​ភ្នំពេញៈ​ និយត​ករ​ទូរគម​នាគ​មន៍​ក​ម្ពុ​ជា ​(​ន​.​ទ​.​ក​.)​ ចាប់​ផ្ដើម​ពង្រឹង​យុទ្ធនា​​ការ​ចុះ​រុះរើ​ឧប​ករណ៍​បង្កើន​កម្លាំងឬ​ឧប​ករណ៍​ពង្រីក​សេវា​នៅ​តាម​បុរី​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​ដោយ​តម្រូវ​ឱ្យ​ម្ចាស់​អភិ​វឌ្ឍ​ន៍បុរី​ចាត់វិ​ធាន​ការ​តាម​គ្រប់​មធ្យោ​បាយ​ក្នុង​ការ​រុះ​រើ ​ដក​ចេញ​ឧប​ករណ៍​ទាំង​នោះ​ឱ្យ​បាន​មុន​ថ្ងៃទី​ ១០​ ខែធ្នូ​ ឆ្នាំ ​២០២៣​។​


​តាម​រយៈ​លិខិត​របស់​និយត​ករ​ទូរ​គមនា​គមន៍​ក​ម្ពុ​ជា​ផ្ញើ​ជូន​ប្រធាន​ក្រុមកា​រងារ​លើក​កម្ពស់​គុណ​ភាព​សេវា​ទូរគម​នាគមន៍​នៅ​តាម​បុរី​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃទី​ ២៨ ​ខែវិច្ឆិកា និង​ចុះហត្ថ​លេខា​ដោយ​លោក ជា ច័ន្ទ​ដារ៉ា អនុ​ប្រធាន​ក្រុម​ការងារ​លើក​កម្ពស់​គុណ​ភាព​សេវា​តាម​បុរី​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យដឹង​ថា ​ប្រតិ​បត្តិ​ករ​បង្គោល​អង់​តែ​ន និង​ទូរ​ស័ព្ទ​ចល័ត បាន​សាង​សង់​បង្គោល​អង់​តែ​ន​និង​ដាក់​ឱ្យ​ដំណើរ​ការ​រួចរាល់​ហើយ​គិត​ត្រឹម​ថ្ងៃទី​១៥ ​ខែវិច្ឆិកា ឆ្នាំ​២០២៣​។ 

​លោក ​ជា ច័ន្ទដារ៉ា បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​នោះ​ថា ដើម្បី​ចៀស​វាង​ការឆ្ល​ង​រំខាន​ដែល​ធ្វើ​ឱ្យប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កម្រិត​គុណ​ភាព​សេវា​ទូរ​ស័ព្ទ​ចល័ត ន​.​ទ​.​ក​. សុំ​ស្នើ​ដល់​ប្រធាន​ក្រុម​ការងា​រ ជូន​ដំណឹង​ទៅ​ម្ចាស់​អភិ​វឌ្ឍន៍​បុរី​ឱ្យ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​បុរី​ឱ្យ​រុះរើ ​ដក​ចេញ និង​បញ្ឈប់​ការ​ប្រើ​ប្រាស់​ឧប
ក​រណ៍​បង្កើន​កម្លាំង​សេវា​និង​/ឬ​ឧបក​រណ៍​ពង្រីក​សេវា (Booster/Repeater) ឱ្យអស់​ដោយ​ស្ម័គ្រ​ចិត្ត​ចាប់​ពី​ថ្ងៃទី​២០ ​ដល់​ថ្ងៃទី៣០ ​ខែវិច្ឆិកា ឆ្នាំ​២០២៣​។ 


​លោក​បាន​បញ្ជាក់ថា​​៖«​ក្នុង​ករណី​ការអនុ​វត្ត​ដោយ​​ស្ម័គ្រចិត្ត​នេះ​ពុំមាន​ប្រសិទ្ធ​ភាព​ ម្ចាស់​អភិវឌ្ឍន៍​បុរី​ត្រូវ​ចាត់​វិធាន​ការ​តាម​គ្រប់​មធ្យោ​បាយ​ក្នុងការ​រុះរើ ​ដក​ចេញ និង​បញ្ឈប់​ការប្រើ​ប្រាស់​ឧបករ​ណ៍​ទាំងនេះ​​នៅក្នុ​ង​បរិវេណ​បុរី​របស់ខ្លួ​ន​ឱ្យ​បាន​មុន​ថ្ងៃទី​១០ ​ខែធ្នូ​ ឆ្នាំ​២០២៣»​។​

​ដោយ​ឡែក​បណ្តា​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរ​ស័ព្ទ​ចល័ត​នឹងធ្វើ​ការ​កែស​ម្រួល​ទៅ​លើ​បណ្តាញ​របស់​ខ្លួន​ដើម្បី​បញ្ចប់​គម្រោង​ទៅ​តាម​ផែន​ការ​ចាប់​ពី​ថ្ងៃទី​១០ ​ដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​។​


