សមាគម​កសិករ​ដើម្បី​អភិវឌ្ឍន​ជីវភាព និង​សមាគម​អ្នក​ស្រលាញ់​បរិស្ថាន​និង​សង្គម បានសម្រេច​ចិត្ត​ចូលរួម​សហការ​បន្ថែម​ទៀត​ជាមួយ​ក្រសួងបរិស្ថាន ក្នុង​ការបើក​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក នៅក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​ ២០២៣ ​នេះ​។


ការចូលរួម​នេះ ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ចលនា «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» និង​«​យើង​រួម​កម្លាំង​គ្នា ការពារ​បរិស្ថាន​កម្ពុ​ជា​» ជាមួយ​កីឡាករ​អុំទូក និង​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត នៅតាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។​

យោងតាម​សេចក្តីជូនដំណឹង​របស់​សមាគម​កសិករ​ដើម្បី​អភិវឌ្ឍន​ជីវភាព នៅ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា បានឱ្យដឹងថា សមាគម និង​ក្រសួងបរិស្ថាន គ្រោង​នឹងធ្វើ​យុទ្ធនាការ​រួមគ្នា​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ អប់រំ​ពី​ការ​ទុកដាក់​សំរាម និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក្នុង​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៦ ដល់​ថ្ងៃទី​ ២៨ ខែវិច្ឆិកា ឆ្នាំ ​២០២៣​។​


​ប្រភព​ដដែល​បន្តថា ៖ «​យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​ជំរុញ និង​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​រួមគ្នា កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក លើកកម្ពស់​បរិស្ថាន ព្រមទាំង​បណ្តុះ​ស្មារតី​ឱ្យ​ស្រឡាញ់​បរិស្ថាន និង​សង្គម ដែល​ពាក្យស្លោក​ក្នុង​យុទ្ធនាការ​នេះ​គឺ ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​។​

បើតាម​សេ​ក្តី​ជូនដំណឹង​ដដែល​នេះ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ និង​បំផុសស្មារតី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ឱ្យ​ចេះ​ស្រលាញ់​បរិស្ថាន និង​សង្គម ព្រមទាំង​រួមគ្នា​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ការគ្រប់គ្រង​កាកសំណល់​ប្លា​ស្ទិ​ក​ដែល​បាន​ប្រើប្រាស់​រួម​ឱ្យមាន​របៀបរៀបរយ​។


សេចក្តីជូនដំណឹង​បញ្ជាក់ថា៖ «​ដើម្បី​ប្រទេសជាតិ និង​សង្គម ព្រមទាំង​បរិស្ថាន​យើង​ស្អាត ទាល់តែ​យើង​គ្រប់គ្នា​ចាប់​ផ្តើមចេញពី​យើង​គ្រប់គ្នា និង​ការចេះ​ទុកដាក់​នូវ​ប្លា​ស្ទិ​ក​ដែល​យើង​បាន​ប្រើប្រាស់​រួច​ឱ្យមាន​របៀបរៀបរយ ហើយ​ថ្ងៃ​អនាគត​យើង​ជឿថា ប្រទេស​កម្ពុជា​យើង​នឹង​បោះជំហាន​ដ៏​ធំ​មួយ​ដែលជា​ប្រទេស​មាន​បរិស្ថាន​ស្អាត​ល្អ ដូច​ប្រទេស​ជឿនលឿន​មួយចំនួន នៅ​ទូទាំង​ពិភពលោក​ដូច​គេ​ដែរ​ជាក់​ជាមិនខាន​»​។​

ដោយឡែក សមាគម​អ្នក​ស្រលាញ់​បរិស្ថាន​និង​សង្គម ក៏បាន​លើកឡើង​ដែរ​ថា សមាគម និង​ក្រសួងបរិស្ថាន នឹងធ្វើ​យុទ្ធនាការ ការផ្សព្វផ្សាយ អប់រំ ពី​ការ​ទុកដាក់​សំរាម និង​ការកាត់បន្ថយ​ប្រើប្រាស់​ប្លា​ស្ទិ​ក ដល់​សាធារណជន ក្នុង​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ដើម្បី​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក លើកកម្ពស់​បរិស្ថាន ព្រមទាំង​បញ្ហា​បរិស្ថាន និង​បណ្តុះ​ស្មារតី​ឱ្យ​ប្រជាពលរដ្ឋ ស្រឡាញ់​បរិស្ថាន ការចូលរួម​កាត់បន្ថយ​ការ ប្រើ​ថង់​ប្លា​ស្ទិ​ក​។

