រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានវាយតម្លៃខ្ពស់ដល់ក្រុមគ្រូពេទ្យប្រចាំការ ក្រុមរថយន្តគិលានសង្រ្គោះ ដែលបានបំពេញការងារក្នុងរយៈពេល ៣ថ្ងៃនេះ បានយ៉ាងល្អប្រសើរនៃព្រះរាជពិធីបុណ្យអុំទូក ខណៈរយៈពេល ២ថ្ងៃនៃពិធីនេះ បុគ្គលិកសុខាភិបាលផ្តល់សេវាជូនពលរដ្ឋជាង ៣ពាន់នាក់ដែលមានអាការៈក្តៅខ្លួន ឈឺពោះ និងឈឺក្បាល ជាដើម។
ការវាយតម្លៃនេះ ធ្វើឡើងអំឡុងពេលលោក ឈាង រ៉ា ដឹកនាំមន្រ្តីសុខាភិបាល អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាល ដែលបានចូលរួមលះបង់ពេលវេលា ទាំងកម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋដោយប្រសិទ្ធភាពខ្ពស់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅវេលាម៉ោង ៨ព្រឹក នាថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ ២០២៣។
ក្នុងឱកាសនោះលោក ឈាង រ៉ា បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមគ្រូពេទ្យប្រចាំការ ក្រុមរថយន្តគិលានសង្រ្គោះ ដែលបានបំពេញការងារក្នុងរយៈពេល៣ថ្ងៃនេះបានយ៉ាងល្អប្រសើរ ខណៈលោកក៏បានស្នើឱ្យមន្រ្តីសុខាភិបាលទាំងអស់យកចិត្តទុកដាក់ និងខិតខំបន្តទៀតក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូកនេះ។
លោកក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យប្រចាំការ និងក្រុមគិលានសង្រ្គោះដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ចូលរួមបំពេញភារកិច្ច ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋនាឱកាសដ៏វិសេសវិសាលនេះ។
លោករដ្ឋមន្រ្តីបានរំឭកបន្ថែមអំពីសារៈសំខាន់ និងអត្ថន័យនៃការជួយសង្រ្គោះអាទិភាព មានចំនួន ៤ពណ៌ ដែលក្រុមគិលានសង្រ្គោះត្រូវយកចិត្តទុកដាក់ក្នុងការជួយដល់ជនរងគ្រោះ ដើម្បីបង្កើនប្រសិទ្ធភាពថែមទៀតលើការងារជួយសង្រ្គោះ នៅតាមពិធីបុណ្យជាតិធំៗ ដែលមានមនុស្សច្រើន និងករណីមានការកើតឡើងជាយថាហេតុណាមួយ។
ចំណែក លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងថា សម្រាប់ឆ្នាំនេះក្រសួងបានដាក់ស្តង់សុខភាព ដើម្បីផ្តល់សេវា និងការពារសុខភាពជូនពលរដ្ឋរហូតដល់ ១៥កន្លែង និងមានរថយន្តចល័ត ដែលមានលទ្ធភាពពិនិត្យ និងព្យាបាលដូចស្តង់ផងដែរ។ លោកបន្ថែមថា អ្វីដែលសង្កេតឃើញសកម្មភាពរយៈពេល២ថ្ងៃមកនេះ ឃើញពលរដ្ឋដែលចូលរួមដើរកម្សាន្តបុណ្យអុំទូកមានសុខភាពល្អធម្មតា គ្រាន់តែពលរដ្ឋខ្លះមានបញ្ហាសុខភាពតិចតួចដូចជាក្តៅខ្លួន ឈឺក្បាល និងឈឺពោះជាដើម។
លោកថ្លែងថា៖«តាមរបាយការណ៍ដែលខ្ញុំទទួលបានរយៈពេល២ថ្ងៃពោលថ្ងៃទី ២៥និង ២៦ យើងបានផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋជាង ៣ពាន់នាក់។ ក្នុងនោះយើងបានដាក់បុគ្គលិកសុខាភិបាលជាង២ពាន់នាក់ផងដែរ ដើម្បីផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាពជូនពលរដ្ឋ»។
ជាមួយគ្នានេះលោក ង៉ូវ កាង បានអំពាវនាវដល់ស្តង់លក់ចំណីអាហារ ធ្វើម៉េចរៀបចំឱ្យបានស្អាត លក់ដូរប្រកបដោយអនាម័យ និងដាក់ចំណីអាហារដែលមិនទាន់ចម្អិនរួចដាច់ដោយឡែកពីគ្នា ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកបរិភោគ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានុសង្រ្គោះ សរុបចំនួន ៧០គ្រឿង ដែលមានរថយន្តប្រចាំការតាមគោលដៅ ចំនួន ៥០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ៤គ្រឿង និងជម្រកតង់ពិនិត្យសុខភាពដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង។ ដោយឡែកនៅទីស្តីការក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន ២០គ្រឿង ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត៕