លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​ថ្លែងថា ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​ក្នុងការ​លុបបំបាត់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ឱ្យ​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅ​ឆ្នាំ​ ២០៣០ ដែល​រាជរដ្ឋាភិបាល​កម្ពុជា រួម​ជាមួយនឹង​ប្រទេស​ជាង ១៨០ ប្រទេស​បានធ្វើការ​ប្តេជ្ញា​ចិត្ត នៅឯ​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន​និង​ការអភិវឌ្ឍ​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា កាលពី​ចុងឆ្នាំ ២០១៩​។


លោកស្រី​បាន​ថ្លែង​បែបនេះ កាលពី​ថ្ងៃទី​ ២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ក្នុង​យុទ្ធនាការ​ ១៦​ ថ្ងៃ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ក្រោម​ប្រធានបទ «​រួមគ្នា​វិនិយោគ​លើ​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​» នៅ​វិទ្យាល័យ​កំបូល ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​លោកស្រី អ៊ឹង កន្ថាផាវី បាន​ថ្លែង​បញ្ជាក់ថា ៖ «​ការប្តេជ្ញា​ក្នុងការ​លុបបំបាត់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ឱ្យ​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅ​ឆ្នាំ​ ២០៣០ របស់​រាជរដ្ឋាភិបាល​កម្ពុជា រួម​ជាមួយនឹង​ប្រទេស​ជាង ​១៨០ គឺ​ប្តេជ្ញា​សម្រេច​ឱ្យបាន​សូន្យ​ចំនួន​បី​នៅ​ឆ្នាំ​ ២០៣០​ គឺ ទី​១.​ការលុបបំបាត់​អត្រា​មរណភាព​មាតា​ដែល​អាច​ការពារ​, ទី​២.​ការលុបបំបាត់​នូវ​តម្រូវការ​មធ្យោបាយ​ពន្យារកំណើត​ដែល​មិនបាន​សម្រេច និង​ទី​៣.​ ការលុបបំបាត់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​»​។​


លោកស្រី​បាន​បន្ថែមថា ហេតុនេះ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​កិច្ចការនារី បាន​យកចិត្តទុកដាក់​ក្នុងការ​បង្កើតឱ្យមាន​យន្តការ​ឆ្លើយតប​ចំពោះ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​គ្រប់​កម្រិត និង​បាន​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​ច្បាប់ គោលនយោបាយ ផែនការ​សកម្មភាព លិខិតបទដ្ឋាន​គតិយុត្ត និង​កម្មវិធី​ជាច្រើន ក្នុងការ​លើកកម្ពស់​កា​រ​អភិវឌ្ឍ​សមត្ថភាព​អ្នកផ្តល់​សេវា​ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​របស់​ជនរ​ង​គ្រោះ​។​

«​ម្យ៉ាងវិញទៀត ក៏​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការផ្តល់សេវា​ឆ្លើយតប និង​កិច្ច​អន្តរាគមន៍​ជួយ​ជនរងគ្រោះ​ឱ្យទទួល​បាន​យុត្តិធម៌ សំដៅ​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា និង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត ចូលរួម អនុវត្ត​របស់​ប្រតិបត្តិ​ករ​យើង​ទាំងអស់ ដែល​បាន​សហការគ្នា​យ៉ាង​ល្អជា​មួយ​ក្រសួង​កិច្ចការនារី ដើម្បី​រួមគ្នា​ក្នុង​បេសកកម្ម​លើកកម្ពស់​សមភាព​យេនឌ័រ និង​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​»​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក​ស្រី លោក អ៊ឹង កន្ថាផាវី​។


ទាក់ទង​នឹង​ការប្តេជ្ញា​របស់​ក្រសួង​កិច្ចការនារី​នេះដែរ លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ យល់ឃើញថា ការប្តេជ្ញាចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​លុបបំបាត់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ឱ្យ​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅ​ឆ្នាំ​ ២០៣០ ​នេះ អាច​សម្រេច​ទៅបាន វា​អាស្រ័យ​លើ​ឆន្ទៈ និង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​អំពើហិង្សា​ក្នុង​គ្រួសារ​។

