អាជ្ញាធរ​មីនបានប្រកាសថា កម្ពុជា​ត្រូវបាន​អង្គ​សន្និសីទ​រដ្ឋ​ភាគី​លើក​ទី​២១ នៃ​អនុសញ្ញា​ស្តីពី​ការហាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន និង​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥ ឆ្នាំ​ ២០២៤ ដែល​កម្ពុជា​ប្រសិទ្ធ​នាម​ជា “​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន​”​។​


ការបោះឆ្នោត​ជ្រើសតាំង​នេះ ត្រូវបាន​ធ្វើឡើង នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស ថ្ងៃទី​ ២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ អាជ្ញាធរ​មីនបាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​ឆ្នាំ ​២០២៤ នឹងមាន​ការចូលរួម​ពីរ​ដ្ឋ​សមាជិក​ចំនួន ១៦៤ រដ្ឋ​អង្កេត​ការណ៍​ដទៃទៀត រួមទាំង​អង្គការ​-​ស្ថាប័ន​ពិភពលោក​ជាច្រើន​។

លោក លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីនបាន​ថ្លែង​នៅក្នុង​អង្គ​សន្និសីទ​នោះ​ថា កម្ពុជា គឺជា​ប្រទេស​ទី​៥ នៅលើ​សកលលោក និង​ជា​ប្រទេស​ដំបូង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ី ដែល​ធ្វើជា​ប្រធាន និង​ជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​នេះ ខណៈដែល​កិច្ចប្រជុំ​លើក​ទី​១​ ធ្វើ​នៅ​ប្រទេស កេ​ន​យ៉ា ឆ្នាំ ​២០០៤, លើក​ទី​២​នៅ​ប្រទេស កូ​ឡុំ​ប៊ី ឆ្នាំ​ ២០០៩, លើក​ទី​៣​នៅ ប្រទេស​ម៉ូ​សំ​ប៊ិក ឆ្នាំ​ ២០១៤ និង​លើក​ទី​៤​ នៅ​ប្រទេស ន័​រ​វែ​ស ក្នុង​ឆ្នាំ​ ២០១៩​។​


លោក​បាន​បញ្ជាក់ថា៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការជឿទុកចិត្ត និង​ទំនុកចិត្ត​ដែល​អ្នក​បាន​ប្រគល់ជូន​ប្រទេសជាតិ និង​ប្រជាជន​របស់ខ្ញុំ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិត្តិយស និង​សេចក្តីទុកចិត្ត​ដែល​បាន​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​។ ខ្ញុំ​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ​ក្នុង​ការជំរុញ​គោលបំណង និង​គោលការណ៍​នៃ​សន្ធិសញ្ញា​អន្តរជាតិ​ដ៏​សំខាន់​នេះ​»​។​

ក្រោយ​ទទួលបាន​ការជ្រើសតាំង​នេះ លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តេ​ឡេ​ក្រាម ផ្លូវការ​របស់លោក​បាន​សរសេរថា ក្នុងនាម​ជា​ប្រធាន និង​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​កម្ពុជា បាន​ជ្រើស​យក​ទឹកដី​ខេត្តសៀមរាប​សម្រាប់​ការរៀបចំ និង​មានការ​ចូលរួម​ពី​រដ្ឋ​សមាជិក ចំនួន ១៦៤ ប្រទេស និង​រដ្ឋ​អង្កេត​ការណ៍​ផ្សេងៗ ព្រមទាំង​អង្គការ​-​ស្ថាប័ន​ពិភពលោក​ជាច្រើន​ទៀត​។


សំណេរ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​បាន​បន្តថា កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ គឺជា​វេទិកា​ដែល​កម្ពុជា​នឹង​បញ្ជាក់ជូន​សហគមន៍​អន្តរជាតិ ពី​ការប្តេជ្ញាចិត្ត ចំពោះ​ការ​បោសសម្អាត​មីន​ប្រឆាំង​មនុស្ស​ឱ្យអស់ និង​ពិនិត្យ មើល​លើ​វឌ្ឍនភាព​នៃ​ការ​អនុត្ត​ផែនការ​សកម្មភាព​កន្ល​ង​មក​។

លោក​បញ្ជាក់ថា៖ «​កម្ពុជាគ្រោង​នឹងដាក់​ចេញ​នូវ​ការងារ អាទិភាព​ចំនួន ៣ រួមមាន​៖ ទី​១ ជំរុញ​សកលភាវូបនីយកម្ម​នៃ​អនុសញ្ញា​៖ ជំរុញ ប្រទេស​មិនមែន​រដ្ឋ​ភាគី​ឱ្យ​ចូលរួម​ជា​រដ្ឋ​ភាគី ឬ​ចូលរួម​កិច្ចប្រជុំ ឬ​អនុវត្ត​ទិដ្ឋភាព​នានា​នៃ​អនុសញ្ញា​, ទី​២​ ពង្រឹង​ការអនុវត្ត​មាត្រា​ ៥​ នៃ​អនុសញ្ញា​៖ បោសសម្អាត​មីន​ប្រឆាំង​មនុស្ស និង​ទី​៣ ជួយ​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​»​។​

