ភ្នំពេញៈ លោក ឈាង រ៉ា រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល បាន​ជួប​សំណេះ​សំណាល និង​ថ្លែង​អំណរ​គុណដល់​មន្រ្តី​សុខាភិបាល​ប្រចាំការ ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ នា​ឱកាស​ព្រះ​រាជ​ពិធីបុណ្យអុំទូក ថ្ងៃ​ចុងក្រោយ និង​បាន​ស្នើ​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ យក​ចិត្ត​ទុក​ដាក់​បន្ថែមទៀត​ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ។


ក្នងឱកាសសំណេះសំណាលនោះដែរ លោករដ្ឋមន្រ្តីសុខាភិបាល បានរំឭកអំពីសារៈសំខាន់ និងអត្ថន័យនៃការជួយសង្រ្គោះអាទិភាព មានចំនួន ៤ពណ៌ ដែលក្រុមគិលានសង្រ្គោះ ត្រូវយកចិត្តទុកដាក់ក្នុងការជួយដល់ជនរងគ្រោះ ដើម្បីបង្កើនប្រសិទ្ធភាពថែមទៀតលើការងារជួយសង្រ្គោះ នៅតាមពិធីបុណ្យជាតិធំៗ ដែលមានមនុស្សច្រើន និងករណីមានការកើតឡើងជាយថាហេតុណាមួយ។

លោកក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យប្រចាំការ និងក្រុមគិលានសង្រ្គោះដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ចូលរួមបំពេញភារកិច្ច ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋនាឱកាសដ៏វិសេសវិសាលនេះ។ ជាមួយគ្នានោះលោកបានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវសុខភាពល្អ និងសប្បាយរីករាយ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែងអកអំបុក នេះ។


គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានុសង្រ្គោះ សរុបចំនួន ៧០គ្រឿង ដែលមានរថយន្តប្រចាំការតាមគោលដៅ ចំនួន ៥០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ៤គ្រឿង និងជម្រកតង់ពិនិត្យសុខភាពដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង។ ដោយឡែកនៅទីស្តីការក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន ២០គ្រឿង ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត៕