តាកែវៈ រដ្ឋបាលខេត្តតាកែវ បានរៀបចំប្រារព្ធពិធីប្រណាំងទូកចំនួន ១៤ ទីតាំង នៅទូទាំងខេត្ត រួមមាន នៅស្រុកសំរោង ស្រុកបាទី ស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតព្រះទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវច្ឆិកានេះ។ 


រដ្ឋបាលខេត្តតាកែវបានឱ្យដឹងថា អាជ្ញាធរខេត្ត បានបំផុសចលនា ដល់រដ្ឋបាលស្រុកសំរោង រដ្ឋបាលស្រុកអង្គរបូរី រដ្ឋបាលស្រុកបាទី និង រដ្ឋបាលស្រុកព្រៃកប្បាស នៃខេត្តតាកែវ រៀបចំពិធីប្រណាំងអុំទូក ចំនួន ១៤ ទីតាំង រួមមាន៖ រដ្ឋបាលស្រុកសំរោងមានចំនួន ៦ ទីតាំង ដែលមានទីតាំងទី១ នៅវត្តអង្គជុំ ឃុំខ្វាវ មាន ២០ ក្រុមចូលរួមប្រកួត មកពីខាងស្រុកបាទី ស្រុកកងពិសី និងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កម្លាំងកីឡាករចូលរួម ៤៦០ នាក់។

ចំណែកទីតាំងទី២ នៅទំនប់ទឹកសូរហង្ស ឃុំជំរះពេន មានក្រុមកីឡាករ ៣ឃុំ ចូលរួមប្រកួត មាន ឃុំជំរះពេន ឃុំខ្វាវ និងមកពីខាងឃុំត្រពាំងក្រសាំង ស្រុកបាទី មាន ១០ ក្រុម ដែលមានកីឡាករ ១៦០ នាក់។ ទីតាំងទី ៣ នៅអាងទឹក ភូមិព្រៃស្នួល ឃុំ រវៀង មានក្រុមកីឡាករ ១០ ក្រុម ចូលរួមប្រកួត អុំជាទូកស្មាច់។


រីឯទីតាំង ទី ៤ នៅទំនប់ទឹកអង្គចង្អេរ ឃុំជើងគួន និង ឃុំស្លា មានកីឡាករ ១០ ក្រុម ចូលរួមប្រកួត ដែលមកពីខាងឃុំស្លា និងឃុំជើងគួន សរុបកីឡាករ ១៥០ នាក់។ ទីតាំង ទី៥ នៅទំនប់ទឹកត្នោតទេរ ឃុំទ្រា មានកីឡាករ ៤ក្រុម ចូលរួមប្រកួត និងទីតាំង ទី៦ នៅទំនប់ទឹកឈូកស ឃុំសឹង្ហ មានកីឡាករ ៤ក្រុម ចូលរួមប្រកួត ក្នុងនោះមានក្រុមកីឡាករនារី ចំនួន ២ទូក។


រដ្ឋបាលខេត្តតាកែវបញ្ជាក់ថា៖«សម្រាប់ស្រុកសំរោង ដែលបានរៀបចំការប្រណាំងទូកចំនួន ៦ ទីតាំងខាងលើនេះ គឺរៀបចំ រយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣»។

ដោយឡែក ការប្រណាំងទូកនៅ រដ្ឋបាលស្រុកអង្គរបូរី មានចំនួន ៣ទីតាំង គឺ នៅវត្តកំពង់ហ្លួង ឃុំអង្គរបូរី វត្តកោះ ឃុំបាស្រែ និង ទំនប់ព្រែកច្រាច់ ឃុំពន្លៃ មានរយៈពេល ៣ ថ្ងៃ គឺថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំណែក រដ្ឋបាលស្រុកបាទី មានចំនួន ៣ទីតាំងគឺ  នៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ នៅភូមិត្រពាំងយោង ឃុំពារាម និង នៅភូមិត្រាំខ្នារ ឃុំសូរភី រយៈពេល ៣ថ្ងៃ ដូចគ្នា។ 

រីឯរដ្ឋបាលស្រុកព្រៃកប្បាស មានការប្រណាំងទូកចំនួន ២ ទីតាំង គឺ ទី១ នៅវត្តចារ ឃុំចារ និងទី២ស្ថិតនៅវត្តកំពែង ឃុំកំពែង។

រយៈពេល៣ថ្ងៃ ពីទី២៦ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ រដ្ឋបាលខេត្តនេះ បានអំពាវនាវដល់បងប្អូនសាធារណជនទាំងអស់ ចូលរួមទស្សនាដោយសេរី ឱ្យបានច្រើនកុះករ៕