លោក​បាន​ប្រាប់​ឱ្យដឹងថា ៖ «​យោង​មាត្រា ២៦ នៃ​ច្បាប់​នេះ​បាន​ចែងថា ចំពោះ​បទល្មើស​ដែលជា​អំពី​ហិង្សា​ប៉ះពាល់​ខាង​ផ្លូវចិត្ត ឬ​ផ្លូវ​ជីវភាព​សេដ្ឋកិច្ច និង​បទល្មើស​មជ្ឈិម​ស្រាល ឬ​ការផ្សះផ្សា ឬ​សម្រុះសម្រួល​អាចធ្វើ​ទៅបាន​តាម​ការយល់ព្រម​ពី​ភាគី​ទាំងសងខាង​។ ក្នុងនាម​យើង​ជា​សង្គម​ស៊ីវិល មិន​យល់ស្រប​ចំពោះ​មាត្រា​នេះ នឹង​ស្នើឱ្យ​រាជរដ្ឋាភិបាល​ពិចារណា​ធ្វើ​វិ​សោធក​ម្ម​។ ម្យ៉ាង​វិញ​គួររៀបចំ​គោលនយោបាយ​បន្ថែមទៀត ដែល​ការលុបបំបាត់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នេះ​»​។​

សូមជម្រាបថា យុទ្ធនាការ ​១៦ ​ថ្ងៃ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ដែល​ពិភពលោក ក៏ដូចជា​កម្ពុជា​តែងតែ​រៀបចំ​ជា​រៀងរាល់ឆ្នាំ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី ​២៥ ខែវិច្ឆិកា ដល់​ថ្ងៃទី ​១០ ខែធ្នូ នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

យុទ្ធនាការ​ ១៦​ ថ្ងៃនេះ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​ ១៩៩១ ដោយ​ក្រុម​បុរស​ជនជាតិ​កាណាដា​មួយក្រុម ដែលជា​សកម្មភាព​អាទិភាព​ដ៏​សំខាន់​មួយ ក្នុងចំណោម​សកម្មភាព​អាទិភាព​ជាច្រើន​ដែល​ត្រូវ​ចូលរួម​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​គ្រប់​ទម្រង់ និង​ជា​សកម្មភាព​មួយ​ដែល​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ទី​៤ កិច្ចការពារ​ផ្លូវច្បាប់​សម្រាប់​ស្ត្រី និង​ក្មេងស្រី និង​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី​៥ និង​យុទ្ធសាស្ត្រ​ទី​១ ការបង្ការ​ទប់ស្កាត់ នៃ​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​លើក​ទី​៣ ឆ្នាំ​ ២០១៩-២០២៣​។

យោងតាម​ការអង្កេត​ប្រជាសាស្ត្រ​និង​សុខភាព បាន​បង្ហាញថា អត្រា​ប្រេ​វ៉ាឡង់​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ លើ​រាងកាយ ផ្លូវភេទ ឬ​ផ្លូវចិត្ត​មានការ​ថយចុះ​គួរឱ្យកត់សម្គាល់ ពោលគឺ ថយចុះ​ពី ​២៩​ ភាគរយ (​ឆ្នាំ​២០១៤) មក ​២១​ភាគរយ (​ឆ្នាំ ​២០២១-២០២២)​។ ក្នុងចំណោម​ស្ត្រី​អាយុ​ ១៥ ដល់​ ៤៩​ ឆ្នាំ មាន​ ១​ នាក់ ​ក្នុងចំណោម ​៥ ​នាក់ (២១​ ភាគរយ​) បាន​រាយការណ៍​ថា ធ្លាប់​ទទួលរង​អំពើហិង្សា​ផ្លូវកាយ ផ្លូវភេទ និង​/​ផ្លូវចិត្ត ពី​ដៃគូ​ស្នេហា​ក្នុង​មួយជីវិត​របស់​ពួកគេ ហើយ​អំពើហិង្សា​ពី​ដៃគូ​ស្និទ្ធស្នាល​បាន​ថយចុះ​ពី​ ១៩,៦​ ភាគរយ (​ឆ្នាំ​ ២០១៤) មក​ ១៣ ​ភាគរយ (​ឆ្នាំ​២០២១- ២០២២) ក្នុង​រយៈពេល​ ១២ ខែ​ចុងក្រោយ​៕