រូបភាព៖ អាជ្ញាធរមីន

ជាងនេះទៅទៀត  កម្ពុជា​នឹង​រៀបចំ​ឱ្យមាន​ជា សេចក្តីថ្លែងការណ៍​ស្តីពី​ផែនការ​សកម្មភាព ៥​ ឆ្នាំ​បន្ត សម្រាប់​រដ្ឋ​សមាជិក និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​យកទៅអនុវត្ត​ដោយមាន​ឈ្មោះថា «​សេចក្តីថ្លែងការណ៍​សៀមរាប​-​អង្គរ (Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan)» ដែល​នឹងត្រូវ​ប្រើប្រាស់​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​របស់​អង្គការ​សហ​ប្រជា​តិ​។

​លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា៖ «​ក្នុងឱកាស​នេះ ខ្ញុំ​សូម​កោតសរសើរ​ជូន​ចំពោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ថ្នាក់ដឹកនាំ មន្ត្រី​បុគ្គលិក​អាជ្ញាធរ​មីន ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ សហគមន៍​សកម្មភាព​មីន និង​គ្រប់ភាគី​ពាក់ព័ន្ធ សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង និង​ចូលរួមចំណែក ជំ​រុញឱ្យ​ប្រទេស និង​ប្រជាជន​កម្ពុជា​រួច​ចាក​ផុតពី​ទុក្ខវេទនា ដោយសារ​មីន​ប្រឆាំង​មនុស្ស​ដែលជា​មរតក​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា​»​។

​លោក​បន្តថា៖ «​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ ចំពោះ​រដ្ឋ​ជា​សមាជិក​នៃ​អនុសញ្ញា​អូ​តា​វ៉ា និង​សហគមន៍​អន្តរជាតិ ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​វាយតម្លៃ​ខ្ពស់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុង​កិច្ចការ​សកម្មភាព​មីន ក៏ដូចជា​បានផ្តល់​សេចក្តីទុកចិត្ត​ជ្រើសតាំង​កម្ពុជា​ធ្វើជា​ប្រធាន និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​នេះ​»​។

សូមជម្រាបថា អនុសញ្ញា​អូ​តា​វ៉ា ឬ​ហៅ​បាន​ថា​អនុសញ្ញា​ស្តីពី​ការហាម ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស ឬ​ហៅ​ពេញ​ថា អនុសញ្ញា​ស្តីពី​ការហាម​ការប្រើប្រាស់ ការ​រក្សាទុក​ការផលិត និង​ការផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​ការបំផ្លាញ​គ្រាប់មីន​។

អនុសញ្ញា​នេះ គឺជា​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ និង​ជាការ​ឆ្លើយតប​គ្រប់​ជ្រុងជ្រោយ​របស់​សហគមន៍​អន្តរជាតិ ចំពោះ​បញ្ហា​មនុស្សធម៌ ដែល​បង្កឡើង​ដោយ​មីន​ប្រឆាំង​មនុស្ស ដែលជា​អាវុធ បង្ក​ផល​អាក្រក់​ដ៏​ធ្ងន់ធ្ងរ ទោះបីជា​ជម្លោះ​ប្រដាប់អាវុធ​បានបញ្ចប់​ទៅជា​ច្រើន​ទសវត្សរ៍​ក៏ដោយ​។​

សូម​រំឭកថា មុននឹង​ឈានដល់​ការទទួលបាន​តំណែង​ជា​ប្រធាន និង​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥ ឆ្នាំ​ ២០២៤​ នេះដែរ កាលពី​ថ្ងៃទី​ ២៣-២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​២១ នៃ​រដ្ឋ​ភាគី​អនុសញ្ញា​ស្តីពី​ការហាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស លោក លី បញ្ញា​រិ​ទ្ធិ៍ អគ្គលេខាធិការ​អាជ្ញាធ​រ​មីន នៅក្នុង​ជំនួប​ដាច់ដោយឡែក​មួយ បានស្នើ​ដល់ ក្រុមការងារ Mine Action Review និង​ប្រតិភូ​ព្រះរាជាណាចក្រ​ថៃ ឱ្យ​ផ្តល់​ការចូលរួម​គាំទ្រ​តាម​លទ្ធភាព​របស់​អង្គភាព​នីមួយៗ​។

នា​ជំនួប​នេះ លោក​បានលើកឡើង​នូវ​អាទិភាព​ចំនួន​៣ ដែល​កម្ពុជា​បានដាក់​អាទិភាព​ក្នុងពេល​ធ្វើជា​ម្ចាស់ផ្ទះ​និង​ជា​ប្រធាន​នៃ​សន្និសីទ នៅ​ឆ្នាំ​ ២០២៤ ដោយ​ទី​១. ជំរុញ​សកលភាវូបនីយកម្ម​នៃ​អនុសញ្ញា​, ទី​២.​ ពង្រឹង​ការអនុវត្ត​មាត្រា​ ៥​ នៃ​អនុសញ្ញា និង​ទី​៣. ជួយ​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៕