​ភ្នំពេញៈ ក្រសួងសុខាភិបាល​នា​ថ្ងៃទី​​ ២៥ ខែវិច្ឆិកា បានប្រកាសថា មាន​អ្នក​ជំងឺផ្តាសាយបក្សី ចំនួន ១​ ករណី​ទៀត កើត​លើ​ក្មេងស្រី​អាយុ​ ៤ ឆ្នាំ និង​ត្រូវបាន​បញ្ជាក់ថា វិជ្ជមាន​វីរុស ផ្តាសាយ​បក្សី ប្រភេទ​ហាស់ ៥ អ៊ិន ​១ (H5N1) ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ នៅក្នុង​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​ដំណាក់​សុ​ក្រំ ស្រុក​ដងទង់ ខេត្តកំពត​។


​ក្រសួង​បាន​បញ្ជាក់ថា ករណី​ក្មេងស្រី​ខាងលើនេះ​មានផ្ទះ​នៅក្បែរ​ករណី​ស្ត្រី​អាយុ​ ២១​ ឆ្នាំ ដែល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី ​២៤ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ដែល​បាន​រកឃើញ​តាមរយៈ​ការស្វែងរក​សកម្ម នៅ​ភូមិ​កើតហេតុ ដោយ​ក្រុម​ឆ្លើយតប​បន្ទាន់​ចម្រុះ​ពី​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ នៃ​ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​ប៉ូលិស។

តាម​ការសាកសួរ បង្ហាញថា នាង​បាន​កាន់​មាន់​ងាប់ និង​ចាប់ផ្ដើម​ឈឺ​នៅ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដោយមាន​រោគសញ្ញា​ផ្លូវដង្ហើម រួមមាន​គ្រុនក្តៅ ក្អក និង​ចេញ​កន្ទួល​ក្រហម កុមារ​ទទួល​ការព្យាបាល​ដោយ​ផ្តល់​ឱសថ​តា​មឺ​ហ្លូ (Tamiflu) និង​ត្រូវបាន​បញ្ជូនមក​ពិនិត្យ​ព្យាបាល​និង​ថែទាំ​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្តកំពត​នៅ​ថ្ងៃទី ​២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។ បច្ចុប្បន្ន​អ្នកជំងឺ​កំពុង​ទទួលបាន​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​៕