ក្រសួងសុខាភិបាលបានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍ និងជំងឺអេដស៍ និងចុះចែកស្រោមអនាម័យចំនួនប្រមាណ ១០ ម៉ឺនស្រោមដោយឥតគិតថ្លៃ ដល់កីឡាករអុំទូក និងដល់សាធារណជនដែលចូលរួមនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។


យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា កម្មវិធីបើកយុទ្ធនាការផ្សព្វផ្សាយអប់រំនេះ មានការចូលរួមពី លោក ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ រួមនឹងអង្គការដៃគូ។

ក្រសួងបានបន្តថា៖ «ដោយទទួលការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម ឈាង រ៉ា នៅទីធ្លាក្រុងរណបជ្រោយចង្វារ (OCIC) ក្រសួងបានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍និងជំងឺអេដស៍ និងចុះចែកស្រោមអនាម័យចំនួនប្រមាណ១០ម៉ឺនស្រោមដោយឥតគិតថ្លៃ ដល់កីឡាករអុំទូក និងដល់សាធារណជនដែលចូលរួមនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក»។

ក្រសួងបានលើកឡើងដែរថា យុទ្ធនាការផ្សេព្វផ្សាយអប់រំក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានរៀបចំជាស្តង់ និងក្រុមចល័តសម្រាប់ផ្សព្វផ្សាយអប់រំដល់កីឡាករអុំទូកនិងប្រជាពលរដ្ឋទូទៅស្តីពីការបង្ការការចម្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការចែកជូនអាវយឺត ចែកទឹករំអិល និងស្រោមអនាម័យដោយឥតគិតថ្លៃ។



សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយអប់រំនេះ បានរៀបចំធ្វើនៅពីរទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១ នៅទីធ្លាក្រុងរណបជ្រោយចង្វារ OCIC ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា រៀបចំដោយក្រសួងសុខាភិបាល, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សហការជាមួយអង្គការដៃគូរួមមាន KHANA, MHC, CWPD និង AHF។

ចំណែកទីតាំង ទី២ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ឆ្នាំ២០២៣ រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សហការជាមួយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការដៃគូរួមមាន KHANA, AHF, MHC, CWPD និង RHAC៕​