ក្រុម​អង្គការសង្គមស៊ីវិល ២០ស្ថាប័ន ដែល​ធ្វើ​ការ​លើ​វិស័យ​សិទ្ធិមនុស្ស សិទ្ធិការងារ និង​សង្គម ស្នើឱ្យរាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ចាត់​នូវ​វិធានការ​ឆ្លើយតប​តម្រូវ​ការ​ចាំបាច់​ជា​អាទិភាព​របស់​ស្ដ្រី​ក្នុងការ​លុប​បំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​ស្ដ្រី និង​ក្មេង​ស្រី។


ការស្នើបែបនេះធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលរួមមាន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសមាគមធាងត្នោត សហព័ន្ធសហជីពកម្ពុជា អង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា អង្គការលីកាដូ និងអង្គការក្លាហានជាដើម ដែលបានរៀបចំយុទ្ធនាការ ១៦ថ្ងៃ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ គ្មានអំពើហិង្សាលើស្ដ្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា ឆ្លៀតក្នុងឱកាសប្រារព្ធយុទ្ធនាការ ១៦ថ្ងៃនេះ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានអំពាវនាវឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ជាពិសេសក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាត់វិធានការក្នុងការឆ្លើយតបជាអាទិភាពចំពោះតម្រូវការចាំបាច់ និងបន្ទាន់របស់ស្ដ្រីក្នុងការលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់លើស្ដ្រី និងក្មេងស្រី ដើម្បីសម្រេចបាននូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈការអនុវត្តច្បាប់ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិនានា។

ក្រុមអង្គការសង្គមស៊ីវិលបញ្ជាក់ថា៖ «រយៈពេល ៣០ឆ្នាំកន្លងមកនេះ យើងខ្ញុំទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិស្ដ្រី និងសមភាពយេនឌ័រ ប៉ុន្តែយើងខ្ញុំសង្កេតឃើញថាការរើសអើងមកលើស្ដ្រីនៅតែបន្តកើតមានឡើងស្ទើរតែគ្រប់វិស័យ គ្រប់ទម្រង់ និងគ្រប់ទីកន្លែង ដែលមានដូចជា ការប្រើអំពើហិង្សាផ្អែកលើយេនឌ័រមកលើស្ដ្រី និងក្មេងស្រី និងក្រុមអ្នកស្រលាញ់ភេទដូចគ្នា ការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងមកលើសកម្មជនស្ដ្រីដែលជាតំណាងអង្គការសង្គមស៊ីវិល សហជីព សកម្មជនដីធ្លី និងសកម្មជននយោបាយគ្រប់រូបភាពជាដើម»។


បើតាមប្រភពដដែលបានលើកឡើងថា ដូច្នេះក្នុងនាមជាអង្គការសង្គមស៊ីវិល ដែលធ្វើការដោយផ្ទាល់ជាមួយកម្មករ និងប្រជាពលរដ្ឋដែលមានបញ្ហា សូមលើកយកតម្រូវការ និងដំណោះស្រាយជាអាទិភាពមួយចំនួន មកបង្ហាញទៅដល់រាជរដ្ឋាភិបាល ដើម្បីចាត់វិធានការក្នុងការឆ្លើយតប។


តម្រូវការអាទិភាពទាំងនោះរួមមាន ស្នើឱ្យរាជរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាព និងតឹងរ៉ឹងចំពោះអំពើហិង្សា និងការបៀតបៀន គ្រប់ទម្រង់មកលើស្ដ្រី ដោយគ្មានការលើកលែង។ ស្នើឱ្យរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារបច្ចុប្បន្ន និងបង្កើតឱ្យមានជម្រកសុវត្ថិភាពសម្រាប់ស្ដ្រីរងគ្រោះដោយសារអំពើហិង្សាលើគ្រប់វិស័យ។

ក្រុមអង្គការសង្គមស៊ីវិលបន្ថែមថា ក្រៅពីនេះទៀតក៏ស្នើឱ្យរាជរដ្ឋាភិបាលចាត់វិធានការរដ្ឋបាលជាក់លាក់ និងបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ដ្រីអ្នកការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិបរិស្ថាន និងសិទ្ធិការងារ ហើយនិងស្នើឱ្យដាក់បញ្ចូលក្រុមកសិករទៅក្នុងច្បាប់ស្តីពីកិច្ចគាំពារសង្គមផងដែរ។

ដោយឡែក ក្រសួងកិច្ចការនារី កាលពីថ្ងៃទី២៥ ខែវិច្ឆិកានេះ ក៏បានរៀបចំប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី» ក្នុងគោលបំណង ចូលរួមទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រីគ្រប់រូបភាព ដើម្បីលើកកម្ពស់ភាពសុខដុមរមនា និងភាពរុងរឿងក្នុងគ្រួសារ សហគមន៍ សង្គម និងនៅកន្លែងធ្វើការងារ។ នៅក្នុងសកម្មភាពនៃយុទ្ធនាការនេះ ក្រសួងបានប្រារព្ធធ្វើជាសកល ដែលមានសកម្មភាពសំខាន់ៗជាច្រើនដូចជា ការបំពាក់បូពណ៌ស ការដើរក្បួនតាមទីសាធារណៈ ការចែកចាយសម្ភារអប់រំ ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម វិទ្យុ ទូរទស្សន៍ និងការសម្តែងសិល្បៈជាដើម។

ក្រសួងកិច្ចការនារី បញ្ជាក់ថា៖ «ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី អាចធ្វើទៅបាន លុះត្រាតែយើងទាំងអស់គ្នារួមគ្នាធ្វើ»។

យោងតាមរបាយការណ៍សមិទ្ធផលការងាររបស់ក្រសួងកិច្ចការនារីរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨-២០២២ បានបង្ហាញថា ស្រ្ដីរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រ មានចំនួន ២ ៥៦៣ ករណី បានទទួលសេវាប្រឹក្សាយោបល់ ផ្នែកច្បាប់ ផ្លូវចិត្ត អន្តរាគមន៍ និងតាមដានការប្រកាសសាលក្រម ដោយផ្ទាល់ និងតាមរយៈអនឡាញ ផ្ដល់ដោយពីក្រសួងកិច្ចការនារី និងអង្គការដៃគូ។

ចំពោះស្ដ្រី និងក្មេងស្រី ដែលរងគ្រោះដោយសារអំពើហិង្សា នៅទូទាំង២៥ រាជធានីខេត្ត មានចំនួន៥៥២ករណី គឺត្រូវបានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី បានផ្ដល់សេវាជំនួយផ្នែកច្បាប់ដោយមិនគិតកម្រៃ៕