​ជុំវិញ​រឿង​នេះ​លោក ​ជា វ៉ាន់​ដេ​ត រដ្ឋ​ម​ន្ត្រីក្រសួង​ប្រៃសណី​យ៍និង​​ទូរគ​មនាគ​មន៍(​ក​.​ប​.​ទ​.)​នៅក្នុង​ពិធី​សំណេះ​សំណាល​​ជា​មួយ​និស្សិត​ទទួល​បាន​អាហា​រូបកណ៍​សិក្សា​នៅ​មជ្ឈមណ្ឌ​ល​នវានុវត្តន៍​នៃ​បណ្ឌិត្យស​ភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា​កាល​ពីស​ប្តា​ហ៍​មុន​បាន​លើក​ឡើង​ដែរ​ថា វឌ្ឍន​ភាព​ការងារ​របស់​ក្រសួង​បានធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការងារ​មាន​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស ​និង​ដាក់ឱ្យ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជី​ថល ​ដើម្បី​ជំរុញ​ប្រសិទ្ធ​ភាព​ការងារ​។ 

​លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​កា​ររៀបចំ​ហេ​ដ្ឋារច​នាសម្ព័ន្ធ​ត​ភ្ជាប់​ឌីជីថល ​ការលើក​កម្ពស់​គុណ​ភាព​សេវា​ទូរ​ស័ព្ទ​ចល័ត​តាម​រយៈ​ការ​សាង​សង់​ស្ថានីយ​អង់​តែ​ន ការ​ធ្វើ​ឱ្យ​សេវា​ទូរគម​នាគមន៍​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​តម្រូវ​ការ​ប្រើ​ប្រាស់​ ការធ្វើ​បរិវត្ត​កម្ម​ឌីជី​ថល​ក្នុង​ក្រសួង​-​ស្ថាប័ន​ និង​ការក​សាង​ពល​រដ្ឋ​ឌីជី​
ថ​ល​។​

​លោក​ ជា វ៉ាន់​ដេ​ត​ បាន​បញ្ជាក់ថា​៖ «​ក្រសួង​មាន​ផែនការ​សាង​សង់​បង្គោល​អង់​តែ​ន​នៅ​រាជ​ធានី​ភ្នំពេញ​ប្រមាណ​១​ពាន់​បង្គោល​ និង​រាប់​ពាន់​បង្គោល​ទៀត​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត ​ដើម្បី​គ្រប​ដណ្តប់​ក្នុង​ការ​ផ្តល់សេ​វា​ទូរ​ស័ព្ទ​ជូន​ពល​រដ្ឋ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​»​។​

​សូម​ជម្រាបជូន​ថា ​ដើម្បី​ចៀស​វាង​ការឆ្លង​រំខាន ​ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​គុណ​ភាព​សេវា​ទូរ​ស័ព្ទ​ចល័ត ក្រសួង​ប្រៃ​សណី​យ៍ បាន​ធ្វើ​យុទ្ធនា​ការចុះ​រុះរើ ​បញ្ឈប់​ការ​ប្រើប្រា​ស់​ឧបក​រណ៍​បង្កើន​កម្លាំង ​និង​ឧបក​រណ៍​ពង្រីក​សេវា ​ជា​បន្ត​បន្ទាប់​នៅ​តាម​បុរី​ក្នុង​រាជ​ធានី​ភ្នំពេញ​។​

​មុន​នឹង​ឈាន​ដល់​ការរុះរើ​ឧបក​រណ៍​ទាំង​នេះ ក​​.​ប​.​ទ​.បាន​សម្រប​សម្រួល​ការ​ងារ​ជា​មួយ​ប្រតិ​បត្តិ​ករ​ទូរគ​មនាគមន៍ ដោយ​បាន​សាង​សង់​បង្គោល​អង់​តែ​ន​រួម​ដែល​អាច​បំពាក់​ស្ថា​នីយ​ផ្សាយ​បាន​ច្រើន​ប្រតិបត្តិ​ករសរុប​ចំនួន​៧០ បង្គោល​អង់​តែ​ន​បន្ថែម​លើ​បង្គោល​អង់​តែ​ន​ដែល​មាន​ស្រាប់ ​ដើម្បី​ផ្តល់​សេវា​ទូរ​ស័ព្ទ​ចល័ត ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​តាម​បុរី​ក្នុង​រាជ​ធានី​ភ្នំពេញ​។​

​ជា​មួយ​គ្នានេះ ​ក្រសួង​ក៏បាន​អំពាវ​នាវដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ឈប់​ប្រើ​ប្រាស់​និង​ដំឡើង​ឧបករណ៍​បង្កើន​កម្លាំង​ឬ​ពង្រីក​សេវា​នៅ​នៅ​តាម​ផ្ទះ​ដែល​នាំឱ្យ​ខាត​បង់​ថវិកា​និង​ត្រូវ​រុះរើ​ចោល​វិញ​ដោយ​ខ្លួន​ឯង​ឬ​ដោយ​ក្រុម​ការងារ​របស់​ក្រសួង​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​៕