​ភ្នំពេញៈ​ មន្ទីរ​ទេស​ចរណ៍​រាជ​ធានី​ខេត្ត​ចំនួន ​១១ ​បាន​ឱ្យដឹងថា​ នៅ​ក្នុង​រយៈពេល ​៣ ​ថ្ងៃ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ បណ្ដែត​ប្រទីប ​និង​សំពះ​ព្រះ​ខែ ​អក​អំបុក ​ពោលគឺ​ចាប់ពី​​ថ្ងៃទី ​២៦ ដល់ ​២៨​ ខែវិច្ឆិកា​ឆ្នាំ​២០២៣​ បាន​ទទួល​ភ្ញៀវ​ទេសច​រដែ​លម​ក​កម្សាន្ត​ប្រមាណ​ជា​ជិត​ ៦ ​លាន​នាក់​។​


​យោង​តាម​របាយ​ការណ៍​ពី​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំង​នេះ​បាន​បង្ហាញ​ថា ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ​ រាជធានី​ភ្នំពេញ​ទទួល​បាន​ទេសចរ​ជាតិ​ និង​អន្តរ​ជាតិ​ ជិត​៥​លាន​នាក់​,​ខេត្ត​បាត់​ដំបង​ចំនួន ​១០០ ​៥៤០នាក់​, ខេត្ត​មណ្ឌល​គិរីចំនួន​ប្រមាណ ​៣២​ ១៧០នាក់​,​ព្រះ​វិហារចំនួន​ប្រមាណ ​១២​ ៩៥០នាក់​,​ឧ​ត្ត​រ​មាន​ជ័យ ចំនួន​ប្រមាណ ​៧ ១០០នាក់ ,​កំពង់​ឆ្នាំង ​ចំនួន​ប្រមាណ ​៥២ ៥០០ នាក់​,​ពោធិ៍​សាត់​ចំនួន​ប្រមាណ ​២៩ ​៨០០នាក់​,​ខេត្ត​សៀម​រាប ចំនួន​ប្រមាណ​ ៣០​៤ ២០០​នាក់​,​កែប ​ចំនួន ​៩២​ ៧៦១​នាក់​,​កំពត ​ចំនួន​ ៨៤ ២​៣៤ នាក់ និង​ខេត្ត​ព្រះ​សីហនុ ចំនួន ​២៦​២ ៤១១​នាក់​។​

​ដោយ​សារតែ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ តាម​រយៈ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ បាន​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ​បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ ​អក​អំបុក យ៉ាង​មហោ​ឡារិក​ នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ ក្រោយ​ពី​ខក​ខាន​អស់​រយៈ​ពេល​៣ឆ្នាំ​ បាន​ធ្វើឱ្យ​រាជ​ធានី​ភ្នំពេញ​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​ច្រើន​ជាង​គេ ​ខណៈ​ដែល​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានាបាន​ឡើងមក​កម្សាន្ត​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក​នេះ​។​


​យោង​តាម​គេហ​ទំព័រ​រដ្ឋ​បាល​រាជធានី​ភ្នំពេញនៅ​ថ្ងៃទី​២៩ ​ខែវិច្ឆិ​កា បាន​បញ្ជាក់ថា ៖«​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ឆ្នាំ​២០២៣​នេះ បាន​បញ្ចប់​ទៅ​ប្រកប​ដោយ​ជោគ​ជ័យ និង​សប្បាយ​រីក​រាយ​ក្រៃ​លែង​។ ក្នុង​នាម​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​រប​ស់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​គ្រប់​លំដាប់​ថ្នាក់​ អាជ្ញា​ធរ​ដែន​ដី មន្ត្រី​សុខាភិ​បាល​គ្រប់​ជំនាញ​ និង​បុគ្គ​លិក​អនា​ម័យ​គ្រប់​គោល​ដៅ ​ដែល​បាន​លះ​បង់​ពេល​វេលា​របស់​ខ្លួន ​ដើម្បី​ការពារ​សន្តិ​សុខ សុវត្ថិ​ភាព រៀបចំ​សណ្តាប់​ធ្នាប់ ធានា​បាន​បរិ​ស្ថាន​ស្រស់​ស្អាត ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ និង​ព្រះ​រាជ​ពិធី​ទាំង​មូល​»​។ 

​ដោយ​ឡែក​នា​ខេត្ត​ព្រះ​សីហនុ លោក​តាំង សុ​ចិត្ត​គ្រឹ​ស្នា ​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ព្រះ​សីហនុ ​បាន​ឱ្យដឹង​ដែរ​ថា  ក្នុង​ថ្ងៃ​សម្រាក​ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូកចាប់​ពី​ថ្ងៃទី​២៦​ ដល់​ទី​២៨ ​ខែវិច្ឆិកា ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ​បាន​មក​ទស្សនា​លេង​កម្សាន្ដ​យ៉ាង​សប្បាយ​នៅ​ឆ្នេរ​សមុទ្រ​។​


​លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​ ២៦២ ​៤១១ ​នាក់ ​ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​២៥៥​ ២៣៣​នាក់ ​និង​ភ្ញៀវ​បរ​ទេស ​ចំនួ​ន ៧ ១៧៨ ​នាក់​ ខណៈ​ដែល​មាន​ភ្ញៀវ​ចូល​តាម​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​៦​ជើង​ ស្មើ​នឹង​ភ្ញៀវ​សរុប​២៦៦​នាក់​ផង​ដែរ​។​

