​គ្រោះថ្នាក់​ចេញ​វិស័យ​ឧស្សាហកម្ម​ប្រកបដោយ​សុវត្ថិភាព​បរិស្ថាន​។​

លោក​រដ្ឋលេខាធិការ​បា​ន​លើកឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​នោះ ពី​ការ​ទុកដាក់​សំណល់​គ្រោះថ្នាក់ និង​ការប្រើប្រាស់​សេវា​គ្រប់គ្រង​សំណល់​គ្រោះថ្នាក់​ដែលមាន​បច្ចេកទេស​ត្រឹមត្រូវ និង​ប្រកបដោយ​សុវត្ថិភាព​បរិស្ថាន មាន​សារៈសំខាន់​ណាស់ដែ​លអាច​ទប់ស្កាត់​ផលប៉ះពាល់​អវិជ្ជមាន​ទៅលើ​សុខភាព​សាធារណៈ និង​បរិស្ថាន​។


លោក​រដ្ឋលេខាធិការ​ក៏បាន​ជំ​រុញឱ្យ​រោងចក្រ សហគ្រាស ចូលរួម​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ដែល​ក្រសួងបរិស្ថាន បាននិងកំពុង​អនុវត្ត​នៅតាម​វិស័យ​អប់រំ វិស័យ​ឧស្សាហកម្ម  និង​វិស័យ​ឯកជន​ដទៃទៀត​។

លោក​ សា​បូ អូ​ហ្សា​ណូ​ បាន​លើកឡើងថា បច្ចុប្បន្ន​មាន​មនុស្ស​ប្រមាណ​ចំនួន​៣​លាន​នាក់​បាននិងកំពុង​តែ​ចូលរួម​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​៕