កាកបាទក្រហមកម្ពុជា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ​,​ អង្គការ​យូ​អិន​អេដស៍​ប្រចាំ​ប្រទេស​កម្ពុជា រួម​នឹង​អង្គការ​សម្ព័ន្ធភាព​ខ្មែរ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ (KHANA) និង​តំណាង​របស់​យុវជន បាន​បើក​កិច្ចពិភាក្សា​ជាមួយ ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត ដើម្បី​ឈាន​ឆ្ពោះទៅ​បញ្ចប់​បញ្ហា​អេដស៍​នៅត្រឹម​ឆ្នាំ​ ២០២៥​។​


កិច្ចពិភាក្សា​ស្តីពី «​សហគមន៍​តែមួយ ដឹកនាំ​ឆ្ពោះទៅ​បញ្ចប់​ជំងឺអេដស៍​» ដើម្បី​ចូលរួម​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ​ធ្នូ ឆ្នាំ​ ២០២៣  បានរៀបចំ​ឡើង​កាលពី​ថ្ងៃទី​ ២៥ ខែវិច្ឆិកា ឆ្នាំ ​២០២៣ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយរ​បស់​កាកបាទក្រហមកម្ពុជា​តាមរយៈ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​។​

នៅក្នុង​កិច្ចពិភាក្សា​នេះ លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា និង​ជា​អនុប្រធាន​អចិ ន្ត្រៃ​យ៍​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ បាន​ថ្លែងថា កិច្ចពិភាក្សា​នេះ ក៏​ដើម្បី​ចូលរួម​អបអរ​សមិទ្ធផល ដែល​រាជរដ្ឋាភិបាល សម្រេចបាន​ក្នុងការ​អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប​មេរោគ​អេដស៍​/​ជំងឺអេដស៍ ឈាន​ឆ្ពោះទៅ​ការបញ្ចប់​អេដស៍ ដែលជា​ការគំរាមកំហែង​សុខភាព​សាធារណៈ​នៅ​ឆ្នាំ ២០២៥​។​


លោកស្រី​បាន​មានប្រសាសន៍ថា៖ «​វេទិកា​នេះ ក៏​ដើម្បី​ទាញ​ការយកចិត្តទុកដាក់រ​បស់បង​ប្អូន​រួម​ជាតិ ជាពិសេស​យុវជន និង​សហគមន៍​ងាយ​រងគ្រោះ​ឱ្យ​បន្ត​ការប្រុងប្រយ័ត្ន​ក្នុង​ការបង្ការ​ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍ និង​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ប្រទេស និង​កសាង​សង្គមជាតិ​មួយ ដែល​ពុំមាន​ការគំរាមកំហែង​ពី​មេរោគ​អេដស៍​/​ជំងឺអេដស៍​»​។​

ជាមួយគ្នា​នោះដែរ លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ ក៏បាន​លើកឡើង​ដែរ​ថា អ្វីដែល​ភាគី​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់ គឺ​ការបើក​លម្ហ​សេរីភាព​ពេញលេញ​ក្នុងការ​ចូលរួម​ប្រយុទ្ធ​ទៅនឹង​មេរោគ​អេដស៍​/​ជំងឺអេដស៍ ប្រកបទៅដោយ​សមភាព និង​បរិ​យាប​ន្ន ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ​នានា​។​


លោកស្រី​បាន​បន្ថែមថា ក្រៅពីនេះ ក៏ត្រូវ​មានការ​រៀបចំ​ឱ្យមាន​ធនធាន​គ្រប់គ្រាន់ ទាំង​ថវិកា សម្ភារ និង​ធនធានមនុស្ស ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​មេរោគ​អេដស៍​/​ជំងឺអេដស៍​។​

លោកស្រី ពុំ ចន្ទី​នី បាន​បញ្ជាក់ថា ៖ «​ម្យ៉ាងវិញទៀត ការកសាង​ឈានឆ្ពោះ​ទៅ​បញ្ចប់​បញ្ហា​អេដស៍​សមត្ថភាព​របស់​សហ​គម​ន៍ ដែល​រងគ្រោះ​ដោយសារ​មេរោគ​អេដស៍ ត្រូវ​ចូលរួម​ទាំងអស់គ្នា ដើម្បី​អនុវត្តតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ត្រូវ​បញ្ចប់​នៅត្រឹម​ឆ្នាំ​​ ២០២៥»​។

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ស្ថានភាព និង​វឌ្ឍនភាព​ឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺអេដស៍ នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ កាលពី​រសៀល​ថ្ងៃទី ​២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ លោក​អៀង ម៉ូ​លី បានឱ្យដឹងថា កម្ពុ​ជាមាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ចំនួន ​១ ៤០០ ​នាក់​ក្នុង​ឆ្នាំ​ដែល​មានន័យថា មនុស្ស​ ៤​ នាក់​បាន​ឆ្លង​មេរោគ​អេដស៍​ជា​រៀងរាល់ថ្ងៃ​។