​លោក​បន្ត​ថា ​ចំពោះ​ភ្ញៀវ​ទេសចរ​ ទៅ​កម្សាន្ត​តាម​កោះ​នានា​ សរុប​មាន​ចំនួន ​២ ៤៣១​នាក់ ​ក្នុង​នោះ​ភ្ញៀវ​ជាតិ​ ១ ០៦២​នាក់​ និង​ភ្ញៀវ​បរទេស១ ៣៦៩​នាក់​។​ចំណែក​ភ្ញៀវ​ទៅ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ​និង​រមណីយ​ដ្ឋាន​នានា​សរុប ​២៥៩​ ៧១៤​នាក់​។​

​លោក​តាំង​ សុ​ចិត្ត​គ្រឹ​ស្នា បាន​បញ្ជាក់​ថា ៖«​បញ្ហា​ស​ន្តិសុខ សុវត្ថិ​ភាព មាន​ភាព​ល្អ​ប្រសើរ ​ក្នុង​រយៈ​ពេល​៣​ថ្ងៃនេះ ​ដោយ​មាន​ការ​យក​ចិត្ត​ដាក់​ពី​ថ្នាក់​ដឹក​នាំ​ខេត្ត ​មាន​លោក​ គួច ចំរើន ប្រធាន​គណៈ​បញ្ជាកា​រឯក​ភាព​ខេត្ត​ព្រះ​សីហនុ សហ​ការ​ជា​មួយបញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ​កម្លាំង​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ចុះ​គោល​ដៅ​ត្រៀម​២៤​ម៉ោង​ដើម្បី​ការពារ​សន្តិ​សុខ ​សុវត្ថិ​ភាព​ រក្សា​សណ្ដាប់​ធ្នាប់ និង​សង្គ្រោះ​បន្ទាន់​ជូន​ប្រជា​ពល​រដ្ឋ ភ្ញៀវ​ជាតិ ​អន្តរ​ជាតិ​»​។​

​ចំពោះ​ខេត្ត​កំពត​វិញ លោ​ក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសច​រណ៍​ខេត្តកំ​ពត​ បាន​ប្រាប់​ថា ​ភ្ញៀវ​ទេសចរ​ជាតិ ​អន្តរជាតិ​បាន​មក​ទស្សនា​កម្សាន្ត​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំទូក​នេះ​មាន​ចំនួន ​៨៤​ ២៣៤​នាក់​នេះ​គឺមាន​ការ​កើន​ឡើង៥,៣៧​ភាគ​រយ​ បើ​ធៀប​នឹង​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០២២​។​

​លោក​បញ្ជាក់​បន្ថែម​ថា​៖«​បើ​យើង​មើល​ពី​សេវា​កម្ម​ស្នាក់​នៅ​ត្រូវ​បាន​ភ្ញៀវ​ស្នាក់​នៅ​ពេញ​ស្ទើរ ​១០០​ភាគ​រយ​ ហើយ​ពុំ​មាន​ការ​ដំឡើង​ថ្លៃ​សេវា​កម្ម ​គ្រប់​ប្រភេទ​ដែរ​។ ម្យ៉ាង​វិញ​ទៀត ស្ថាន​ភាព​ទូទៅ​តាម​រមណីយ​ដ្ឋាន​ សហ​គម​ន៍​​ ទេសចរ​ណ៍​គោល​ដៅ​ទាក់​ទាញ​ទេស​ចរ​នា​នា​បាន ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ពុំមាន​បាតុ​ភាព​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ​»​។​

​លោក​បាន​បង្ហា​ញ​ពី​ការ​រំពឹង​ទុក​ថា ​នាឱ​កាស​ឈប់​សម្រាក​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នា​ពេល​ខាង​មុខ​នេះ ​ចំនួន​ភ្ញៀវទេ​សចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​កំពត​នឹង​មាន​កំណើន​លើស​នេះ​ទៀត​។​

​លោក ហូ ​វណ្ឌី ទីប្រឹក្សា​សមា​គម​ទីភ្នាក់ងា​រ​ទេ​សចរណ៍​កម្ពុជា​ បាន​ឱ្យដឹ​ងថា ជា​ទូទៅ​ឱ្យតែ​មាន​ពិធី​បុណ្យ​ជាតិ​ធំៗទេសចរ​ជាតិ តែង​តែ​ចេញ​ដើរ​កម្សាន្ត​ ខណៈ​ដែល​ភ្ញៀវ​អន្តរ​ជាតិ​ក៏មាន​កើន​ឡើង​គួរ​ឱ្យកត់ស​ម្គាល់​ផង​ដែរ ។​

​លោក​បាន​ថ្លែង​បែប​នេះ​ថា​៖«​ពិធី​បុណ្យ​អុំទូក​ ជា​ពិធី​មួយ​ដែល​មាន​ការ​ពេញ​និយម​ ក្នុងការ​ដើរលេង​កម្សាន្ត​ ហើយ​ស្រប​ពេល​ដែល​ឆ្នាំ​នេះ ​រាជ​ធានី​ភ្នំពេញ​បាន​ប្រារព្ធ​ការ​ប្រណាំង​ទូក​ឡើង​វិញ​ទៀត ​បាន​រុញ​ចលនា​ទេសចរ​ចេញ​ដើរ​កម្សាន្ត​កាន់​តែច្រើន​ ជាពិសេស​នៅ​ភ្នំពេញ​។ យើង​ឃើញ​មាន​ទេសចរ​បរទេស​មក​ក​ម្សា​ន្ត​ច្រើន​ដែរ​ក្នុង​ពេល​៣​ថ្ងៃនេះ​ អាច​ដោយ​សារតែ​រដូវ​ High Season ផង​ក៏​ថា​បាន​ទើប​ភ្ញៀវ​អន្តរ​ជាតិ​មាន​កំណើន​បែប​នេះ​»៕