សៀមរាបៈ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទៅទស្សនាប្រាសាទអង្គរ ថ្ងៃទី២៧ ខែវិច្ឆិកា ត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ 


តាមរយៈហ្វេសប៊ុកផេក មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ បានបង្ហោះពីរូបភាពភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករដើរមើលកម្សាន្តនៅប្រាសាទអង្គរ ខណៈពិធីប្រណាំងទូក ក៏កំពុងប្រព្រឹត្តទៅនៅទីនោះផងដែរ។

រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា នៅវេទិកាបុណ្យអុំទូក នៃដងស្ទឹងសៀមរាប បានរៀបចំពិធីក្រុងពលីបួងសួង ដើមី្បសុំនូវសេចក្តីសុខ ក្នុងការរៀបចំធ្វើការប្រកួតប្រណាំងទូក នៅតាមបណ្តោយស្ទឹងប្រវត្តិសៀមរាប ឱ្យប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្ត សប្បាយរីករាយ។


ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទៅទស្សនាប្រាសាទអង្គរ នៅថ្ងៃទី០២ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ រូបថត ឃុត សៅ / AKP

លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យអុំទូកនេះ ជាការលើកកម្ពស់នូវវិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ក្រោយពេលខេត្តទទួលបានផ្លូវ ៣៨ ខ្សែ និង អាកាសយានដ្ឋានថ្មី ធ្វើឱ្យមានភ្ញៀវ ចូលមកកាន់ខេត្តសៀមរាប កាន់តែមានភាពប្រសើរឡើង។  


នាយករដ្ឋបាលសាលាខេត្តសៀមរាប បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរបរទេស មកចូលរួមកម្សាន្តសប្បាយនៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក នៅដងស្ទឹងប្រវត្តិសាស្ត្រនេះ ឱ្យបានច្រើនបន្ថែមទៀត និង រួមចំណែក ថែរក្សានូវអនាម័យ បរិស្ថាន និង គោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់សុវត្ថិភាព។ 

លោកបានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកនេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា មានរៀបចំនូវកន្លែងសប្បាយៗ ជូនដល់បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងសប្បាយ និងបានទស្សនាកម្សាន្ត នូវការប្រគំតន្ត្រីល្បែងរបាំប្រពៃណី និង ការតាំង ពិព័រណ៍ភូមិមួយផលិតផលមួយរបស់ខេត្ត ព្រមទាំងមានការជិះទូកទស្សនាកម្សាន្តនាពេលរាត្រីតាមដងស្ទឹងសៀមរាប ផងដែរ៕