លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា លោកមិនសូវមានការព្រួយបារម្ភច្រើនឡើយពីបញ្ហានិងហានិភ័យគ្រឿងញៀនដែលអាចកើតមាននៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក នាភូមិសាស្ត្ររាជធានីភ្នំពេញនេះ ប៉ុន្តែសមត្ថកិច្ចនិងមន្ត្រីជំនាញនៅតែយកចិត្តទុកដាក់បង្ក្រាបនិងទប់ស្កាត់គ្រឿងញៀននៅតាមមូលដ្ឋាននិងគោលដៅរៀងៗខ្លួន។
លោកថ្លែងបែបនេះ តាមរយៈការផ្តល់បទសម្ភាសជូនទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាឆ្នាំ២០២៣ នៅបរិវេណខាងមុខព្រះបរមរាជវាំង។
លោកមាស វិរិទ្ធ អះអាងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនមានក្តីបារម្ភចំពោះហានិភ័យគ្រឿងញៀននៅទីតាំងមនុស្សកុះករនៅអំឡុងពិធីបុណ្យអុំទូក ជាពិសេសនៅភូមិសាស្រ្តរាជធានីភ្នំពេញដោយសារប្រជាពលរដ្ឋដើរកម្សាន្តក្នុងន័យបង្កើតបរិយាកាសសប្បាយរីករាយ។
ទោះជាយ៉ាងណា លោកថា មន្ត្រីនិងសមត្ថកិច្ចនៅតែបង្កើនការយកចិត្តទុកបង្ការនិងទប់ស្កាត់ការជួញដូរ ចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀនដដែលនៅតាមមូលដ្ឋាន និងគោលដៅរៀងៗខ្លួន ជាពិសេសការទប់ស្កាត់នូវលំហូរគ្រឿងញៀនតាមរយៈច្រកព្រំដែនដើម្បីកាត់ផ្តាច់ទីផ្សារគ្រឿងញៀនចូលមកកម្ពុជា។
លោកបន្តថា៖«រាជរដ្ឋាភិបាល ជាពិសេសប្រមុខអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោកនេត សាវឿន អំពាវនាវឱ្យប្រជាពលរដ្ឋចួលរួមសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលពលរដ្ឋអាចរាយការណ៍មកកាន់សមត្ថកិច្ច ពេលឃើញមានបទល្មើសគ្រឿងញៀនតាមរយៈប្រព័ន្ធ Hotline លេខ ១២៣៣ ដោយឥតគិតថ្លៃពីគ្រប់ប្រព័ន្ធទូរស័ព្ទចល័ត»។
លោកគូសបញ្ជាក់ថា បញ្ហាប្រឆាំងបទល្មើសគ្រឿងញៀននេះ ទាមទារជាចាំបាច់នូវការចូលរួមពីរង្វង់ប្រជាពលរដ្ឋក្រោមពាក្យស្លោក ៣កុំ ១រាយការណ៍ ហើយដែលសហគមន៍អាចសុខសាន្តទៅបានលុះត្រា គ្មានក្មេងទំនើង គ្មានបងតូចបងធំ គ្មានការជួញដូរ និងប្រើប្រាស់សារធាតុញៀន។
លោកបន្ថែមថា បញ្ហាគ្រឿងញៀនជារឿងសំខាន់មួយដែលរដ្ឋាភិបាលមានគោលដៅឱ្យប្រជាពលរដ្ឋចៀសឆ្ងាយពីគ្រឿងញៀន ដែលលោកបានផ្តាំផ្ញើឱ្យពលរដ្ឋបដិសេធនិងឆ្លើយថាទេចំពោះគ្រឿងញៀនដើម្បីជោគវាសនាជាតិនិងអ្នកជំនាន់ក្រោយ ខណៈរដ្ឋាភិបាលបានខិតខំស្វែងរកសន្តិភាពជូនរួចហើយ។
គួរបញ្ជាក់ថា ក្នុងព្រះរាជពិធីពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំក្បួនព្យុះហយាត្រាផ្សព្វផ្សាយអប់រំពីឥទ្ធិពលគ្រឿងញៀនដល់សាធារណជនដែលដើរលេងកម្សាន្តនៅបរិវេណមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលមានរៀបចំប្រណាំងទូក។ ក្បួននេះដឹកនាំដោយលោកមាស វិរិទ្ធ សហការជាមួយយុវជនកាយរិទ្ធ និងកាកបាទក្រហមកម្ពុជា អង្គការកសាង ខាណា និងHACC។
សារក្នុងក្បួននេះមានដូចជា ការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់, ប្រើប្រាស់គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លារបស់យុវវ័យ និងអ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការតាមដាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនដែលអាចកើតមានជាយថាហេតុដោយសារឧក្រិដ្ឋជនអាចនឹងឆ្លៀតឱកាសប្រើប្រាស់ព្រះពិធីបុណ្យអុំទូកនេះដើម្បីចរាចរណ៍គ្រឿងញៀន ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ លោកបន្តថា៖«ជាទូទៅ យើងឃើញថាការយកចិត្តទុកដាក់លើសណ្តាប់ធ្នាប់ ចរាចរណ៍អី អាជ្ញាធរបានខិតខំពង្រឹង ប៉ុន្តែដោយឡែក បញ្ហាគ្រឿងញៀននេះ ដូចជាមិនមានការត្រួតពិនិត្យអ្វីច្រើន និងតឹងរ៉ឹងឡើយ នៅក្នុងពិធីបុណ្យនេះ ។
ជាមួយគ្នានេះលោក គិមអេង អំពាវនាវដល់អាជ្ញាធរបង្កើនការយកចិត្តទុកដាក់លើការត្រួតពិនិត្យឱ្យបានហ្មត់ត់ចត់ចំពោះបញ្ហាគ្រឿងញៀន កុំឱ្យឧក្រិដ្ឋជនអាចឆ្លៀតចែកចាយគ្រឿងញៀនបាន ចៀសវាងបង្កបញ្ហាទៅថ្ងៃក្រោយ៕