ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំឱ្យមានការហែក្បួនព្យុះហយាត្រាកាន់បដាផ្សព្វផ្សាយ ពីផលប៉ះពាល់គ្រឿងញៀន នៅតាមច្រកល្ហកដែលមានប្រជាពលរដ្ឋចេញចូលច្រើន ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ នេះបើតាម លោក មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ។ 


លោកបន្ថែមថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាកិច្ចការងារមួយដែលត្រូវយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ចៀសចាកឆ្ងាយពីបញ្ហាគ្រឿងញៀន។

សម្រាប់ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំសកម្មភាពជាកញ្ចប់មួយពាក់ព័ន្ធនឹងការផ្សព្វផ្សាយគោលនយោបាយជាតិ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើឱ្យប្រជាពលរដ្ឋបដិសេធ និងនៅឆ្ងាយពីគ្រឿងញៀន។ 


លោកអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយនឹង អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរដែលមានការពាក់ព័ន្ធក្នុងការបដិសេធបញ្ហាគ្រឿងញៀន ផងដែរ។ 

លោកថ្លែងថា៖«ក្នុងឱកាសនេះយើងមានរៀបចំជាព្យុះហយាត្រា ឬក៏ក្បួនដើរ ដែលកាន់បដាសំដៅធ្វើឱ្យអ្នកដែលចូលរួមទាំងអស់ មានការចាប់អារម្មណ៍ ទាក់ទាញអារម្មណ៍ ពីសារអប់រំទាក់ទងនិងផលប៉ះពាល់គ្រោះថ្នាក់ ដែលបណ្តាលមកពីគ្រឿងញៀន»។ 


លោក មាស វីរិទ្ធ បញ្ជាក់ថា ក្បួនព្យុះហយាត្រានេះមានការចូលរួមពីក្រុមយុវជន កាកបាទក្រហមកម្ពុជា ក្រុមយុវជនកាយរិទ្ធ និងក្រុមអង្គការសង្គមស៊ីវិល រួមជាមួយមន្ត្រីរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើការហែក្បួនតាមដងផ្លូវ ដែលមានប្រជាពលរដ្ឋចូលរួម សំដៅធ្វើឱ្យប្រជាពលរដ្ឋ បានយល់ជ្រួតជ្រាប និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ពេលត្រឡប់ទៅវិញអាចនិយាយនិងផ្សព្វផ្សាយបន្ត ពីគ្រោះថ្នាក់ និងផលប៉ះពាល់គ្រឿងញៀន។ ជាមួយគ្នានោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏មានការចែកខិត្តបណ្ណ ចងបដាអប់រំ និងពាក្យស្លោក ពាក់ព័ន្ធគ្រឿងញៀន ផងដែរ៕