លោក​បាន​ថ្លែងថា ៖ «​កម្ពុជាចង់ឱ្យ​អត្រា​អ្នក​ឆ្លង​ជំងឺអេដស៍​ម្នាក់​ក្នុង​១​ថ្ងៃ ឬ​៣៦៥​នាក់​ក្នុង​១​ឆ្នាំ ឬ​ទាប​ជាង​នេះ ដើម្បី​សម្រេច​គោលដៅ​បញ្ចប់​អេដស៍​ឆ្នាំ​ ២០២៥​។ កម្ពុជា ស្ទើរតែ​សម្រេច​គោលដៅ ៩៥-៩៥-៩៥ ទាំងស្រុង​រួចទៅហើយ ក្នុង​ការបញ្ចប់​ជំងឺអេដស៍​នៅ​ឆ្នាំ​ ២០២៥ តាម​ការកំណត់​របស់​អង្គការសហប្រជាជាតិ​។ ក្នុងចំណោម​គោលដៅ ៩៥ ចំនួន​បី គឺ​កម្ពុជា សម្រេចបាន​ពីរ​ហើយ ពោលគឺ​នៅសល់​តែមួយ​ប៉ុណ្ណោះ​»​។

បើតាម​លោក អៀង ម៉ូ​លី បាន​បញ្ជាក់ថា ៩៥ ​ទីមួយ មានន័យថា ៩៥​ ភាគរយ ក្នុងចំណោម​អ្នក​សង្ស័យ​ផ្ទុកមេរោគ​អេដស៍​បានធ្វើ​តេស្ត​ឈាម​ប្រាកដថា​ខ្លួន​មាន​ផ្ទុកមេរោគ​អេដស៍ តែ​កម្ពុជា​ទើបតែ​បាន ៨៦​ ភាគរយ​ប៉ុណ្ណោះ​, ៩៥ ទី​ពីរ មានន័យថា​អ្នក​ផ្ទុកមេរោគ​អេដស៍​បានទទួល​សេវា​ថែទាំ​ព្យាបាល ដែល​កម្ពុជា​សម្រេចបាន​រហូតដល់ ៩៩​ភាគរយ និង​ ៩៥​ ទី​បី ជា​ប្រសិទ្ធភាព​នៃ​សេវា​ព្យាបាល ដែល​ធ្វើ​អ្នក​ផ្ទុកមេរោគ​អេដស៍​លែង​ចម្លង​ទៅ​អ្នក​ដទៃទៀត​បាន គឺ​កម្ពុជា​សម្រេចបាន ៩៨ ​ភាគរយ​។​

«​ដូច្នេះ កម្ពុជា​នៅ​មិនទាន់​សម្រេច​គោលដៅ ​៩៥ ទីមួយ ក្នុង​ការជំរុញឱ្យ​អ្នកមាន​ការសង្ស័យ​មក​ទទួល​សេវា​ធ្វើតេស្ត​រក​មេរោគ​អេដស៍​នៅឡើយ ខណៈ​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅ​កម្ពុជា​ប្រមាណ ១២ ០០០​ នាក់ លាក់​មុខ មិន​មក​ធ្វើតេស្ត​បញ្ជាក់​ពី​ស្ថានភាព និង​មិន​មក​ទទួល​សេវា​ព្យាបាល​នោះទេ​»​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ លោក អៀង ម៉ូ​លី​។​

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​អះអាងថា ខ្លួន​បាននិងកំពុង​ជំរុញ​ដល់​អ្នក​សង្ស័យ​មក​ធ្វើតេស្ត​ឈាម និង​លើកទឹកចិត្ត​អ្នក​ផ្ទុកមេរោគ​អេដស៍​ទាំង ១២ ០០០​ នាក់ មក​ទទួល​សេវា​ព្យាបាល ដើម្បី​បញ្ចៀស​ការចម្លង​ទៅកាន់​អ្នកដទៃ​។​

សូមជម្រាបថា កម្ពុជា​នឹង​រៀបចំ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ​ធ្នូ  ក្រោម​ប្រធានបទ «​សហគមន៍​តែមួយ ដឹកនាំ​ឆ្ពោះទៅ​បញ្ចប់​ជំងឺអេដស៍​» នៅ​ថ្ងៃទី ​៣០ ខែវិច្ឆិកា នា​វិមាន​សន្តិភាព​។ នៅ​ថ្ងៃទី ​២៦-២៨ ខែវិច្ឆិកា ពោលគឺ​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក នឹងមាន​ការប្រគំ​តន្ត្រី​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍ និង​ជំងឺអេដស៍ នៅ​រមណីយដ្ឋាន​វត្តភ្នំ​, នៅ​ថ្ងៃទី ​១​ ធ្នូ មានការ​ប្រគំ​តន្ត្រី​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅ​ផ្លូវ​វេ​ង​ស្រេង និង​នៅ​ថ្ងៃទី​២​ធ្នូ មាន​យុទ្ធនាការ​រត់ប្រណាំង​អបអរសាទរ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅ​ភ្នំពេញ​ផងដែរ​៕​