សមាគម​អ្នក​ស្រលាញ់​បរិស្ថាន​និង​សង្គម បន្តថា ៖ «​បុណ្យអុំទូក ជា​ឱកាសល្អ​សម្រាប់ធ្វើ​យុទ្ធនាការ ហើយក៏​ជា​ឱកាស​មួយ​សម្រាប់​យុវជន ពលរដ្ឋ​ខ្មែរ ដែល​មក​ចូលរួម​កម្សាន្ត​សប្បាយរីករាយ ក្នុង​ពិធីបុណ្យ​អុំទូក​នេះ ជួយ​ចូលរួម​ក្នុងការ​ថែរក្សា​ផ្លាស់ប្តូរ ទម្លាប់​មិនល្អ​ចេញ ពេល​ប្រើប្រាស់​សំណល់​ប្លា​ស្ទិ​ក ដោយ​មិន​ចោល​សំរាម​ផ្តេសផ្តាស់​។ នេះហើយ​ជាការ​ពង្រឹង​ក្តី​ស្រឡាញ់ ធ្វើឱ្យ​បរិស្ថាន​ស្អាត មាន​សោភណភាព​ស្រស់ស្អាត ដែលជា​មោទនភាព​ខ្មែរ​យើង​គ្រប់គ្នា​»​។​

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានលើកឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា​ថា ការចូលរួម​ពី​មនុស្ស​ដ៏​ច្រើន​ក្នុង​យុទ្ធនាការ​កន្លងមកនេះ ជាការ​ឆ្លុះបញ្ចាំង​ពី​ការដាក់ចេញ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។

លោក​ថា យុទ្ធនាការ​នេះ​មិន​ត្រឹមតែ​មានការ​គាំទ្រ និង​ចូលរួម​ពី​សាលារៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ ម្ចាស់​រោងចក្រ សហគ្រាស កាកបាទក្រហមកម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សមាគម​កាយ​ឬ​ទ្ធិ​នារី​កម្ពុជា និង​អាជ្ញាធរខេត្ត​ចំនួន ​១៣ ផ្សេងទៀត ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​ចូលរួម​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ផងដែរ​។

លោក អ៊ាង សុផល្លែត​បាន​ថ្លែងថា៖ «​នៅពេលនេះ អង្គការ​សមាគម​ក្នុងស្រុក​មួយចំនួនទៀត បាន​សហការ​ចូលរួម​ក្នុង​យុទ្ធនាការ ដែល​បង្ហាញ​ពី​ការរួម​សាមគ្គី​ខ្មែរ​តែមួយ ដើម្បី​ធ្វើឱ្យ​កម្ពុជា ដែលជា​ផ្ទះ​របស់​យើងទាំងអស់គ្នា មាន​ភាព​ស្អាត ដោយ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ សុខភាព និង​បរិស្ថាន​»​។

សកម្មភាព និង​ការចូលរួម ចេញពី​បេះដូង​នាពេលនេះ គឺជា​កត្តា​សំខាន់បំផុត ក្នុងការ​គាំទ្រ​ដល់​អាទិភាព និង​យុ​ទ្ធា​សាស្ត្រ របស់​ក្រសួងបរិស្ថាន ដែល​បាន​ដាក់ចេញ ក្នុងការ​ជំរុញ​ការលើកកម្ពស់​បរិស្ថាន សោភណភាព​របស់​កម្ពុ​ជា​ឱ្យ​ស្រស់បំព្រង គ្មាន​ការបំពុល និង​ឈានទៅ​ការលុបបំបាត់​សំរាម បន្តិច​ម្តងៗ​ឱ្យ​អស់ពី​កម្ពុជា ក្នុងពេល​អនាគត​ដ៏​ខ្លី​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក អ៊ាង សុផល្លែត​។

សូមបញ្ជាក់ថា ចលនា​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដែល​ផ្តួចផ្តើមឡើង​ដោយ​ក្រសួងបរិស្ថាន ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» បាន​អនុវត្ត​ចាប់តាំងពី​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ​ ២០២៣ រហូតមកដល់​ពេលនេះ បាននិងកំពុង​ទទួល​បានការ​គាំទ្រ និង​ចូលរួម​ដោយផ្ទាល់​ពី​ប្រជាពលរដ្ឋ​ជាង​៣​លាន​នាក់ ដែល​ក្នុងនោះ​អ្នក​ចូលរួមបាន​ប្តេជ្ញាចិត្ត មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​យ៉ាងតិច​ ១​ ថ្ងៃ និង​ឈានទៅ​២ ឬ ៣​ ថ្ងៃ​ ក្នុង ១ ​សប្តាហ៍ និង​បានធ្វើឱ្យ​កម្ពុជា ក្នុង​ ១​ ថ្ងៃ អាច​កាត់បន្ថយ​ថង់​ប្លា​ស្ទិ​ក​ប្រមាណ​ ១៥ ​លាន​ថង់​៕​